ជាតិ
នយោបាយជាតិ
LDP នឹងដាក់ញត្តិទៅស្ថានទូត ដែលផ្ដល់ជំនួយឲ្យ គ.ជ.ប រាយការណ៍ពីភាពមិនប្រក្រតីនៃការចុះឈ្មោះបោះឆ្នោត (ខាងឆ្វេង)លោក អ៊ី សាំងឡេង អនុប្រធាន គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ(LDP) ថ្លែងក្នុងសន្និសីទសារព័ត៌មានស្ដីពី ការផ្សាព្វផ្សាយរបាយការណ៍វាយតម្លៃចំពោះដំណើរការពិនិត្យបញ្ជីឈ្មោះបោះឆ្នោតឆ្នាំ២០២០ និងគោលជំហររបស់គណបក្សថ្ងៃទី៣០ធ្នូ ២០២០។
× ភ្នំពេញ៖ បន្ទាប់ពីរកឃើញភាពមិនប្រក្រតីនៃការចុះឈ្មោះបោះឆ្នោត គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ(LDP) បានដាក់ពាក្យបណ្ដឹងទៅក្រុមប្រឹក្សាឃុំសង្កាត់ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប) និងក្រុមប្រឹក្សាធម្មនុញ្ញ ប៉ុន្តែមិនទទួលបានលទ្ធផលឡើយ។ LDP អះអាងពីជំហរខ្លួនថា នៅតែបន្តការតស៊ូមតិ ហើយនឹងបន្តដាក់ញត្តិទៅតាមស្ថានទូតដែលជាម្ចាស់ជំនួយរបស់ គ.ជ.ប។
លោក អ៊ី សាំងឡេង អនុប្រធាន LDP ក្នុងសន្និសីទសារព័ត៌មាននៅព្រឹកថ្ងៃទី៣០ធ្នូនេះ ស្ដីពី ការផ្សាព្វផ្សាយរបាយការណ៍វាយតម្លៃរបស់LDP ចំពោះដំណើរការពិនិត្យបញ្ជីឈ្មោះបោះឆ្នោតឆ្នាំ២០២០និងគោលជំហររបស់គណបក្ស ថា៖ «ចំពោះឯកសាររបស់យើងនេះ(របាយការណ៍ដែលរកឃើញភាពមិនប្រក្រតីនៃការចុះបញ្ជីឈ្មោះបោះឆ្នោត) យើងព្យាយាមដាក់ឲ្យបានច្រើនទូតឬស្ថានកុងស៊ុលនៅកម្ពុជាយើង ជាពិសេសគឺស្ថានទូតដែលជាម្ចាស់ជំនួយដល់ការបោះឆ្នោតនៅកម្ពុជាយើង ហើយនឹងស្ថានទូតទាំងឡាយដែលជាហត្ថលេខីនៃសន្ធិសញ្ញាទីក្រុងបារី ដែលធានានូវសិទ្ធិសេរីភាពនយោបាយរបស់មនុស្សជាតិលើសកលលោក»។
អនុប្រធាន LDP នៅតែអះអាងថា ខ្លួនពិតជាមានរបាយការណ៍ច្បាស់លាស់ដែលបានរកឃើញភាពមិនប្រក្រតីជាង៣,៤ពាន់នាក់ ដែលគ្មានលក្ខខណ្ឌគ្រប់គ្រាន់ក្នុងបញ្ជីឈ្មោះបោះឆ្នោត។
ជុំវិញបញ្ហានេះ អ្នកនាំពាក្យ គ.ជ.ប លោក ហង្ស ពុទ្ធា ប្រាប់សារព័ត៌មានថ្មីៗតាមទូរស័ព្ទនៅថ្ងៃនេះថា នៅគ.ជ.ប នឹងធ្វើការប្រជុំជាមួយភាគីពាក់ព័ន្ធនឹងរឿងរ៉ាវទាំងនេះ នៅថ្ងៃទី៣១ ធ្នូ ។ ជាមួយគ្នាដែរ លោក ពុទ្ធា ស្នើសុំឲ្យសាកសួរបន្ថែមទៅកាន់លោក ឌឹម សុវណ្ណារុំ សមាជិកនិងអ្នកនាំពាក្យ គ.ជ.ប ដែលជាអ្នកទទួលបន្ទុកផ្នែកនេះ។ សារព័ត៌មានថ្មីៗ មិនអាចសុំការបកស្រាយពីខាងលោក ឌឹម សុវណ្ណរុំ បានឡើយដោយសារលោកមិនទទួលទូរស័ព្ទ។
កាលពីថ្ងៃទី២៥ធ្នូកន្លងមកនេះ ក្រុមប្រឹក្សាធម្មនុញ្ញបានច្រានចោលបណ្ដឹង៦៧ ក្នុងចំណោម៩៥បណ្ដឹង របស់LDP ដោយសម្រេចតម្កល់២៨បណ្ដឹងប៉ុណ្ណោះ។ ការសម្រេចនេះ ធ្វើឡើយដោយសារដើមបណ្ដឹងបោះបង់បណ្ដឹង គឺអវត្តមាននៅសាវនាការ៕
Tag:
LDP
ការចុះឈ្មោះបោះឆ្នោត
© រក្សាសិទ្ធិដោយ thmeythmey.com