ជាតិ
កម្ពុជា រងអាកាសធាតុត្រជាក់ម្ដងទៀត រយៈពេល៤ថ្ងៃ
×
ដោយ៖ ប៉ូ សុភា
កម្ពុជា រងអាកាសធាតុត្រជាក់ម្ដងទៀត ចាប់ពីថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ២០២០ ដល់ថ្ងៃទី ០៣ខែមករាឆ្នាំ ២០២១ ដោយសារឥទ្ធិពលសម្ពាធខ្ពស់ពីប្រទេសចិន ។ នេះបើតាមការព្យាកររបស់ក្រសួងធនធានទឹក និងឧតុនិយម។
ក្រសួងធនធានទឹក បានបញ្ជាក់ថា ឥទ្ធិពលសម្ពោធខ្ពស់ពីចិន ដែលរំកិលចុះមកក្រោម និងខ្យល់មូសុងឦសាននេះ នឹងធ្វើឲ្យកម្ពុជាចុះត្រជាក់ខ្លាំង។ បើតាមការព្យាកររបស់ក្រសួងធនធានទឹក ខេត្តនៅតាមតំបន់វាលទំនាបកណ្ដាល ដូចជា ខេត្តប៉ៃលិន ខេត្តបន្ទាយមានជ័យ ខេត្តសៀមរាប និងបាត់ដំបង មានសីតុណ្ហភាពអប្បរមា ចាប់ពី ១៦-១៨អង្សារសេ និងអតិបរមាចាប់ពី ២៥- ២៧អង្សារសេ។ ចំណែកខេត្តដទៃទៀត សីតុណ្ហភាពអប្បបរមា ចាប់ពី ១៩- ២១អង្សារសេ និង អតិបរមាចាប់ពី ២៦-២៨អង្សារសេ។
រីឯបណ្ដាខេត្ត ជាប់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន សីតុណ្ហភាពអប្បរមា ចាប់ពី១៤-១៦អង្សារសេ និងអតិបរមា ចាប់ពី២៦-២៨អង្សារសេ។ចំពោះតំបន់មាត់សមុទ្រ សីតុណ្ហភាពអប្បបរមា ចាប់ពី២២-២៤អង្សារសេ និងសីតុណ្ហភាពអតិបរមា២៧-២៩អង្សារសេ។ នេះបើតាមក្រសួងធនធានទឹក។
ក្រសួងធនធានទឹក បានអំពាវនាវពលរដ្ឋ ពិសេសកងទ័ពរស់នៅ និងឈរជើងនៅតំបន់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន ត្រូវយកចិត្តទុកដាក់ ថែរក្សាសុខភាពចំពោះធាតុអាកាសត្រជាក់នេះ។ ដោយឡែកប្រជានេសាទ និងអ្នកធ្វើដំណើរសមុទ្រ ត្រូវប្រយ័ត្នចំពោះល្បឿនខ្យល់ខ្លាំង និងរលកសមុទ្រខ្ពស់៕
Tag:
ខ្យល់
មូសុងឦសាន
ឧតុនិយម
ធាតុអាកាស
ត្រជាក់
ធនធានទឹក
© រក្សាសិទ្ធិដោយ thmeythmey.com