ភ្នំពេញ ថ្ងៃទី២៩ ខែធ្នូ ២០២០ - ក្រុមកម្ពុជា បានយកឈ្នះលើក្រុមចំនួន៧ ដែលមកពីទូទាំងតំបន់ ហើយបានក្លាយជាក្រុមជើងឯក ក្នុងការប្រកួតហ្គេម eSports ដ៏ធំបំផុតមួយប្រចាំតំបន់អាស៊ីខាងត្បូង និងអាស៊ីអាគ្នេយ៍។
នេះគឺជាលើកទីមួយហើយ ដែលក្រុមកម្ពុជា ទទួលបានជ័យជម្នះលើការប្រកួតហ្គេម eSports លើឆាកអន្តរជាតិ។ ក្រុមកម្ពុជា HMB eSports បានយកឈ្នះលើក្រុមម៉ាឡេស៊ី ក្រុមស្រីលង្ការ ក្រុមបង់ក្លាដែស និងក្រុមឥណ្ឌូណេស៊ី ហើយបានឈ្នះរង្វាន់ជាទឹកប្រាក់ចំនួន ១៥,០០០ដុល្លារសហរដ្ឋអាមេរិក ពីការប្រកួតវគ្គផ្ដាច់ព្រ័ត្រ Axiata Game Hero 2020 ជាការប្រកួតហ្គេម eSports ដ៏ធំបំផុតមួយប្រចាំតំបន់។
ហ្គេមដែលបានប្រកួត មានឈ្មោះថា Free Fire ជាហ្គេមបាញ់ប្រហារដែលផលិត និងរៀបចំក្នុងភាពជាដៃគូរវាង Garena, Techninier និង Axiata Group ព្រមទាំងក្រុមហ៊ុន Smart Axiata ផងដែរ ដែលជាប្រតិបត្តិករទូរគមនាគមន៍ឈានមុខគេនៅកម្ពុជា។
នៅវគ្គផ្ដាច់ព្រ័ត្រ (Grand Final) ក្រុម HMB eSports បានឆ្លងកាត់ការប្រកួតដ៏លំបាកមួយ ប៉ុន្តែនៅទីបំផុត សមាជិកទាំង៤នាក់របស់ក្រុម ក៏អាចយកឈ្នះការប្រកួតដោយប្រើយុទ្ធសាស្ត្រ និងជំនាញដ៏ពូកែរបស់ពួកគេ។
បេក្ខជន HMB Boy Loy ដែលមកពីក្រុមជ័យលាភី បាននិយាយថា៖ “ខ្ញុំពិតជាសប្បាយចិត្តមែនទែនដែលឈ្នះការប្រកួតនេះ។ ខ្ញុំស្ទើរតែមិនជឿសោះថា ក្រុម HMB eSports របស់កម្ពុជា អាចគ្រងដំណែងជើងឯកក្នុងការប្រកួតនេះ”។
បេក្ខជន HMB Girl Loy ដែលជាប្រធានក្រុម HMB បាននិយាយថា៖ “ខ្ញុំពិតជារំភើបខ្លាំងណាស់ ដែលក្រុមរបស់យើង ក្លាយជាក្រុមជើងឯក។ ការដែលយើងឈ្នះប្រាក់រង្វាន់នេះ គឺជារឿងដ៏គួរឲ្យរំភើបមួយហើយ ប៉ុន្តែអ្វីដែលគួរឲ្យរំភើបជាងនេះទៀតនោះ គឺយើងបានធ្វើឲ្យកម្ពុជាមានកេរ្តិ៍ឈ្មោះល្បីល្បាញលើឆាកអន្តរជាតិ”។
វគ្គផ្ដាច់ព្រ័ត្រ ដែលបានប្រព្រឹត្តទៅនាចុងខែធ្នូនេះ គឺជាវគ្គចុងក្រោយបង្អស់នៃការប្រកួតនេះ។ ការប្រកួតនេះ មានរយៈពេល១ឆ្នាំពេញដោយវគ្គជម្រុះ បានចាប់ផ្ដើមកាលពីខែមករាឆ្នាំ២០២០ ជាមួយនឹងការប្រកួតជាលក្ខណៈបុគ្គល ហើយបន្ទាប់មកគឺជាការប្រកួតជាក្រុម មុននឹងឈានដល់វគ្គប្រកួតក្រុមជម្រើសជាតិ។
វគ្គផ្ដាច់ព្រ័ត្រ មានការចូលរួមពីក្រុមចំនួន៨ មកពីប្រទេសកម្ពុជា ម៉ាឡេស៊ី ស្រីលង្ការ បង់ក្លាដែស និងឥណ្ឌូណេស៊ី។ ប្រាក់រង្វាន់សរុបចំនួន ១៣៨,០០០ដុល្លារសហរដ្ឋអាមេរិក ត្រូវបានផ្ដល់ជូនដល់បេក្ខជនម្នាក់ៗ ក៏ដូចជាក្រុមដែលបានចូលរួមប្រកួត។
នាយកប្រតិបត្តិក្រុមហ៊ុន Smart Axiata លោក ថូម៉ាស ហ៊ុន បានមានប្រសាសន៍ថា៖ “ជ័យជម្នះដ៏អស្ចារ្យរបស់ក្រុម HMB eSports សបញ្ជាក់ឲ្យយើងឃើញថា វិស័យ eSports នៅកម្ពុជា កំពុងអភិវឌ្ឍឈានទៅមុខ។ ទោះបីកម្មវិធីប្រកួតមានអ្នកប្រកួតប្រជែងផ្សេង ដែលគួរឲ្យកោតសរសើរ បេក្ខជនទាំង៤នេះ បានបង្ហាញនូវជំនាញ និងសមត្ថភាពដ៏អស្ចារ្យដែលបាននាំឲ្យគេនូវជ័យលាភីជើងឯក។ ក្រុមហ៊ុន Smart គឺនៅក្នុងចំណោមអ្នកគាំទ្រ eSports មុនគេដំបូងបង្អស់នៅក្នុងប្រទេសកម្ពុជា ហើយយើងនៅមានប្ដេជ្ញាចិត្តខ្ពស់ ក្នុងការផ្ដល់ការគាំទ្របន្ថែមទៀត ដល់ការអភិវឌ្ឍន៍នៃវិស័យ eSports និងបន្តនាំយកព្រឹត្តិការណ៍ eSports ដ៏គួរឲ្យរំភើបជាច្រើនទៀត មកកាន់ប្រទេសកម្ពុជា”។
Axiata Game Hero គឺជាហ្គេមទូរស័ព្ទ និង ទីប្រមូលផ្ដុំហ្គេម eSports ដ៏ធំបំផុតមួយនៅអាស៊ី ដែលមានផ្ដល់ជូននូវហ្គេមទូរស័ព្ទ និងហ្គេមកុំព្យូទ័រជាច្រើនប្រភេទ។
(អត្ថបទពាណិជ្ជកម្ម)