លោក សោម ស៊ីថា គឺជាអ្នកស្រាវជ្រាវរកឃើញវត្តមានកន្ធាយក្បាលកង្កែបនៅក្នុងខេត្តក្រចេះ និងស្ទឹងត្រែង។ ប្រធានគម្រោងអភិរក្សប្រចាំតំបន់ទន្លេមេគង្គនិងកោះកុងនៃអង្គការសមាគមអភិរក្សសត្វព្រៃ(WCS)រូបនេះ បានខិតខំអភិរក្សនូវធនធានធម្មជាតិ ដែលជិតផុតពូជមួយនេះ នៅតាមដងទន្លេមេគង្គ រហូតក្លាយជាបុគ្គលឆ្នើមប្រចាំឆ្នាំ២០២០-២០២១ ក្នុងកម្មវិធី«បុគ្គលឆ្នើមក្នុងការងារអភិរក្សមេគង្គ»។ កម្មវិធីនេះ បង្កើតឡើងដោយគម្រោងអច្ឆរិយភាពនៃទន្លេមេគង្គ(Wonders of Mekong)គាំទ្រដោយUSAID។
Wonders of Mekong បង្កើតកម្មវិធីបុគ្គលឆ្នើមក្នុងការងារអភិរក្សមេគង្គនេះឡើង គឺដើម្បីណែនាំបុគ្គលគំរូដែលបានសិក្សាស្រាវជ្រាវការពារ ឬលើកកម្ពស់ការយល់ដឹងអំពីប្រព័ន្ធអេកូឡូស៊ី ជីវចម្រុះ ជម្រក និងមរតកវប្បធម៌នៅតំបន់អាងទន្លេមេគង្គក្រោម។
លោក សោម ស៊ីថា ដែលជាប្រធានគម្រោងអភិរក្សប្រចាំតំបន់ទន្លេមេគង្គនិងកោះកុងនៃអង្គការសមាគមអភិរក្សសត្វព្រៃ(WCS) បានលះបង់ខ្ពស់ក្នុងការស្រាវជ្រាវរកឃើញនៃវត្តមានកន្ធាយក្បាលកង្កែប ដើម្បីអភិរក្សនិងការពាររហូតមកដល់សព្វថ្ងៃនេះ។ មិនតែប៉ុណ្ណោះលោក ស៊ីថា ក៏បានបំពេញការងារយ៉ាងសកម្មជាមួយសហគមន៍ ដើម្បីការពារសំបុកកន្ធាយក្បាលកង្កែប នៅស្រុកសៀមបូរ ខេត្តស្ទឹងត្រែង និង សំបូរ ខេត្តក្រចេះ អស់រយៈពេលជាង១០ឆ្នាំ មកនេះ។
គន្ធាយក្បាលកង្កែប។ រូបថត៖ WCS
ប្រភេទសត្វដែលជិតផុតពីដងទន្លេមេគង្គនេះត្រូវបានក្រុមការរងាររបស់លោក ស៊ីថា រកឃើញឡើងវិញនៅក្នុងឆ្នាំ២០០៧។ «ការរកឃើញវត្តមានឡើងវិញនៃគន្ធាយក្បាលកង្កែបនៅកម្ពុជានេះ គឺពិតជាអស្ចារ្យណាស់សម្រាប់ពួកយើង ព្រោះយើងគិតថា ពួកវាគឺបានផុតពូជពីស្រុកយើងហើយ។ ម្យ៉ាងវិញទៀត ក្រុមយើងបានចំណាយពេលអស់៣ឆ្នាំនៃរកឃើញពួកវាឡើងវិញ ក្នុងឆ្នាំ២០០៧ហ្នឹង»។ លោកសោម ស៊ីថា បាននិយាយប្រាប់សារព័ត៌មានថ្មីៗ(ThmeyThmey)យ៉ាងដូច្នេះ។
បន្ទាប់ពីរកឃើញឡើងវិញនៃវត្តមានកន្ធាយក្បាលកង្កែបនៅក្នុងទឹកកម្ពុជា ប្រធានគម្រោងអភិរក្សរូបនេះ ក៏បានចងក្រងជាក្រុមការងារអភិរក្ស ដើម្បីការពារសំបុកពងកូនរបស់គន្ធាយក្បាលកង្កែប ដែលមានការចូលរួមពីប្រជាសហគមន៍នៅក្នុងមូលដ្ឋានផ្ទាល់តែម្តង។ បើតាមលោក ស៊ីថា ប្រជាជនមូលដ្ឋានដែលបានចូលរួមកិច្ចអភិរក្សកន្ធាយក្បាលកង្កែបនេះ គឺសុទ្ធសឹងជាអ្នកធ្លាប់រកពងគន្ធាយក្បាលកង្កែប យកទៅហូប និងទៅលក់ជាដើម។
«សព្វថ្ងៃហ្នឹង មានប្រជាជនមូលដ្ឋាន៨នាក់ ដែលយើងកំពុងធ្វើការងារផ្ទាល់ជាមួយពួកគាត់ក្នុងការស្វែងរកសំបុកពងគន្ធាយក្បាលកង្កែបនេះ ដើម្បីអភិរក្សនូវធនធានធម្មជាតិដែលជិតផុតពូជនេះ»។ នេះជាការលើកឡើងរបស់លោក ស៊ីថា ដោយបន្តថា ប្រជាជនមូលដ្ឋាន៨នាក់នេះ ជាអ្នកជំនាញរកសំបុកពងគន្ធាយក្បាលកង្កែប ដោយទទួលបានបណ្តុះបណ្តាលបន្ថែម ពីរបៀបកត់ត្រា ថ្លឹង និងវាស់ប្រវែង របស់ពងកន្ធាយក្បាលកង្កែបនីមួយៗ ។
លោក ស៊ីថា បានបន្តនិយាយដូច្នេះ៖«ជារាល់ឆ្នាំហ្នឹង ពួកយើងរកឃើញពងកន្ធាយក្បាលកង្កែប បានយ៉ាងហោចណាស់២៦សំបុក រហូតដល់ឆ្នាំខ្លះ យើងរកឃើញបានជាង៨០សំបុក។ បើយើងគិតជាមធ្យមទៅ គឺយើងរកសំបុកពងកូនរបស់កន្ធាយក្បាលកង្កែបហ្នឹង បានជាង៥០សំបុក ក្នុងមួយឆ្នាំៗ»។
លោក សោម ស៊ីថា បុរសម្នាក់មានក្រមាចងនៅនឹងចង្កេះ។ រូបថត៖ WCS
ក្រៅពីស្វែងរកនិងអភិរក្សកន្ធាយក្បាលកង្កែបនេះ លោក សោម ស៊ីថា ក៏បានលះបង់ខ្ពស់ក្នុងការអភិរក្សអណ្តើកហ្លួង, ក្រពើត្រី និងធនធានជលផលផ្សេងៗទៀត ជាពិសេសគឺទីជម្រកព្រៃលិចទឹក នៅក្នុងអាងទន្លេមេគង្គ។
សម្រាប់កម្មវិធីបុគ្គលឆ្នើមក្នុងការងារអភិរក្សមេគង្គសម្រាប់ឆ្នាំ២០២០-២០២១ នេះ គឺជាឆ្នាំទី២ហើយ ដែលWonders of Mekong រៀបចំឡើង។ សម្រាប់ឆ្នាំនេះ ក្រៅពីលោក សោម ស៊ីថា ដែលបានជ្រើសរើស ជាបុគ្គលឆ្នើមក្នុងកិច្ចការងារអភិរក្សមេគង្គ ក៏មានមនុស្ស៥រូបទៀត ត្រូវបានជ្រើសរើសជាបុគ្គលិកឆ្នើម ក្នុងកិច្ចការងារអភិរក្សមេគង្គនេះផង។
អ្នកទាំង៥នោះ រួមមានអ្នកនាងលុយ រស្មី នាយកប្រតិបត្តិនៃសមាគមអភិរក្សវប្បធម៌ និងបរិស្ថាន, អ្នកនាងហូយ ស្រីនូវ មន្ត្រីជលផលនៃនាយកដ្ឋានអភិវឌ្ឍន៍វារីវប្បកម្មនៃរដ្ឋបាលជលផលនៃក្រសួងកសិកម្ម, អ្នកនាង ប៊ុត ចាន់មេត្តា មន្ត្រីជាន់ខ្ពស់ផ្នែកលើកកម្ពស់ចំណេះដឹង និងការបញ្ជ្រាបព័ត៌មាននៃអង្គការ WWF, លោក ហោ សំអាត អនុប្រធានគណៈកម្មាធិការសហគមន៍នេសាទស្តីក្រោមរហាលសួងក្នុងឃុំព្រែកហ្លួង ស្រុកឯកភ្នំ ខេត្តបាត់ដំបង និងលោក ឡោ គឹមសាន មន្ត្រីគម្រោងស្រាវជ្រាវនៃអង្គការ WWF កម្ពុជា៕