COVID-19
អន្តរជាតិ
លោក ច​ន​សុន ប្រកាស​បិទ​អង់គ្លេស​ជាថ្មី ដោយសារ​ករណី​ឆ្លង​ហក់​ឡើង​ខ្លាំង​
05, Jan 2021 , 11:53 am        
រូបភាព
នាយករដ្ឋមន្រ្តីអង់គ្លេស លោក បូរីស ចនសុន។ រូបភាព៖ AFP
នាយករដ្ឋមន្រ្តីអង់គ្លេស លោក បូរីស ចនសុន។ រូបភាព៖ AFP
​នាយករដ្ឋមន្ត្រី​ចក្រភព​អង់គ្លេស លោក បូរី​ស ច​ន​សុន នៅ​ថ្ងៃទី​៤ ខែមករា បានប្រកាស​បិទ​អង់គ្លេស​សារជាថ្មី ដើម្បី​ទប់ស្កាត់​ការ​រាតត្បាត​ជំងឺ​កូ​វីដ​-១៩ និង​ជួយសង្គ្រោះ​ប្រព័ន្ធ​សុខាភិបាល ដែល​កំពុងមាន​សម្ពាធ​ខ្លាំង​។ ការប្រកាស​បិទ​តំបន់​នេះ ធ្វើឡើង​តែ​ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ បន្ទាប់ពី​អង់គ្លេស​បានចាប់ផ្តើម​ចាក់​វ៉ាក់សាំង​របស់​សកលវិទ្យា​ល័យ Oxford ដែល​សហការ​ជាមួយ​ក្រុមហ៊ុន​ឱសថ AstraZeneca​។

 
​ស្ថានការណ៍​កូ​វីដ​-១៩ របស់​ចក្រភព​អង់គ្លេស មិនបាន​ថមថយ​ឡើយ បើទោះបីជា​រដ្ឋាភិបាល​ចាត់វិធានការ​តឹងរ៉ឹង ការកំណត់​ចំនួន​មនុស្ស​ក្នុងការ​ជួបជុំ ការបិទ​ទីកន្លែង​សាធារណៈ​មួយចំនួន​ក៏ដោយ​។ នៅ​ថ្ងៃទី​៤ ខែមករា អង់គ្លេស បានប្រកាសថា ករណី​ឆ្លង​ថ្មី​មាន​ចំនួន ៥៨៧៨៤​ករណី និង​អ្នកស្លាប់ ៤០៧​នាក់​។ ការ​ហក់​ឡើង​នៃ​ករណី​ឆ្លង​ប្រចាំ​ថ្ងៃនេះ បណ្តាលមកពី​កូ​រ៉ូ​ណាវី​រុស​ដែល​វិ​វ​ឌ្ឍ​ទៅជា​ទម្រង់​ថ្មី VUI–202012/01 ដែល​ត្រូវបាន​រកឃើញ​កន្លងទៅ​។ 
 
​ជាមួយ​ការកើនឡើង​ករណី​ឆ្លង ស្របពេល​មន្ទីរពេទ្យ​នៅ​អង់គ្លេស​កំពុងមាន​អ្នកជំងឺ​កូ​វីដ​-១៩ ច្រើន នាយករដ្ឋមន្ត្រី​ចក្រភព​អង់គ្លេស បូរី​ស ច​ន​សុន បានប្រកាស​បិទ​តំបន់​អង់គ្លេស​ទាំងមូល​។ 
 
«​ដូចនេះ យើង​ត្រូវតែ​បិទ​អង់គ្លេស ដែលជា​វិធានការ​រឹតត្បិត​បំផុត​ដើម្បី​ទប់ស្កាត់​ទម្រង់​ថ្មី​នៃ​កូ​រ៉ូ​ណាវី​រុស​នេះ​»​។ លោក ច​ន​សុន បានលើកឡើង​បែបនេះ​ក្នុង​សុន្ទរកថា​ទៅកាន់​ប្រជាជន ដោយ​បន្ថែមថា បើសិន​បើ​ស្ថានការណ៍​កូ​វីដ​-១៩ អាច​ធូរស្រាល អង់គ្លេស​អាច​នឹង​ដើរ​ចេញពី​ការបិទ​តំបន់​នេះ​នៅ​ពាក់កណ្តាល​ខែកុម្ភៈ​ខាងមុខ​។ នេះ​បើតាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters​។ លោក​ពន្យល់ថា ការបិទ​តំបន់ ជា​ជម្រើស​ល្អ​បំផុត ស្របពេល​ប្រទេស​កំពុងមាន​សម្ពាធ​ខ្ពស់​។ 
 
​សម្រាប់​ការបិទ​ប្រទេស​ជាថ្មី​នេះ អង់គ្លេស បាន​បិទ​ហាង​ទំនិញ និង​មុខ​ជំនួញ​មិនចាំបាច់​មួយចំនួន​។ សាលារៀន​ទាំងអស់ ត្រូវ​បិទ ប៉ុន្តែ​ក្មេងៗ ដែលមាន​ឪពុកម្តាយ​មាន​ការងារ​សំខាន់ អាច​បញ្ជូនទៅ​សាលារៀន​បាន​។ ចំណែក​ការប្រលង​ផ្សេងៗ មិនអាច​ធ្វើឡើង​បានឡើយ​។ ចន្លោះ​ពី​ខែមេសា ដល់​ខែមិថុនា អង់គ្លេស បាន​ខូចខាត​សេដ្ឋកិច្ច​របស់ខ្លួន​ប្រមាណ​២០​ភាគរយ ដោយសារ​ការបិទ​តំបន់ ស្របពេល​ក្រុមហ៊ុន​មួយចំនួន​ត្រូវ​ក្ស័យធន​។  
 
​ក្រៅពី​អង់គ្លេស ទឹកដី​ចក្រភព​អង់គ្លេស​ឯទៀត​ដូចជា ស្កុ​តឡែ​ន វែ​ល និង​អៀរ​ឡង់​ខាងជើង មិនសូវមាន​វិធានការ​តឹង​រ៉ឺ​ង​ឡើយ​។ នៅ​ស្កុ​តឡែ​ន រដ្ឋមន្ត្រី​ទីមួយ លោកស្រី Nicola Sturgeon ប្រកាស​ដាក់​រដ្ឋ​ក្រោម​ការ​រឹតបន្តឹង​ដែលមាន​សុពលភាព​ចាប់តាំងពី​ពាក់​កណ្តាលយប់ ថ្ងៃទី​៤ ខែមករា​តទៅ​។ ចំណែក​វែ​ល និង​អៀរ​ឡង់ មិនបាន​បិទ​តំបន់​ដូច​គេ​ឡើយ ប៉ុន្តែ​ស្ថិតនៅក្នុង​វិធានការ​រឹតត្បិត​មួយចំនួន​ដែល​តម្រូវ​ឲ្យ​បិទ​សាលារៀន និង​ហាម​ការជួបប្រជុំ​។ 
 
​ការប្រកាស​បិទ​ប្រទេស​នេះ ធ្វើឡើង​តែ​ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ បន្ទាប់ពី​អង់គ្លេស បានប្រកាស​ឲ្យ​ប្រើប្រាស់​វ៉ាក់សាំង​របស់​ក្រុមហ៊ុន AstraZeneca ដែល​សហការ​ជាមួយ​សកល​វិទ្យាល័យ Oxford​។ យុទ្ធនា​ការចាក់​វ៉ាក់សាំង​ទី​ពីរ ដែល​អនុម័ត​ឲ្យ​ប្រើប្រាស់​នៅ​ចក្រភព​អង់គ្លេស​នេះ ត្រូវបាន​រដ្ឋាភិបាល​សាទរ​យ៉ាងខ្លាំង ព្រោះ​វា​ជា​ចំណែក​មួយ ទប់ស្កាត់​ការ​រាតត្បាត​កូ​រ៉ូ​ណាវី​រុស ក៏ដូចជា​ទម្រង់​ថ្មី​នៃ​កូ​រ៉ូ​ណាវី​រុស ដែល​កំពុង​អុកឡុក​ផងដែរ​។ 
 
​លោកតា Brian Pinker ដែលមាន​វ័យ ៨២​ឆ្នាំ និង​ជា​អ្នកជំងឺ​ត្រូវ​លាង​ឈាម​នោះ បានទទួល​ការចាក់​វ៉ាក់សាំង​របស់​សកលវិទ្យា​ល័យ Oxford ដំបូង​គេ​។ បើតាម​ការអះអាង​រប​ស់​អ្នកគ្រប់គ្រង​លើ​ការថែទាំ​ចូលនិវត្តន៍​រូបនេះ លោក​ពិតជា​សប្បាយចិត្ត​ណាស់ ដែល​ទទួលបាន​វ៉ាក់សាំង​អភិវឌ្ឍ​ដោយ​សកល​វិទ្យាល័យ Oxford​។ 
 
​គិត​ត្រឹម​ថ្ងៃទី​៤ ខែមករា អង់គ្លេស មាន​ករណី​ឆ្លង​សរុប​ចំនួន​ជាង ២,៧​លាន​ករណី និង​អ្នក​ស្លាប់មាន​ចំនួន​ជាង ៧,៥​ម៉ឺន​នាក់​៕ 

Tag:
 អង់គ្លេស​
  កូ​វីដ​-១៩
© រក្សាសិទ្ធិដោយ thmeythmey.com