ធី លៀង ដែល​ជួយ U18 កម្ពុជា​យកឈ្នះ​វៀតណាម និង​យុវជន​៣​រូប​ទៀត ត្រូវបាន​រំសាយ​ពី​បាទី​
កីឡាជាតិ
ជាតិ
ធី លៀង ដែល​ជួយ U18 កម្ពុជា​យកឈ្នះ​វៀតណាម និង​យុវជន​៣​រូប​ទៀត ត្រូវបាន​រំសាយ​ពី​បាទី​
06, Jan 2021 , 10:29 pm        
រូបភាព
កីឡាករ ធី លៀង ផ្តល់បទសម្ភាសដល់អ្នកសារព័ត៌មានក្រោយជំនួប AFC U19 Championship
កីឡាករ ធី លៀង ផ្តល់បទសម្ភាសដល់អ្នកសារព័ត៌មានក្រោយជំនួប AFC U19 Championship
​ខ្សែបម្រើ ធី លៀង ដែល​បានរួម​ចំណែក​ជួយ​សាង​ប្រវត្តិសាស្ត្រ​ឲ្យ​កម្ពុជា​ក្នុង​ព្រឹត្តិការណ៍ AFF U18 Championship កាលពី​ឆ្នាំ​២០១៩ រួមជាមួយ​យុវជន​៣​រូប​ផ្សេងទៀត ត្រូវបាន​រំសាយ​ការប្រមូលផ្តុំ​ហ្វឹកហាត់​ពី​មជ្ឈមណ្ឌល​សាលា​បាល់ទាត់​ជាតិ​បាទី​។ នេះ​បើតាម​ការប្រកាស​របស់​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា កាលពី​ថ្ងៃទី​៥ មករា ឆ្នាំ​២០២០​។​

 
​យុវជន​ចំនួន​៤​រូប​រួមមាន​ខ្សែបម្រើ ធី លៀង​, អ្នកចាំទី ទួត សារ៉ូ​ត​, ខ្សែការពារ ជា សុខ​ម៉េង និង​កីឡាករ ឈឹម ពេ​ជ​ពន្លឺ ត្រូវបាន​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា ប្រកាស​រំសាយ​ការហ្វឹកហាត់​ពីសា​លា​បាល់ទាត់​ជាតិ​បាទី​។ ការប្រកាស​នេះ ធ្វើឡើង​ក្រោយ​ពួកគេ​ទាំង​៣​រូប ដល់​អាយុ​កំណត់​ដែល​ត្រូវ​រំសាយ​ត្រឹម​ឆ្នាំ​២០២១​។ កីឡាករ​ទាំងបី​រូប សុទ្ធតែ​កើត​នៅ​ឆ្នាំ​២០០២​។ 
 

 
​ខ្សែបម្រើ ធី លៀង បានរួម​ចំណែក​ជួយ​ឲ្យ​ក្រុម​ជម្រើសជាតិ​អាយុ​ក្រោម​១៨​ឆ្នាំ​កម្ពុជា យកឈ្នះ​ក្រុម​ម្ចាស់ផ្ទះ​វៀតណាម​ក្នុង​លទ្ធផល ២-១ នា​ការប្រកួត AFF U18 Championship កាលពី​អំឡុង​ខែសីហា ឆ្នាំ​២០១៩​។ ដោយ​កាលនោះ ធី លៀង ជា​អ្នករក​គ្រាប់​បាល់​ទី​ពីរ​ឲ្យ​កម្ពុជា​នៅ​នាទី​បន្ថែម​ក្នុង​តង់​ទី​ពីរ បន្ទាប់ពី​គ្រាប់​បាល់​នាំមុខ​របស់​ខ្សែប្រយុទ្ធ សៀង ច​ន្ធា​។    
 
​គ្រាប់​បាល់​មួយ​គ្រាប់​របស់ ធី លៀង នៅ​ចុង​ម៉ោង ដែល​អាជ្ញាកណ្តាល​រៀបនឹង​ផ្លុំ​កញ្ចែ​បញ្ចប់​ការប្រកួត​នេះ បាន​ជួយ​សាង​ប្រវត្តិសាស្ត្រ​ឲ្យ​វិស័យ​កីឡាបាល់ទាត់​កម្ពុជា ខណៈ​កន្លងមក​ក្រុម U18 កម្ពុជា​ពុំ​ធ្លាប់​ឈ្នះ​វៀតណាម​នោះទេ​។ នៅ​ឆ្នាំ​២០០២ កម្ពុជា​ចាញ់​វៀតណាម ៣-១ បន្ទាប់មក​នៅ​ឆ្នាំ​២០០៣ និង ២០០៧ កម្ពុជា​ចាញ់​វៀតណាម​ក្នុង​លទ្ធផល ៥-០ ដូចគ្នា​។ 
 
​នៅក្នុង​ជំនួប​កម្ពុ​ជាយ​ក​ឈ្នះ​វៀតណាម ២-១ ជា​ប្រវត្តិសាស្ត្រ​នោះដែរ ក៏មាន​វត្តមាន​ខ្សែការពារ ជា សុខ​ម៉េង ផងដែរ​៕
 

Tag:
 បាល់ទាត់​
  ធី លៀង​
  ជា សុខ​ម៉េង​
  ទួត សារ៉ូ​ត​
  ឈឹម ពេ​ជ​ពន្លឺ
© រក្សាសិទ្ធិដោយ thmeythmey.com