ជាតិ
ឆ្លង​ឆ្នាំ​សកល​៖ ភ្នំពេញ​ទទួលបាន​ទេសចរ​ជាង​៥០​ម៉ឺន​នាក់ ព្រះសីហនុ​ជាង​៥​ម៉ឺន​នាក់ សៀមរាប​ជាង​២​ម៉ឺន​នាក់​
02, Jan 2021 , 5:39 pm        
រូបភាព
រាត្រីថ្ងៃទី៣១ធ្នូ ឆ្នាំ២០២០ នៅវិមានឈ្នះ-ឈ្នះ។
រាត្រីថ្ងៃទី៣១ធ្នូ ឆ្នាំ២០២០ នៅវិមានឈ្នះ-ឈ្នះ។
​ភ្នំពេញ​៖ ក្នុង​ពិធី​ឆ្លង​ឆ្នាំ​សកល​ចូល​២០២១ កម្ពុជា​ទទួលបាន​ភ្ញៀវទេសចរ​ជាតិ​និង​ភ្ញៀវ​បរទេស​ផ្ទៃក្នុង សរុប​ជិត​៧០​ម៉ឺន​នាក់ (៦៩៩,៧២៤​នាក់​)​។ ក្នុងនោះ នៅ​រាជធានី​ភ្នំពេញ​ទទួលបាន​ទេសចរ​ជាង​៥០​ម៉ឺន​នាក់ ខណៈ​ខេត្ត​ព្រះសីហនុ ទទួលបាន​ទេសចរ​ជាង​៥,១​ម៉ឺន​នាក់ ហើយ​ខេត្តសៀមរាប ទទួល​ទេសចរ​បាន​ត្រឹម​ជាង​២,៥​ម៉ឺន​នាក់​ប៉ុណ្ណោះ​។ នេះ​បើ​យោងតាម​របាយការណ៍រ​បស់រ​បស់​ក្រសួងទេសចរណ៍ នា​ថ្ងៃទី​២​មករា​នេះ​។​

 
​ក្រសួងទេសចរណ៍​បញ្ជា​ក់ថា គោលដៅ​ដើរ​កម្សាន្ត​របស់​ភ្ញៀវទេសចរ​ជាង​៥០​ម៉ឺន​នៅ​រាជធានី​ភ្នំពេញ នា​រាត្រី​ឆ្លង​ឆ្នាំ​សកល​ចូល​២០២១ មាន​តំបន់​កោះ​ពេជ្រ មាត់ទន្លេ​មុខ​ព្រះបរមរាជវាំង​, តំបន់​កម្សាន្ត​ជ្រោយចង្វារ និង តំបន់​វិមាន​ឈ្នះ​-​ឈ្នះ ជាដើម​។ 
 
​សម្រាប់​ឆ្លង​ឆ្នាំ​សកល នៅ​រាជធានី​ភ្នំពេញ ក៏​ដូច​បណ្តា​ខេត្ត​នានា គឺ​មិនមាន​ការរៀបចំ​ពិធី​ទទួល​ឆ្នាំ​ថ្មី ការប្រគុំ​តន្ត្រី និង ការជួបជុំ​ណាមួយ​ជា​ទ្រង់ទ្រាយ​ធំ​ឡើយ ព្រោះតែ​ការ​ប្រឈម​នៃ​ជំងឺឆ្លង​កូ​វីដ​-១៩​។ របាយការណ៍​របស់​ក្រសួងទេសចរណ៍​បាន​បញ្ជាក់ថា ក្នុងចំណោម​ភ្ញៀវទេសចរ​ជិត​៧០​ម៉ឺន​នាក់​ខាងលើ ដែល​បាន​ទៅ​កម្សាន្ត នា​ថ្ងៃ​ឆ្លង​ឆ្នាំ​សកល ក្រៅពី​ភ្នំពេញ ខេត្ត​ព្រះសីហនុ និង​ខេត្តសៀមរាប គឺ មាន​ខេត្ត​គោលដៅ​ទេសចរណ៍​សំខាន់ៗ ជាច្រើន​ផងដែរ ដូចជា​ខេត្ត​កែប ទទួលបាន​ទេសចរ​ជាង​៥,១​ម៉ឺន​នាក់ និង​ខេត្តកំពត​មាន​ជិត​១,៩​ម៉ឺន​នាក់​។​
 
​សម្រាប់​ខេត្តកំពង់ស្ពឺ ទទួលភ្ញៀវ​ទេសចរ​បា​ន​ជិត ១,២​ម៉ឺន​នាក់ ខេត្តបាត់ដំបង​បាន​ជាង ៦,៥​ពាន់​នាក់ ខេត្តកំពង់ចាម បាន​ជិត ៦,៥​ពាន់​នាក់ និង​ខេត្តកោះកុង បាន​ត្រឹម​ជាង ៣​ពាន់​នាក់ ។  ក្នុង​រាត្រី​ឆ្លង​ឆ្នាំ​សកល​នេះ ក៏មាន ប្រជាពលរដ្ឋ​មួយចំនួន​បានរៀបចំ​ពិធី​ទទួល​ឆ្នាំ​២០២១​នៅតាម​ក​គេហដ្ឋាន​រៀងៗ​ខ្លួន ដោយ​ជំនួស​ធ្វើឱ្យ​ការធ្វើដំណើរ​កម្សាន្ត​តាម​បណ្តា​ខេត្ត​នានា ដើម្បី​ការពារ​ការឆ្លង​ជំងឺ​កូ​វីដ​-១៩៕ 

Tag:
 ឆ្នាំ​សកល​
  ព្រះសីហនុ​
  សៀ​រាប
© រក្សាសិទ្ធិដោយ thmeythmey.com