ជាតិ
សេដ្ឋកិច្ច
UN៖ កម្ពុជាអាចរកចំណូល៩៣៣លានដុល្លារ រយៈពេល១៥ឆ្នាំខាងមុខ បើដំឡើងពន្ធថ្នាំជក់៧៥ភាគរយ
× ភ្នំពេញ៖ កម្ពុជាអាចរកចំណូល៩៣៣លានដុល្លារ រយៈពេល១៥ឆ្នាំខាងមុខ បើដំឡើងពន្ធថ្នាំជក់៧៥ភាគរយ នៃតម្លៃបារីលក់រាយ។ នេះបើតាមការសិក្សារបស់ការអង្គការសហប្រជាជាតិ(UN) ស្ដីពីការវិនិយោគលើការត្រួតពិនិត្យផលិតផលថ្នាំជក់ឆ្នាំ២០១៩។
ការសិក្សារបស់ការអង្គការសហប្រជាជាតិ បានបញ្ជាក់ថា ការដំឡើងពន្ធថ្នាំជក់នេះ គឺផ្តល់ចំណូលបន្ថែមចូលជាតិ ហើយថែមទាំងបានកាត់បន្ថយអត្រាស្លាប់ ជំងឺ និងពិការភាព ដោយសារការប្រើប្រាស់ផលិតផលថ្នាំជក់ផងដែរ។
របាយការណ៍ដដែល បានបន្ថែមថា កម្ពុជានឹងទទួលចំណូលពន្ធបន្ថែម ២៣៥លានដុល្លារ ក្នុងរយៈពេល៥ឆ្នាំខាងមុខ និង៩៣៣លានដុល្លារ នារយៈពេល១៥ឆ្នាំ ប្រសិនបើដំឡើងពន្ធលើផលិតផលថ្នាំជក់ ដល់៧៥ភាគរយ នៃតម្លៃបារីលក់រាយ។
បើតាមលោកវេជ្ជបណ្ឌិតមុំ គង់ នាយកប្រតិបត្តិអង្គការចលនាដើម្បីសុខភាពកម្ពុជា ការដំឡើងពន្ធលើផលិតផលថ្នាំជក់ជាយុទ្ធសាស្ត្រឈ្នះ-ឈ្នះ ដែលធ្វើឱ្យកម្ពុជាទទួលបានប្រាក់ចំណូលបន្ថែម។ លោកមានប្រសាសន៍ដូច្នេះ៖«ជាពិសេសក្នុងដំណាក់កាលប្រទេសយើងជួបវិបត្តិកូវីដ-១៩ ព្រមទាំងអាចកាត់បន្ថយផលប៉ះពាល់ដែលបណ្ដាលមកពីការប្រើប្រាស់ផលិតផលថ្នាំជក់ផងដែរ»។
ការដំឡើងពន្ធលើផលិតផលថ្នាំជក់ គឺជាបំណងប្រាថ្នារបស់ប្រជាពលរដ្ឋ។ នេះបើយោងតាមរបាយការណ៍អង្កេតថ្នាក់ជាតិលើមនុស្សពេញវ័យស្ដីពីថ្នាំជក់នៅកម្ពុជា របស់ក្រសួងផែនការឆ្នាំ២០១៤ ដោយបង្ហាញថា ពលរដ្ឋកម្ពុជា៨០ភាគរយ គាំទ្រឱ្យមានការដំឡើងពន្ធលើផលិតផលថ្នាំជក់ និងដំឡើងថ្លៃតម្លៃបារី ស្របពេលដែល កម្ពុជាជារដ្ឋភាគីនៃអនុសញ្ញាស្ដីពីការត្រួតពិនិត្យថ្នាំជក់ ដែលមានកាតព្វកិច្ចដំឡើងពន្ធលើផលិតផលថ្នាំជក់ ដើម្បីបង្ហាញការប្ដេជ្ញាចិត្តអនុវត្តអនុសញ្ញានេះ។
សូមជម្រាបថា កម្ពុជា បានស្ថិតក្នុងចំណោមប្រទេស ដែលមានអត្រាពន្ធលើផលិតផលថ្នាំជក់ទាបជាងគេនៅក្នុងតំបន់អាស៊ាន។ បច្ចុប្បន្ន អត្រាពន្ធលើផលិតផលថ្នាំជក់ធៀបតម្លៃលក់រាយនៅកម្ពុជា មានត្រឹមតែ២៥ភាគរយ ចំពោះបារីក្នុងស្រុក និង៣១,១ភាគរយ សម្រាប់បារីនាំចូល ខណៈប្រទេសថៃមានអត្រាពន្ធធៀបតម្លៃលក់រាយ ៧០ភាគរយ សិង្ហបុរី៦៧,៥ភាគរយ និងភូមា៥០ទៅ៦០ភាគរយ ។
ជារៀងរាល់ឆ្នាំ ពលរដ្ឋកម្ពុជាចំនួន១៥,០០០នាក់ស្លាប់ ដោយសារជំងឺបង្កដោយការប្រើប្រាស់ថ្នាំជក់។ លើសពីនេះ ការប្រើប្រាស់ថ្នាំជក់បណ្ដាលឱ្យខាតបង់ទឹកប្រាក់៦៤៩លានដុល្លាក្នុងមួយឆ្នាំ ដែលស្មើនឹង៣ភាគរយ នៃផលិតផលក្នុងស្រុកសរុប(GDP)របស់កម្ពុជា។ ក្នុងនោះ ៥៨៤លានដុល្លារ បណ្ដាលមកពីការខាតបង់ផលិតភាពសេដ្ឋកិច្ច គឺមរណភាពមុនអាយុកំណត់ ផលិតភាពធ្លាក់ចុះពីការសម្រាកជក់បារី និងអវត្តមានពីការងារ។ល។ យោងតាមការសិក្សារបស់ការអង្គការសហប្រជាជាតិ៕
Tag:
ពន្ធ
ថ្នាំជក់
បារី
វេជ្ជបណ្ឌិតមុំ គង់
© រក្សាសិទ្ធិដោយ thmeythmey.com