ជាតិ
ព្រឹទ្ធាចារ្យ​មរតក​មនុ​ស្សរស់​២​រូប បាន​ចែក​ឋាន​ក្នុង​ឆ្នាំ​២០២០
30, Dec 2020 , 8:29 pm        
រូបភាព
​ភ្នំពេញ​៖ ក្នុង​ឆ្នាំ​២០២០ មរតក​មនុស្សរ​ស់បាន​ចែក​ឋាន​ចំនួន​២​រូប ក្នុងនោះ​មាន​ព្រឹទ្ធាចារ្យ វិជ្ជា​ធម្ម​គរុ ទេព ផុន ដែលមាន​ចំណេះដឹង​ខ្ពស់​ក្នុង​ព្រះពុទ្ធសាសនា និង​ព្រឹទ្ធាចារ្យ នាដ​កោសល្យ​វ​ដ្តី ព្រីង សាឃ​ន ដែល​ចេះ​ចាំ​ស្ទាត់​លើ​ជំនាញ​ល្ខោន​នាដកម្ម ជាពិសេស​ព្រឹទ្ធាចារ្យ​ស្ទាត់​ខាង​ផលិត​និង​សម្ដែង​។​



​ព្រឹទ្ធាចារ្យ​មរតក​មនុ​ស្សរស់ ដែលមាន​ចំណេះដឹង​ខ្ពង់ខ្ពស់​ទាំង​ខាង​ព្រះពុទ្ធសាសនា អក្សរសាស្ត្រ អក្សរសិល្ប៍ និង​សិល្បៈ នៅមាន​ជន្មាយុ​តែ​៩​រូប​ប៉ុណ្ណោះ​។ ដោយឡែក​ក្នុង​ឆ្នាំ​២០២០ មរតក​មនុស្ស​២​រូប បានទទួល​មរណភាព ក្នុង​ខែកក្កដា​ដូចគ្នា​។​
 
​ព្រឹទ្ធាចារ្យ នាដ​កោសល្យ​វ​ដ្តី ព្រីង សាឃ​ន ដែលជា​មរតក​មនុស្ស​រស់​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានទទួល​មរណភាព​កាលពី​ល្ងាច​ថ្ងៃទី​១៩ ខែកក្កដា ឆ្នាំ​២០២០ ក្នុង​ជន្មាយុ​៨៣​ឆ្នាំ ដោយ​រោគាពាធ​។ 
 
​នាដ​កោសល្យ​វ​ដ្ដី ព្រីង សាឃ​ន ចេះ​ចាំ​ស្ទាត់​លើ​ជំនាញ​ល្ខោន​នាដកម្ម ដែល​លោក​ស្ទាត់​ខាង​ផលិត​និង​សម្ដែង​។ ព្រឹទ្ធាចារ្យ បាន​សម្ដែង​ជា​តួ តា​ជូជក ក្នុង​រឿង ព្រះ​វេស្សន្តរជាតក និង​ដើរតួ​ត្លុក​ក្នុង​រឿង​ទុំ​ទាវ រួមទាំង​ក្នុង​ទម្រង់​សិល្បៈ​ល្ខោន​យីកេរ​។ ក្រៅពីនោះ​លោក​ព្រឹទ្ធាចារ្យ ក៏មាន​ទេពកោសល្យ​លើ​ទម្រង់​របាំ ភាពយន្ត និង​ទម្រង់​ល្ខោន​នានា​ជាច្រើន​ទៀត​ដែរ​។ នាដ​កោសល្យ​វ​ដ្ដី ព្រីង សាឃ​ន បាន​ផ្ទេរ​ចំណេះ​ខាង​ទ្រឹស្ដី ខាង​ផលិត និង​សម្ដែង ផ្នែក​នាដ​សាស្ត្រ នៅ​សាកលវិទ្យាល័យ​ភូមិន្ទ​វិចិត្រសិល្បៈ និង​សាលា​មធ្យម​វិចិត្រសិល្បៈ ពី​ឆ្នាំ​១៩៨០​។ 
 
​សូមបញ្ជាក់ថា ព្រឹទ្ធាចារ្យ​មរតក​មនុ​ស្សរស់ ព្រីង សាឃ​ន បានទទួល​គោរមងារ​ថ្នាក់ជាតិ ជា​នាដ​កោសល្យ​វ​ដ្ដី ពី​ព្រះករុណា​ជា​អម្ចាស់​ជីវិត​តម្កល់​លើ​ត្បូង ព្រះបាទ​សម្ដេច​ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ជាមួយនឹង​ព្រឹទ្ធា​រ្យ ដែលជា​មរតក​មនុស្ស​រស់ ១៦​អង្គ និង​រូប​ផ្សេងទៀត កាលពី​ខែតុលា ឆ្នាំ​២០១២ កន្លងទៅ​។


 
​បើតាម​អ្នកស្រី អ៊ឹម សុវណ្ណ ដែល​ត្រូវជា​ភរិយា​របស់​ព្រឹទ្ធាចារ្យ ព្រីង សាឃ​ន បាន​ប្រាប់​សារព័ត៌មាន​ថ្មីៗ​ថា លោក​ព្រឹទ្ធាចារ្យ​ទទួលមរណភាព ក្នុង​ជន្មាយុ​៨៣​ឆ្នាំ ដែល​អាយុ​នេះ ខុសគ្នា​ជាមួយ​ឯកសារ​ក្នុង​បញ្ជី​ជីវប្រវត្តិ​សង្ខេប​របស់ បេក្ខជន​-​នារី មរតក​មនុ​ស្សរស់ ដែល​ក្រសួង​វប្បធម៌​បាន​ចងក្រង​។​
 
​ខាងក្រោម​នេះ​គឺជា​ជីវប្រវត្តិ​សង្ខេប​របស់​មរតក​ម​នុស្ស​រស់ ព្រីង សាឃ​ន ដែល​ស្រង់​ចេញពី​បញ្ជី​ជីវប្រវត្តិ​សង្ខេប​របស់ បេក្ខជន​~​នារី មរតក​មនុ​ស្សរស់​៖
 
​ព្រឹទ្ធាចារ្យ ព្រីង សាឃ​ន កើត​នៅ​ថ្ងៃទី​០៨ ខែវិច្ឆិកា ឆ្នាំ ១៩៤៥ នៅ​ភូមិ​តា​ម៉ុ​ល ឃុំ​ព្រែក​តំបូល ស្រុក​ស្រី​សន្ធរ ខេត្តកំពង់ចាម​។ លោកឪពុក​នាម ចក់ ព្រីង មុខរបរ​ធ្វើ​ចម្ការ និង​ជាជាង​កាត់សក់​។ អ្នក​ម្ដាយ​នាម សំ នាង មុខរបរ​ធ្វើក​ម្ការ និង តម្បាញ​អំបោះ​។ 
 
​ប្រពន្ធ​របស់លោក​ព្រឹទ្ធាចារ្យ​នាម អ៊ឹម សុវណ្ណ មុខរបរ​សព្វថ្ងៃ និវត្តជន​។ លោក​មានកូន​៣​នាក់ ដោយ​កូនប្រុស​ច្បង​ទី​១​ឈ្មោះ ព្រីង ចាន់នី មុខរបរ​កម្មករ​។ កូនស្រី​ទី​២​ឈ្មោះ ព្រីង សុខា​ណា​រិ​ទ្ធ មុខរបរ​សព្វថ្ងៃ ជា​កម្មករ​-​សិល្បការិនី​។ កូនស្រី​ទី​៣​ឈ្មោះ ព្រីង សុភា (​សុចិ​ន្តា​) មុខរបរ​សព្វថ្ងៃ​សិល្បការិនី​មហាជន​។ 
 
​លោក ព្រឹទ្ធាចារ្យ រៀន​សាលា​ចំណេះ​ទូទៅ​ថ្នាក់​ក្រោយបង្អស់ បញ្ចប់​វិ​ញ្ញាប​ន​ប័ត្រ​បឋមសិក្សា​ឆ្នាំ​១៩៥៦​។ ជំនាញ​ដែល​លោក​បាន​រៀន​នៅ​សាលា ចេះ​ចាំ​ស្ទាត់​ជាងគេ គឺ​ល្ខោន​នាដកម្ម ដែល​លោក​ស្ទាត់​ខាង​ផលិត​និង​សម្ដែង​។ មុខតំណែង​ដែល​លោក​ធ្លាប់​បានទទួល ទាំង​ក្នុង​ការងារ​រដ្ឋ និង​ការងារ​ក្នុង​ក្រុម​ជំនាញ គឺជា​តួ​សម្ដែង រហូតដល់​ថ្ងៃ​ចូល​និវត្ត​។ 
 
​សម្រាប់​ជោគជ័យ និង​បទពិសោធន៍​ទាក់ទង​នឹង​បេតិកភណ្ឌ​អរូបី គឺ​លោក​បាន​សម្ដែង​ជា​តួ​តា​ជូជក ក្នុង​រឿង ព្រះ​វេស្សន្តរជាតក និង​ដើរតួ​ត្លុក​ក្នុង​រឿង​ទុំ​ទាវ​.....​។ លោក​បាន​ផ្ទេរ​ចំណេះ​ខាង​ទ្រឹស្ដី ខាង​ការផលិត និង​ការសម្ដែង ផ្នែក​នាដ​សាស្ត្រ នៅ​សាកលវិទ្យាល័យ​ភូមិន្ទ​វិចិត្រសិល្បៈ និង​សាលា​មធ្យម​វិចិត្រសិល្បៈ ពី​ឆ្នាំ​១៩៨០​។ មរតក​មនុ​ស្សរស់ ព្រីង សាឃ​ន បានទទួល​គ្រឿង​ឥស្សរិយ​ស​ធំៗ​ចំនួន​៣ និង​ក្លាយជា​វីរៈ​សិល្បករ​នៅ​ថ្ងៃទី​២២ ខែមីនា ឆ្នាំ​២០០០​។ 
 
​នៅក្នុង​បញ្ជី​ជីវប្រវត្តិ​សង្ខេប​របស់ បេក្ខជន​-​នារី មរតក​មនុ​ស្សរស់ ព្រឹទ្ធាចារ្យ ព្រីង សាឃ​ន បាន​បញ្ជាក់ថា មូលហេតុ​ដែល​លោក​ចង់​ចូល​ជា​ប្រព័ន្ធ​មរតក​មនុ​ស្សរស់ ក៏​ដើម្បី​រួមចំណែក​ថែរក្សា​កេរ​មរតក​វប្បធម៌​ជាតិ ក៏ដូចជា​រួមចំណែក​ប​ង្រៀ​ន​ដល់​អ្នកជំនាន់ក្រោយ​។​
 
​ចំណែក​ព្រឹទ្ធាចារ្យ ទេព ផុន គោរមងារ វិជ្ជា​ធម្ម​គរុ បានទទួល​មរណភាព កាលពី​ថ្ងៃ​២៦ ខែកក្កដា ឆ្នាំ ២០២០ វេលា​ម៉ោង ៣:២០​នារី ក្នុង​ជន្មាយុ ៧៩​ឆ្នាំ ដោយ​ជរាពាធ​។ ព្រឹទ្ធាចារ្យ​វិជ្ជា​ធម្ម​គរុ ទេព ផុន ជា​គ្រូបង្រៀន​ច្រើន​ជំនាន់ ព្រមទាំង​បាន​ចូល​បម្រើ​ការងារ​ក្នុង​សារមន្ទីរ​ជាតិ ក្នុងការ​ថែរក្សា​រូបសំណាក​ឈើ​អស់​ជាច្រើន​ឆ្នាំ​។ មាន​ស្រុកកំណើត​នៅ ភូមិ​ដីដុះ ឃុំ​ព្រែក​ប្រសព្វ ស្រុក​ព្រែក​ប្រសព្វ ខេត្តក្រចេះ ព្រឹទ្ធាចារ្យ ទេព ផុន កើត​នៅ​ថ្ងៃទី​១៥ មេសា ឆ្នាំ​១៩៤១​។ នេះ​បើតាម​ឯកសារ  ជីវប្រវត្តិ​សង្ខេប​របស់​បេក្ខជន “​មរតក​មនុ​ស្សរស់​” ដែល​ចងក្រង​ដោយ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​។ រូប​២
 
​ព្រឹទ្ធាចារ្យ ទេព ផុន មានចំណេះដឹង​ចេះ​ចាំ​ស្ទាត់ ខាង​ព្រះពុទ្ធសាសនា រួមមាន​ព្រះធម៌ ព្រះ​វិន័យ ព្រះ​អភិធម្ម និង​ទស្សនវិជ្ជា​ពុទ្ធសាសនា ដោយ​អាច​បំភ្លឺ ពន្យល់ វែកញែក​ខ្លឹមសារ និង​សារសំខាន់​របស់​ព្រះពុទ្ធ​ឱវាទ​ឱ្យដល់​សប្បុរសជន​ទូទៅ​។ ជាពិសេស​ឯកទេស​ជំនាញ​ខាង​ការបង្រៀន​មាន​បទពិសោធ​ច្រើន ព្រមទាំង​មាន​ជំនាញ​ប្រៀបធៀប​(​ទស្សនវិជ្ជា និង​ពុទ្ធសាសនា​)​។ លោក​ព្រឹទ្ធាចារ្យ​ក៏មាន​ជំនាញ​ស្ទាត់​ក្នុងការ​ស្រាវជ្រាវ​ឯកសារ​ផ្សេងៗ មាន​ពុទ្ធ​វិន័យ ពុទ្ធសាសនា  និង​សាសនា​ប្រៀបធៀប ។​ល​។ 
 
​ការផ្ទេរ​ចំណេះដឹង​ខាង​ទ្រឹស្ដី លើ​មុខវិជ្ជា​ខាង​ព្រះពុទ្ធសាសនា មាន​ព្រះធម៌ ព្រះ​វិន័យ ព្រះ​អភិធម្ម និង​ទស្សនវិជ្ជា​ពុទ្ធសាសនា បំភ្លឺ ពន្យល់ វែកញែក​ខ្លឹមសារ និង​សារសំខាន់​របស់​ពុទ្ធឱវាទ ដល់​សប្បុរសជន​ទូទៅ ជាពិសេស​ចំពោះ​សមណ​សិស្ស​ដែល​រៀនសូត្រ​ក្នុង​ថ្នាក់ ព្រះ​ត្រៃបិដក​ទាំង​៣ ដែលជា​ប្រភព​នៃ​ទ្រឹស្ដី ក្នុង​ព្រះពុទ្ធសាសនា​។ 
 
​ព្រឹទ្ធាចារ្យ​បាន​រៀបរៀង​ផ្ទាល់ដៃ​នូវ​សៀវភៅ ព្រះពុទ្ធ​ឱវាទ​សង្ខេប​៣​យ៉ាង សៀវភៅ​ប្រវត្តិ​ពុទ្ធសាសនា​សង្ខេប សៀវភៅ​ឯកសារ​ពុទ្ធសាសនា​សង្ខេប និង​សៀវភៅ​ពុទ្ធប្បវត្តិ​សង្ខេប (​សម្រាប់​គរុកោសល្យ​) ព្រមទាំង​មាន​សៀវភៅ​ជាច្រើន​ទៀត​។ 
 
​គិត​ត្រឹម​ឆ្នាំ​២០២០ មរតក​មនុស្ស​រស់នៅ​មាន​ជន្មាយុ​តែ​៩​រូប​ប៉ុណ្ណោះ គឺ ព្រឹទ្ធាចារ្យ ចាន់ ស៊ីម គោរមងារ​ជា​វឌ្ឍកី​ទេពនិម្មិត​។ ព្រឹទ្ធាចារ្យ ជេ​ត ច​ន គោរមងារ​ជា​ទេពនិម្មិត​វិចិត្រ​។ ព្រឹទ្ធាចារ្យ ឯម ធា​យ គោរមងារ​ជា​ទេព​វនាដ​និម្មិត​។ ព្រឹទ្ធាចារ្យ គង់ ណៃ គោរមងារ​ជា​កោសល្យ​វោហារ​។ ព្រឹទ្ធាចារ្យ ពៀក ចា​ប៉ិច គោរមងារ​ជា​វោហា​កោសល្យ​វ​ដ្ដី​។ ព្រឹទ្ធាចារ្យ​បណ្ឌិត ជិត ជន គោរមងារ​ជា​គរុ​ពហុស្សូត​។ ព្រឹទ្ធាចារ្យ ម៉ែន ប្រាង្គ គោរមងារ​ជា​កោសល្យ​វិជ្ជាគរុ​។ ព្រឹទ្ធាចារ្យ ទា វ៉ាន គោរមងារ​ជា​បញ្ញា​កោសល្យ​វិជ្ជា​។ និង​ព្រឹទ្ធាចារ្យ ជា ហ៊ា គោរមងារ​ជានា​ដ​កោសល្យ​វិជ្ជា​។ ព្រឹទ្ធាចារ្យ​ទាំង​៩​រូបនេះ ភាគច្រើន​កាន់តែ​មាន​ជន្មាយុ​ជរា​ណាស់​ទៅហើយ​។​
 
​សូមបញ្ជាក់ថា បុគ្គល​ដែល​ត្រូវបានតែងតាំង​ដោយ​ព្រះរាជក្រឹត្យ ឱ្យ​ស្ថិតក្នុង​ប្រព័ន្ធ​មរតក​មនុ​ស្សរស់ ត្រូវតែមាន​ទេពកោសល្យ​ល្អ​ឯក​ផ្ដាច់​គេ លើ​ចំណេះ ជំនាញ និង​បច្ចេកទេស ផ្នែក​បេតិកភណ្ឌ​វប្បធម៌​អរូបី​។ ត្រូវជា​បុគ្គល​ដែលមាន​អត្ត​ចរិតល្អ មាន​សណ្ដាន​ចិត្ត​ទូលាយ និង​ស្មោះត្រង់ ក្នុងការ​ចែករំលែក​ចំណេះ ជំនាញ​ដែល​ខ្លួន​មាន ទៅឱ្យ​អ្នកជំនាន់ក្រោយ ដោយ​មិន​លាក់លៀម​។ មរតក​មនុ​ស្សរស់ មាន​ក្រមសីលធម៌​របស់ខ្លួន ដែល​កំណត់ដោយ​ប្រកាស​របស់​រដ្ឋមន្ត្រីក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​៕
 
 

Tag:
 សិល្បៈ​
 ​ព្រឹទ្ធាចារ្យ​
  មរតក​
  មនុស្ស​
 ​មរតក​មនុ​ស្សរស់
© រក្សាសិទ្ធិដោយ thmeythmey.com