ជាតិ
សេដ្ឋកិច្ច
រដ្ឋប្រមូលពន្ធដារ និងគយ បានជាង៥ពាន់លានដុល្លារ ក្នុងឆ្នាំ២០២០ (ឆ្វេង)លោក គុណ ញឹម អគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា និងលោក គង់ វិបុល អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ។
× ភ្នំពេញ៖ គិតត្រឹមថ្ងៃទី២៨ខែធ្នូ រដ្ឋប្រមូលចំណូលពន្ធដារ និងពន្ធគយ បានសរុប ៥,២៧០លានដុល្លារ ខណៈជំងឺកូវីដ-១៩ កំពុងរាតត្បាត។ នេះបើតាមប្រសាសន៍របស់សម្តេច ហ៊ុន សែន ដែលថ្លែងសារពិសេសនៃការការបិទបញ្ចប់«ព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកា»នៅថ្ងៃទី២៩ ធ្នូ ។
ថ្លែងចេញពីគេហដ្ឋាននៅទីក្រុងតាខ្មៅ ខេត្តកណ្តាល សម្តេច ហ៊ុន សែន បានបញ្ជាក់ថា អគ្គនាយកដ្ឋានពន្ធដារ ប្រមូលចំណូលក្នុងស្រុកបាន ២,៨៧៨លានដុល្លារ។ ចំនួននេះ គឺបានលើសផែនការ ១ភាគរយដែលក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានកំណត់។
ដោយឡែក អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ប្រមូលចំណូលពន្ធគយ បានសរុប ២,៣៩១ លានដុល្លារ ស្មើនឹងជិត៨៤ភាគរយនៃផែនការប្រចាំឆ្នាំ ព្រោះតែវិបត្តិកូវីដ-១៩។
យ៉ាងណាមិញប្រមុខរដ្ឋាភិបាលសម្ដេច ហ៊ុន សែន រំពឹងថា កម្ពុជានឹងទទួលបានចំណូលពីពន្ធដារ និងគយ បានយ៉ាងហោចណាស់៥,៣០០លានដុល្លារ នៅបំណាច់ឆ្នាំ២០២០នេះ៕
Tag:
ពន្ធដារ
ពន្ធគយ
សម្តេច ហ៊ុន សែន
© រក្សាសិទ្ធិដោយ thmeythmey.com