ជាតិ
២៥ខេត្ត/រាជធានី
ច្នៃសំណល់ប្លាស្ទិកតុបតែងផ្ទះ ធ្វើឲ្យតូបចាប់ហួយ លោកតា៩៧ មានភ្ញៀវមិនចេះដាច់
09, Jan 2021 , 11:59 am        
រូបភាព
ដោយ:
 
ពោធិ៍សាត់៖ ធ្វើដំណើរពីពោធិ៍សាត់ ទៅកោះកុងតាមផ្លូវជាតិលេខ៥៥ អ្នកដំណើរនឹងឃើញផ្ទះលក់ចាប់ហួយមួយ ដែលស្ថិតនៅទល់មុខផ្លូវចូលទឹកធ្លាក់ឆាយប្រុយ ដេលស្ថិតនៅក្នុងស្រុកវាលវែង ខេត្តពោធិ៍សាត់។ ជាផ្ទះរបស់លោក សេង ម៉េងគ្រី ដែលគេស្គាល់ថាផ្ទះតា៩៧ ។ ដ្បិតមានផ្ទះនៅដាច់ស្រយាលពីគេ ប៉ុន្តែទីនេះមានបរិស្ថានស្អាត គ្មានសំរាម ពោលគឺលោក ម៉េងគ្រី បានច្នៃសំណល់ប្លាស្ទិក មកតុបតែងបង្កើនសោភណភាពផ្ទះរបស់ខ្លួនថែមទៀតផង។សម្រាប់លោក ម៉េងគ្រី ការរក្សាបរិស្ថាននៅជុំវិញផ្ទះ មិនមែនជារឿងលំបាកនោះទេ ហើយវាថែមទៀតផ្ដល់ប្រយោជន៍ច្រើនដល់ការរស់នៅផងដែរ។



ដើម្បីជ្រាបកាន់តែច្បាស់ សូមអញ្ជើញ លោក អ្នកនាង ទស្សនាបទសម្ភាសរវាងកញ្ញា ជឿន ស្រីណយ អ្នកសារព័ត៌មានThmeyThmey25 និង លោក សេង ម៉េងគ្រី ដូចតទៅ៖
ស្ថិតនៅចម្ងាយប្រមាណ ២៧គីឡូម៉ែត្រ ពីឃុំអូរសោម ស្រុកវាលវែង ខេត្តពោធិ៍សាត់ ផ្ទះរបស់លោក សេង ម៉េងគ្រី ដែលគេស្គាល់ថា តា៩៧ មានបរិស្ថានស្អាត គ្មានសំរាម ជាពិសេសការតុបតែងផ្ទះពីប្លាស្ទិក។ បរិស្ថានស្អាតនេះហើយ បានធ្វើឲ្យផ្ទះលក់ចាប់ហួយ ដែលនៅដាច់ឆ្ងាយពីគេមួយនេះ មានភ្ញៀវចេញចូលមិនចេះដាច់។ ភ្ញៀវទេសចរដែលទៅលេងរមណីយដ្ឋានទឹកធ្លាក់ឆាយប្រុយ ក៏អាចទៅបោះតង់សម្រាក នៅផ្ទះលោក ម៉េងគ្រីបានដែរ។

លោក សេង ម៉េងគ្រី បានរើសយកកំប៉ុងមីជាង៨០០កំប៉ុង ដែលភ្ញៀវបរិភោគរួចយកមករៀបចំជាកំពូលប្រាសាទ និងច្នៃកំប៉ុងភេសជ្ជៈ សម្រាប់លម្អផ្ទះរបស់លោក ឲ្យមានភាពប្លែកភ្នែក និងទាក់ទាញផងដែរ។ លោកសេង ម៉េងគ្រី រៀបរាប់បន្តថា៖«ការកែច្នៃប្លាស្ទិកសម្រាប់តុបតែងធ្វើឲ្យ យើងចំណេញច្រើន។ បើយើងបោះសំរាមចោលវាខូចបរិស្ថាន តែពេលយើងកែច្នៃបែបនេះ អាចទាក់ទាញចិត្តអ្នកឆ្លងកាត់មកចូលថតរូប យើងក៏អាចលក់ដាច់ផងដែរ ហើយមានអ្នកខ្លះគាត់អាចបោះតង់សម្រាកព្រោះយើងមានបរិស្ថានស្អាត »។

សម្រាប់បុរសចំណាស់រូបនេះ ការថែរក្សាបរិស្ថាន និងកែច្នៃប្លាស្ទិក មិនមែនជារឿងពិបាកនោះទេ។ ផ្ទុយទៅវិញ បរិស្ថានស្អាត ធ្វើឲ្យមនុស្សរស់នៅដោយសប្បាយចិត្ត ហើយក៏ជាជាគំរូនៃការថែរក្សាបរិស្ថាន ទៅដល់ភ្ញៀវទេសចរដែលទៅកម្សាន្តនៅរមណីយដ្ឋានទឹកធ្លាក់ឆាយប្រុយ និងអ្នកដំណើរឆ្លងកាត់ផងដែរ។ នេះជាបញ្ជាក់បន្ថែមរបស់លោក សេង ម៉េងគ្រី។

រស់នៅ និងប្រកបរបរលក់ចាប់ហួយក្បែរមណីយដ្ឋានទឹកធ្លាក់ឆាយប្រុយជិត១០ឆ្នាំមក ធ្វើឲ្យលោកម៉េងគ្រី ឬតា៩៧ កាន់តែស្រលាញ់ជាប់ចិត្តនឹងការរស់នៅក្នុងទីដាច់ស្រយាលនេះ និងគ្មានបំណងប្តូរទីលំនៅនោះទេ។ លោក ម៉េងគ្រី រៀបរាប់ដូច្នេះ៖ «តាំងពីមករស់នៅទីនេះ ខ្ញុំគ្មានបំណងចង់ទៅរស់នៅស្រុកកំណើតវិញទេ។ ខ្ញុំស្រលាញ់បរិស្ថាន ធម្មជាតិនៅទីនេះណាស់ សូម្បីដើមឈើ ខ្ញុំមិនហ៊ានកាប់មួយដើមផង។ ខ្ញុំសំណូមពរ ដល់ភ្ញៀវទេសចរ និងអ្នកដំណើរ ឆ្លងកាត់កុំបោះសំរាមផ្ដេសផ្ដាស បើមិនមានកន្លែងបោះអាចយកមកដាក់ធុងសំរាមផ្ទះខ្ញុំបាន។ ចាំខ្ញុំប្រមូលដុតឲ្យត្រឹមត្រូវ»៕




Tag:
 ទឹកធ្លាក់ឆាយប្រុយ
  តា៩៧
  សម្ភាស
  វីដេអូ
  ពោធិ៍សាត់
© រក្សាសិទ្ធិដោយ thmeythmey.com