អន្តរជាតិ
ហេតុអ្វី​បារាំង​ប្រកាស​ជា​សាធារណរដ្ឋ​ដល់​ទៅ​៥​ដង​?
02, Jan 2021 , 8:29 pm        
រូបភាព
រូបសំណាក់ Marianne និមិត្តរូបនៃសាធារណរដ្ឋបារាំង។ រូបភាព៖AFP
រូបសំណាក់ Marianne និមិត្តរូបនៃសាធារណរដ្ឋបារាំង។ រូបភាព៖AFP
ដោយ:
​បារាំង មានឈ្មោះ​ជា​ផ្លូវការ​ថា​ជា​សាធារណរដ្ឋ​បារាំង​។ នៅ​ឆ្នាំ​១៧៩២ មហាអំណាច​អឺរ៉ុប​នេះ​បានប្រកាស​បង្កើត​របប​សាធារណរដ្ឋ​ក្រោយ​ផ្តួល​របបរាជានិយម​ផ្តាច់ការ​ចោល​នៅ​ឆ្នាំ​១៧៨៩​។ ជា​ប្រទេស​ប្រកាន់​របប​សាធារណរដ្ឋ បារាំង​ក៏​ហៅ​របប​គ្រប់គ្រង​នៃ​រដ្ឋាភិបាល​បច្ចុប្បន្ន​ជា សាធារណរដ្ឋ​ទី​៥​ដែរ​។

 
​ស្ថិតក្នុង​ចំណោម​ប្រទេស​មហាអំណាច​ពិភពលោក និង​ជា​អតីត​ម្ចាស់​អាណានិគម​ធំ​បំផុត​ទី​ពី​រលើ​លោក​បន្ទាប់ពី​អេ​ស្ប៉ា​ញ បារាំង​ធ្លាប់​ឆ្លងកាត់​ការផ្លាស់ប្តូរ​របប​នយោបាយ​ចំនួន​ប្រាំ​ដង រាប់​ចាប់ពី​ឆ្នាំ ១៧៨៩​។ តាមពិតទៅ កត្តា​ចម្បង​បំផុត​ដែល​ជំរុញ​ឲ្យ​មានការ​ប្តូរ​ជា​បន្តបន្ទាប់​នេះ​រួមមាន វិបត្តិ និង​ជម្លោះ​នយោបាយ​ផ្ទៃក្នុង និង​ការឈ្លានពាន​ពី​សំណាក់​បរទេស​ផង​។ ខាងក្រោម​នេះ​ជាការ​រៀបរាប់​ដោយ​សង្ខេប​ពី​ព្រឹត្តិការណ៍​ដែល​បានកើត​ឡើង និង​បាន​ជំរុញ​ឲ្យ​មាន​របត់​នយោបាយ​ក្នុងសង្គម​បារាំង​៖ 
 
​សាធារណរដ្ឋ​ទី​១
​សាធារណរដ្ឋ​បារាំង​ទី​១ លេចចេញ​ជា​រូបរាង​ឡើង​នៅក្នុង​ឆ្នាំ​១៧៩២ ពោលគឺ ៣​ឆ្នាំក្រោយ​បដិវត្ត​ផ្តួលរំលំ​របបរាជានិយម​ផ្តាច់ការ​។ ស្តេច​ល្វី​ស​ទី​១៦ (Louis XVI) ត្រូវ​ប្រហារជីវិត​ជា​សាធារណៈ​ក្នុង​ឆ្នាំ​១៧៩៣​។ សាធារណរដ្ឋ​ទី​១ មាន​រដ្ឋធម្មនុញ​ដំបូង​របស់ខ្លួន​នៅ​ឆ្នាំ​១៧៩៣ ដោយ​អំណាច​គ្រប់គ្រង​ប្រទេសមួយ​ភាគ​ធំ​ត្រូវ​បានប្រគល់​ឲ្យ​សភាជាតិ​ក្នុងការ​ចាត់ចែង​ដូចជា​ការចេញ​ច្បាប់ និង​ក្រឹត្យ​ជាដើម​។ រដ្ឋាភិបាលបណ្តោះអាសន្ន​វិញ​មាន​ឈ្មោះថា «​គណៈកម្មាធិការ​សុវត្ថិភាព​សាធារណៈ​» ដែល​ដឹកនាំ​ដោយ Maximilien Robespierre ដើម្បី​ទប់ទល់​ទៅនឹង​អ្នករាជានិយម​ប្រឆាំង​បដិវត្តន៍ ក៏ដូចជា​សត្រូវ​បរទេស​ដែល​ចង់​កម្ទេច​សាធារណរដ្ឋ​ក្មេងខ្ចី ព្រោះ​របប​ថ្មី ជាការ​គំរាម​ដល់​របបរាជានិយម​ផ្តាច់ការ​ដទៃ​នៅ​អឺរ៉ុប​។​
 


​ការស្បថ​បង្កើត​រដ្ឋសភា​បារាំង ក្នុង​តារាង​វាយ​តេ​នី​ស​។ រូបភាព​៖Smithsonian
 
​ក្រោម​ការដឹកនាំ​របស់ Robespierre ពី​ឆ្នាំ​១៧៩៣ ដល់​១៧៩៤ បារាំង​ស្ថិតក្នុង​សម័យកាល​កាប់សម្លាប់​(Reign of Terror) ដែល Robespierre និង​បក្សពួក​ចាប់ឃុំខ្លួន​អ្នកប្រឆាំង​រាប់សែន​អ្នក និង​សម្លាប់​មនុស្ស​ចំនួន​មួយ​សែន​ប្រាំ​ពីរម៉ឺន​នាក់​។ សម័យកាល​នេះ​បញ្ចប់ទៅ​ក្រោយពេល Robespierre ត្រូវបាន​កាត់ទោស​ប្រហារជីវិត​ដោយ​កាត់​ក្បាល​នៅ​ខែកក្កដា ឆ្នាំ​១៧៩៤​។ ចាប់តាំងពី​ឆ្នាំ​១៧៩៥ ដល់​១៧៩៩ បារាំង​ស្ថិតក្រោម​ការគ្រប់គ្រងរ​បស់​សភា​២​ថ្នាក់ ដែល​សភា​ជាន់​ទាប​មាន​សមាជិក​៥០០​នាក់ និង​សភា​ជាន់ខ្ពស់​មាន​សមាជិក​២៥០​នាក់ រីឯ​អំណាចនីតិប្រតិបត្តិ​ស្ថិតក្រោម​ការគ្រប់គ្រងរ​បស់​បុគ្គល​ប្រាំ​រូប​។ បារាំង បន្ត​មាន​វិបត្តិ​នយោបាយ​ផ្ទៃក្នុង ហើយ​សង្គ្រាម​ជាមួយ​បរទេស​នៅតែ​បន្ត​។ 
 
​នៅ​ឆ្នាំ​១៧៩៩ របៀប​គ្រប់គ្រង​ថ្មី​មួយទៀត​លេច​រូប​ឡើង​ដោយ​រដ្ឋប្រហារ ពេលនោះ​ឧ​ត្ត​ម​សេនីយ៍ ណាប៉ូឡេអុង បូ​ណា​ប៉ាត ដឹកនាំ​បារាំង​។ នៅ​ឆ្នាំ​១៨០៤ សាធារណរដ្ឋ​បារាំង​ទី​១ ត្រូវបាន​បញ្ចប់ ក្រោយពេល ណាប៉ូឡេអុង ប្រកាស​ខ្លួន​ជា​អធិរាជ​បារាំង​។​
 
សាធារណរដ្ឋ​ទី​២
​សាធារណរដ្ឋ​បារាំង​ទី​២ មាន​អាយុ​ត្រឹមតែ​មិន​ដល់​៤​ឆ្នាំ​ផង ពោល​ពី​ឆ្នាំ​១៨៤៨ ដល់​១៨៥២​។ មុននឹង​ឈានដល់​ការបង្កើត​សាធារណរដ្ឋ​ទី​២ បារាំង​ស្ថិតក្រោម​ការគ្រប់គ្រង​នៃ​របបរាជានិយម​ជាថ្មី​រហូតដល់​ទៅ​៤៤​ឆ្នាំ ពោលគឺ ណាប៉ូឡេអុង (១៨០៤-១៨១៤) ល្វី​ស​ទី​១៨ (១៨១៥-១៨២៤) សាល​ទី​១០(១៨២៤-១៨៣០) និង​ល្វី​ហ្វី​លី​ព (១៨៣០-១៨៤៨)​។​
 
​ក្រោយ​ការដាក់រាជ្យ​របស់​ស្តេច ល្វី​ស ហ្វី​លី​ព ដែល​បណ្តាលមកពី​បដិវត្ត បក្សនយោបាយ​បារាំង​សម្រេច​បង្កើត​សាធារណរដ្ឋ​ទី​២ ដោយមាន​ការបោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​ដោយផ្ទាល់​នៅ​ឆ្នាំ​១៨៤៨ ដោយមាន​អាណត្តិ​៤​ឆ្នាំ និង​មិនអាច​ឈរឈ្មោះ​ជាថ្មី​បានឡើយ​។ ប្រធានាធិបតី​ដំបូង​នៃ​សាធារណរដ្ឋ​ទី​២ គឺ​ណាប៉ូឡេអុង​ទី​៣ ដែលជា​ក្មួយបង្កើត​របស់​អធិរាជ​ណាប៉ូឡេអុង​។ នៅ​ខែធ្នូ​ឆ្នាំ​១៨៥១ ណាប៉ូឡេអុង​ទី​៣ ប្រកាស​ខ្លួន​ជា​អធិរាជ និង​កាន់អំណាច​រហូតដល់​ឆ្នាំ​១៨៧០ ក្រោយ​ចាញ់​សង្គ្រាម​ជាមួយ​ព្រូ​ស្យា​(Prussia) ហើយ​ត្រូវ​សភា​បារាំង​បោះឆ្នោត​ទម្លាក់​ចេញពី​តំណែង និង​បង្កើត​សាធារណរដ្ឋ​ទី​៣​។ 
 


​អធិរាជ​ណាប៉ូឡេអុង​ទី​៣ ជួប​អធិការបតី​អាល្លឺម៉ង់ ប៊ី​ស្មា​ក់ ក្រោយ​ត្រូវ​ចាប់ខ្លួន​។​

​សាធារណរដ្ឋ​ទី​៣
 
​សាធារណរដ្ឋ​បារាំង​ទី៣ មាន​អាយុកាល​៧០​ឆ្នាំ គឺ​ពី​ឆ្នាំ ១៨៧០ ដល់​១៩៤០ ដោយមាន​រដ្ឋធម្មនុញ្ញ​ក្នុង​ឆ្នាំ​១៨៧៥​។ សាធារណរដ្ឋ​នេះ មាន​ប្រព័ន្ធគ្រប់គ្រង​រដ្ឋាភិបាល​បែប​សភានិយម មាន​រដ្ឋសភា និង​ព្រឹទ្ធសភា រីឯ​នាយករដ្ឋមន្ត្រី​មានអំណាច​ច្រើន ខណៈ​ប្រធានាធិបតី​ត្រឹមតែ​ជា​និមិត្តរូប​តែប៉ុណ្ណោះ​។ ក្នុង​រយៈពេល​៧០​ឆ្នាំ នៃ​របប​សា​ធាណ​រដ្ឋ​ទី​៣​នេះ បារាំង​តែងតែ​ជួប​វិបត្តិ​នយោបាយ​ជារឿយៗ ដោយមាន​ការដោះដូរ​គ​ណៈ​រដ្ឋមន្ត្រី និង​នាយករដ្ឋមន្ត្រី​យ៉ាងហោចណាស់​១០៧​ដង​ក្នុង​រយៈពេល​៧០​ឆ្នាំ​។​ប៉ុន្តែ​សាធារណរដ្ឋ​ទី​៣ ក៏​ជា​ពេលដែល​បារាំង​ឃើញ​ការរីកចម្រើន​សេដ្ឋកិច្ច និង​ពង្រីក​ដែន​អាណានិគម​របស់ខ្លួន​ផងដែរ​។ 
​សាធារណរដ្ឋ​ទី​៣ បញ្ចប់​ក្នុង​ឆ្នាំ​១៩៤០ ក្រោយ​អាល្លឺម៉ង់​វាយលុក​ចូលកាន់​កាប់​បារាំង ក្នុង​សង្គ្រាមលោកលើកទី​២​។​
 
​សាធារណរដ្ឋ​ទី​៤
​សាធារណរដ្ឋ​បារាំង​ទី​៤ កើតឡើង​ក្រោយ​សង្គ្រាមលោកលើកទី​២ ពី​ឆ្នាំ​១៩៤៦ ដល់​១៩៥៨​។ មិន​ខុសពី​សាធារណរដ្ឋ​ទី​៣ សាធារណរដ្ឋ​ទី​៤​នេះ​កាន់​យក​ប្រព័ន្ធគ្រប់គ្រង​រដ្ឋាភិបាល​បែប​សភានិយម​។ ប៉ុន្តែ​ការជ្រើសរើស​ប្រព័ន្ធ​នេះ បណ្តាល​ឲ្យ​មាន​គណបក្ស​ច្រើន ដែលជា​ហេតុ​ពិបាក​ក្នុង​ការរក្សា​រដ្ឋាភិបាល​ចម្រុះ​មួយ​ឲ្យ​មាន​ស្ថិរភាព​។ ជា​មធ្យម រដ្ឋាភិបាល​មាន​អាយុ​ត្រឹមតែ​៦​ខែ ចំណែកឯ​នាយករដ្ឋមន្ត្រី​មាន​ដល់​ទៅ​១៦​រូប ក្នុង​រយៈពេល​១២​ឆ្នាំ​។​
 
​ប៉ុន្តែ​ការរំលាយ​សាធារណរដ្ឋ​ទី​៤ នៅ​ឆ្នាំ​១៩៥៨ នេះ​មិនមែន​បណ្តាលមកពី​អស្ថិរភាព​រដ្ឋាភិបាល​ទាំងស្រុង​ឡើយ​។ មួយផ្នែកធំ​គឺ​បណ្តាលមកពី​រដ្ឋប្រហារ​របស់​ទាហាន​បារាំង ជុំវិញ​ការគ្រប់គ្រង​អាល់​ហ្សេ​រី​។ អាល់​ហ្សេ​រី ជា​ដែនដី​អាណានិគម​ដែល​នៅ​ជិត​បារាំង​ជាងគេ​បង្អស់ និង​មាន​ជនជាតិ​អឺរ៉ុប​រស់នៅ​ជាង​១​លាន​នាក់​។​
 
​សង្គ្រាម​ឯករាជ្យ​អាល់​ហ្សេ​រី​ផ្ទុះឡើង​ក្នុង​ឆ្នាំ​១៩៥៤ ដោយ​បារម្ភ​ខ្លាចក្រែង​រដ្ឋាភិបាល​បារាំង​បោះបង់​អាល់​ហ្សេ​រី ដូច​ដែនដី​ឥណ្ឌូចិន ទាហាន​បារាំង​ធ្វើ​រដ្ឋប្រហារ​ចូល​គ្រប់គ្រង​អាល់​ហ្សេ​រី​ជំនួស​រដ្ឋា​បាល​ស៊ីវិល នៅ​ថ្ងៃទី​១៣ ឧសភា ឆ្នាំ​១៩៥៨ និង​បន្ត​មកកាន់​កាប់​កោះ Corsica នៅ​ភាគខាងត្បូង​បារាំង​នា​ថ្ងៃទី​២៤ ឧសភា ឆ្នាំ​១៩៥៨​។ កងទ័ព​បារាំង​ទាមទារ​ផងដែរ​ឲ្យ​ឧ​ត្ត​ម​សេនីយ៍ ហ្សា​ល ដឺ​ហ្គោល ដឹកនាំ​បារាំង​វិញ បើ​ពុំ​ដូច្នេះ​ទេ​ក្រុម​កងទ័ព​នឹង​ចូល​កាន់កាប់​រដ្ឋធានី​ប៉ារីស​។ 
 
​ប្រឈម​នឹង​ស្ថានការណ៍​ទាន់ហន់​នេះ រដ្ឋាភិបាល​បារាំង​យល់ព្រម​នឹង​ការទាមទារ ដោយ​បោះឆ្នោត​រំលាយ​សភា និង​ប្រគល់​អំណាច​ឲ្យ​ឧ​ត្ត​ម​សេនីយ៍ ដឺ​ហ្គោល ដឹកនាំ​បង្កើត​សភាធម្មនុញ្ញ និង​ព្រាង​រដ្ឋធម្មនុញ្ញ​មួយ​ថ្មី​។​
 
សាធារណរដ្ឋ​ទី​៥
​នៅ​ថ្ងៃទី​៤ តុលា ឆ្នាំ​១៩៥៨ រដ្ឋធម្មនុញ្ញ​នៃ​ថ្មី​មួយ​ត្រូ​បានអនុម័ត ដែល​ឈានដល់​ការបង្កើត​សាធារណរដ្ឋ​ទី​៥​។ សាធារណរដ្ឋ​ទី​៥​នេះ ជា​របប​ពាក់កណ្តាល​ប្រធានាធិបតីនិយម ផ្ទុយ​ពី​សាធារណរដ្ឋ​ទី​៣ និង​ទី​៤​។ សាធារណរដ្ឋ​ទី​៥ ផ្តល់​អំណាច​ច្រើន​ដល់​ប្រធានាធិបតី​ដើម្បី​បង្ការ​ការជាប់គាំង​នយោបាយ​ជាពិសេស​វិស័យ​ការបរទេស និង​យោធា ចំណែក​នាយករដ្ឋមន្ត្រី​ទទួលខុសត្រូវ​ចំពោះមុខ​រដ្ឋសភា និង​ព្រឹទ្ធសភា​។​
 


​អតីត​ប្រធានាធិបតី​បារាំង ហ្សា​ល ដឺ​ហ្គោល​។​រូបភាព​៖AFP
 
​ប្រធានាធិបតី ឡើងកាន់​អំណាច​តាមរយៈ​ការបោះឆ្នោត​ជាស​កល​។ ចំណែក​នាយករដ្ឋមន្ត្រី​ត្រូវ​ទទួល​សេចក្តីទុកចិត្ត​ពីស​ភា​។ ប្រធានាធិបតី​ទី​១ នៃ​សាធារណរដ្ឋ​បារាំង​គឺ​ឧ​ត្ត​ម​សេនីយ៍​ហ្សា​ល ដឺ​ហ្គោល តែម្ដង​៕
 
 
 

Tag:
 បារាំង​
  របប​គ្រប់គ្រង​រដ្ឋ
© រក្សាសិទ្ធិដោយ thmeythmey.com