COVID-19
អន្តរជាតិ
ករណី​ឆ្លង​កូ​វីដ​-១៩ ប្រចាំថ្ងៃ​នៅ​ថៃ​ធ្លាក់ចុះ​បន្តិច ប៉ុន្តែ​ករណី​ឆ្លង​បន្ត​រាលដាល​
31, Dec 2020 , 5:29 pm        
រូបភាព
ប្រជាជនថៃ នៅក្នុងខេត្តសមុទ្រសាគរ។ រូបភាព៖ Xinhua
ប្រជាជនថៃ នៅក្នុងខេត្តសមុទ្រសាគរ។ រូបភាព៖ Xinhua
​រដ្ឋាភិបាល​ថៃ នៅ​ថ្ងៃទី​៣១ ខែធ្នូ បាន​អះអាងថា ករណី​ឆ្លង​ជំងឺ​កូ​វីដ​-១៩ ថ្មី មាន​ចំនួន ១៩៤​ករណី ដែល​ភាគច្រើន​ជា​ករណី​ឆ្លង​នៅក្នុង​ស្រុក​។ ចំនួន​នេះ មានការ​ធ្លាក់​ចុះបើ​ធៀប​នឹង​ថ្ងៃ​ម្សិលមិញ ដែលមាន​ចំនួន ២៥០​ករណី​។​


​បើទោះបីជា​ករណី​ឆ្លង​កូ​វីដ​-១៩ ប្រចាំថ្ងៃ​នៅ​ថៃ បាន​ធ្លាក់ចុះ​បន្តិច​មែន ប៉ុន្តែ​អត្រា​ឆ្លង​កូ​រ៉ូ​ណាវី​រុស​នៅតែមាន​កម្រិត​ខ្ពស់​ដដែល​។ នៅ​ថ្ងៃទី​៣១ ខែធ្នូ ថៃ​មាន​ករណី​ឆ្លង​កូ​វីដ​ថ្មី​ចំនួន​១៩៤​ករណី ដោយ​ក្នុងនោះ ករណី​ឆ្លង​ក្នុងស្រុក​មាន​ចំនួន ១៨១​ករណី និង​ករណី​នាំចូល​ចំនួន ១៣​ករណី​។ កូ​វីដ​-១៩ ដែល​ផ្ទុះ​ចេញពី​ខេត្ត​សមុទ្រ​សាគរ បាន​រាតត្បាត​ដល់​ខេត្ត​ចំនួន ៥១ ដោយ​ខេត្ត​ឆ្លង​ថ្មី​មានដូចជា ន​ន្ទ​បុរី រាជបុរី មហា​សា​រ៉ា​ខាម នគរ​ស្រី​ធម្មរាជ និង​ណង​ខៃ​។​
 
​តួលេខ​កូ​វីដ​-១៩ សរុប​របស់​ថៃ មាន​ចំនួន ៦៨៨៤​ករណី និង​អ្នក​ស្លាប់មាន​ចំនួន ៦១​នាក់​។ ចំណែក​អ្នកជា​សះស្បើយ​មាន​ចំនួន ៤២៤០​នាក់​។ 
 
​តំបន់​ពណ៌​ក្រហម ដែលជា​កន្លែង​មាន​វិធាន​តឹងរ៉ឹង​ខ្លាំងជាងគេ និង​មាន​ករណី​ឆ្លង​ច្រើនជាង ៥០​ករណី បាន​កើន​ឡើងជា​បន្តបន្ទាប់​។ គិត​ត្រឹម​ថ្ងៃទី​៣១ ខែធ្នូ ខេត្ត​ចំនួន ៥ និង​ក្រុង​ចំនួន ១ ត្រូវ​បានដាក់​ក្នុង​តំបន់​ក្រហម ក្នុងនោះ​មានដូចជា ទីក្រុង​បាងកក​, សមុទ្រ​សាគរ​, រ៉ា​យ៉ង​, ជល​បុរី​, នគរ​បឋម និង​ន​ន្ទ​បុរី​។ 
 
​ចាប់តាំងពី​ផ្ទុះ​កូ​វីដ​-១៩ ចុងក្រោយ​ចេញពី​ខេត្ត​សមុទ្រ​សាគរ ថៃ បាន​បែងចែក​តំបន់​ជា​បួន ដែលមាន​ដូចជា តំបន់​ពណ៌​ក្រហម​, តំបន់​ពណ៌​ទឹកក្រូច​, តំបន់​ពណ៌​លឿង និង​តំបន់​ពណ៌​បៃតង​។ តំបន់​ទាំងនោះ ត្រូវ​បែងចែក ដោយ​ផ្អែកលើ​ស្ថានការណ៍​កូ​វីដ​-១៩ នៅក្នុង​ខេត្ត និង​តំបន់​។ 
 
​ដោយសារតែ​ករណី​ឆ្លង​នៅ​តំបន់​ពណ៌​ក្រហម និង​តំបន់​ពណ៌​ទឹកក្រូច​មាន​អត្រា​ឆ្លង​ខ្លាំង រដ្ឋាភិបាល បានប្រកាស​ហាមឃាត់​ការជួបជុំ​ទាំងអស់​លើ​ការជួបជុំ​ឆ្លង​ឆ្នាំ​សកល លើកលែងតែ​លក្ខណៈ​គ្រួសារ និង​របស់​រដ្ឋាភិបាល​។ ចំណែក​តំបន់​ពណ៌​លឿង និង​តំបន់​ពណ៌​បៃតង អាច​ជួបជុំ​បាន ក្នុងករណី​មានការ​អនុញ្ញាត​ពី​រដ្ឋាភិបាល​។ ក្នុងករណី​បំពាន​បម្រាម អ្នក​ទាំងនោះ អាច​ប្រឈម​ជាប់ពន្ធនាគារ​រហូតដល់​ពីរ​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​រហូតដល់ ៤​ម៉ឺន​បាត (១៣៣៤​ដុល្លារ​) ។ នេះ​បើតាម​ការចុះផ្សាយ​របស់​កាសែត​បាងកក​ប៉ុស្តិ៍​។ 
 
​ជាមួយគ្នា​នោះ​មេ​ប៉ូលិស​ខេត្ត​មួយ​ហើយ​ត្រូវបាន​ផ្ទេរចេញ​ក្រោយ​ការផ្ទុះ​ករណី​ឆ្លង​ពី​បន​ល្បែង​។ មេ​ប៉ូលិស​ខេត្ត​ជល​បុរី លោក Prakarn Prachong ត្រូវបាន​ផ្ទេរតំណែង​ទៅ​មជ្ឈមណ្ឌល​ប្រតិបត្តិការ នៃ​ស្នងការ​ប៉ូលិស​ជាតិ ក្រោយ​មាន​របាយការណ៍​រកឃើញ​អ្នក​ឆ្លង​កូ​វីដ​-១៩ នៅក្នុង​បន​ល្បែង​ក្នុង​ខេត្ត​។ ករណី​ផ្ទេរតំណែង ក៏​មាននៅ​ខេត្ត​រ៉ា​យ៉ង និង​តំណែង​អធិការ​ខណ្ឌ និង​មន្ត្រីប៉ូលិស​ជាន់ខ្ពស់​ផ្សេងទៀត​នៅក្នុង​ក្រុង​បាងកក​។ ស្នងការដ្ឋាន​ប៉ូលិស​ជាតិ​ថៃ ក៏​បើក​ការស៊ើបអង្កេត​លើ​មន្ត្រីប៉ូលិស​ទាំងនោះ និង​អ្នកពាក់ព័ន្ធ ជុំវិញ​ការអនុញ្ញាត​ឲ្យ​មានការ​បើក​បន​ល្បែ​ន​ខុសច្បាប់​នៅក្នុង​ខេត្ត និង​តំបន់​របស់ខ្លួន​។ 
 
​ស្របពេល​ករណី​កូ​វីដ​-១៩ កំពុងតែ​រាតត្បាត​ខ្លាំង​នៅក្នុង​ប្រទេស នាយករដ្ឋមន្ត្រី​ថៃ លោក​ប្រា​យុទ្ធ ចន្ទ​អូ​ចា បាន​បញ្ជា​ឲ្យ​ក្រសួងសុខាភិបាល ចរចា​ជាមួយ​ក្រុមហ៊ុន​ឱសថ​ជុំវិញ​ការទិញ​វ៉ាក់សាំង​ប្រឆាំង​កូ​វីដ​-១៩ ។ បើតាម​ការបញ្ជា​ក់រប​ស់​អ្នកនាំពាក្យ​រដ្ឋាភិបាល​ថៃ លោក Anucha Burapachaisri នៅ​ថ្ងៃទី​៣១ ខែធ្នូ លោក ប្រា​យុទ្ធ ចង់​ឲ្យ​ប្រជាជន​ថៃ​យ៉ាងហោចណាស់ ៥០​ភាគរយ នៃ​ប្រជាជន​សរុប ទទួលបាន​ការចាក់​វ៉ាក់សាំង​ប្រឆាំង​កូ​វីដ​-១៩​។ 
 
​នៅក្នុង​ខែវិច្ឆិកា ថៃ បាន​ចុះ​កិច្ចព្រមព្រៀង​ទិញ​វ៉ាក់សាំង​ពី​ក្រុមហ៊ុន AstraZeneca ចំនួន ២៦​លាន​ដូ​ស ដែល​នឹង​មកដល់​នៅក្នុង​ឆ្នាំ​២០២១ ខាងមុខ​៕ 

Tag:
 ថៃ​
  កូ​វីដ​-១៩
© រក្សាសិទ្ធិដោយ thmeythmey.com