ជាតិ
សេដ្ឋកិច្ច
CDC អនុម័តឱ្យក្រុមហ៊ុន៤ទៀត បង្កើតរោងចក្រដែលអាចបង្កើតការងារជាង២០០០កន្លែង ទីស្នាក់របស់CDC នៅជិតរម្យណីដ្ឋានវត្តភ្នំ រាជធានីភ្នំពេញ។ រូបថត៖ CDC
× ភ្នំពេញ៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) បានអនុម័តឱ្យក្រុមហ៊ុនថ្មី៤ទៀត ដែលមានទុនវិនិយោគ សរុប២១,៨លានដុល្លារ បង្កើតរោងចក្រនានា នៅក្នុងខេត្តកណ្តាល, ព្រះសីហនុ និងស្វាយរៀង។ CDC បានបញ្ជាក់ថា រោងចក្ររបស់ក្រុមហ៊ុនទាំង៤នេះ អាចបង្កើតការងារជូនពលរដ្ឋបានរហូត ២,៤៦៤កន្លែង។
បើតាមការចុះផ្សាយរបស់CDCកាលពីថ្ងៃទី៣១ធ្នូ ឆ្នាំ២០២០ ក្រុមហ៊ុនទាំង៤នោះ មាន JIAYUAN HENGRUN INT’L TEXTILE CO., LTD គ្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ក្នុងតម្លៃវិនិយោគ៦,៦លានដុល្លារ។ រោងចក្ររបស់ក្រុមហ៊ុននេះ ស្ថិតនៅភូមិលេខ៤ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ដែលអាចបង្កើតការងារជូនពលរដ្ឋ បានជិត២ពាន់កន្លែង ខណៈ ក្រុមហ៊ុន H.R ENTERPRISE CO., LTD ត្រូវបានCDC អនុញ្ញាតឱ្យបង្កើតរោងចក្រផលិតកេសកាតុងគ្រប់ប្រភេទ នៅភូមិអណ្តូង ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល ក្នុងទំហំវិនិយោគ៣,១លានដុល្លារ។ សម្រាប់រោងចក្រ អាចបង្កើតការងារបាន២០៥កន្លែង។
ជាមួយគ្នានេះ CDC ក៏បានអនុញ្ញាតឱ្យក្រុមហ៊ុនCAMBODIAN NEW JUIHUAN TRADING CO., LTD ដែលបោះទុនវិនិយោគ៥,២លានដុល្លារ ដើម្បីបង្កើតរោងចក្រកែច្នៃដែក និងផលិតបំពង់បឺតខ្យល់ នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ផងដែរ។ តាមរយៈរោងចក្រនេះ គឺអាចបង្កើតការងារដល់ពលរដ្ឋបាន ១២០កន្លែង ស្របពេលដែលក្រុមហ៊ុន PINNACLE HOME COLLECTION CO., LTD បង្កើតរោងចក្រផលិតអំពូលភ្លើង គ្រឿងបង្គុំអំពូលភ្លើង និងសម្ភារៈវេចខ្ចប់គ្រប់ប្រភេទនៅខេត្តស្វាយវៀង អាចផ្តល់ឱកាសការងារ បានជាង២០០កន្លែង។ ក្រុមហ៊ុន PINNACLE HOME COLLECTION បានបោះទុនវិនិយោគ៦,៩លានដុល្លារ ក្នុងការបង្កើតរោងចក្រនេះឡើង៕
Tag:
CDC
រោងចក្រ
កណ្តាល
ព្រះសីហនុ
ស្វាយរៀង
© រក្សាសិទ្ធិដោយ thmeythmey.com