ជាតិ
២៥ខេត្ត/រាជធានី
ក្រៅពីរៀនអក្សរ សិស្សសាលាស្វាយជ្រំ ក៏ចេះកសិកម្ម និងរួមចំណែកការពារបរិស្ថានផងដែរ
09, Jan 2021 , 8:30 pm        
រូបភាព
 រូបភាពផ្ដល់ដោយលោក ចាន់ សំអន នាយកសាលាស្វាយជ្រំ
រូបភាពផ្ដល់ដោយលោក ចាន់ សំអន នាយកសាលាស្វាយជ្រំ
ស្ថិតក្នុងភូមិស្វាយក្ងោ ឃុំស្វាយជ្រំ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង សាលាបឋមសិក្សាស្វាយជ្រំ បានបណ្ដុះគំនិតក្មេងឲ្យចេះស្រឡាញ់បរិស្ថាន និងដាំបន្លែជាច្រើនប្រភេទ ក្នុងទីធ្លាសាលារៀន។ ក្រៅពីនោះ សាលាក៏មានសកម្មភាពមួយចំនួនផ្សេងទៀតដូចជា ការចិញ្ចឹមត្រី ការធ្វើជីកំប៉ុស្តសម្រាប់ស្រោចដំណាំ និងប្រមូលសំរាមក្នុងបរិវេណសាលាជាដើម។



រយៈពេលជិត៨ឆ្នាំហើយ ដែលសិស្សសាលាបឋមស្វាយជ្រំ បាននាំគ្នាដាំបន្លែ ចិញ្ចឹមត្រី នៅក្នុងសាលាខ្លួន។ សកម្មភាពទាំងនេះ គឺជាការងាររួមដែលសាលាតម្រូវឲ្យសិស្សចាប់ពីថ្នាក់ទី៤ ដល់ទី៦ ត្រូវអនុវត្តនៅរៀងរាល់ថ្ងៃព្រហស្បតិ៍ ហើយចាត់ទុកជាមេរៀនបំណិនជីវិត។ នេះបើតាមលោក លោក ចាន់ សំអន នាយកសាលាបឋមសិក្សាស្វាយជ្រំ ដែលបានថ្លែងប្រាប់សារព័ត៌មានThmeythmey25 តាមទូរសព្ទ។

លោកនាយកសាលាបឋមសិក្សាស្វាយជ្រំ  ឲ្យដឹងទៀតថា បន្លែដែលដាំដោយសិស្សានុសិស្សនោះ មានដូចជាពោតបារាំង ត្រកួន និងស្ពៃជាដើម លើផ្ទៃដី១០ម៉ែត្រ គុណនឹង ៤០ម៉ែត្រ ហើយក៏មានស្រះចិញ្ចឹមត្រីចំនួន៣ផងដែរ។

បើតាមលោក ចាន់ សំអន គោលបំណងដែលសាលាឲ្យសិស្សធ្វើការងារកសិកម្មនេះ គឺដើម្បីឲ្យក្មេងៗអាចស្វែងយល់ពីសកម្មភាពនៃការរស់នៅប្រចាំថ្ងៃ ចេះដាំដំណាំ និងចូលរួមថែរក្សាបរិស្ថានផងដែរ។ សិស្សានុសិស្ស និងលោកគ្រូ អ្នកគ្រូ អាចបេះបន្លែ និងចាប់ត្រីដែលដាំនៅក្នុងសាលាទៅបរិភោគបាន ដោយមិនចាំបាច់បង់ថ្លៃនោះទេ។ បន្លែ និងត្រីមួយផ្នែក ត្រូវប្រមូលផលយកទៅលក់នៅផ្សារ ដើម្បីយកលុយមកទិញគ្រាប់ពូជដាំបន្ថែមទៀត។ នេះបើតាមលោកនាយកសាលាស្វាយជ្រំ។

នាយកសាលាវ័យ៤២ឆ្នាំរូបនេះ ឆ្លើយប្រាប់ ThmeyThmey25 ពីបញ្ហាប្រឈមរបស់ខ្លួនដូច្នេះថា៖«នៅពេលចាប់ផ្ដើមឲ្យសិស្សធ្វើការងារកសិកម្មនេះដំបូង មានការមិនពេញចិត្តច្រើន ពីអាណាព្យាបាលសិស្សក្នុងសហគមន៍។ ពួកគាត់ចង់ឲ្យកូនរបស់គាត់មករៀនអក្សរប៉ុណ្ណោះ មិនមែនរៀនកសិកម្មអីទេ។ មួយវិញទៀត លោកគ្រូ អ្នកគ្រូ ក៏មិនពេញដែរក្នុងការធ្វើកសិកម្មបែបនេះ ព្រោះពួកគាត់មានតួនាទីបង្រៀនប៉ុណ្ណោះ»។

លោកបន្តថា ទោះជាយ៉ាងនោះក្តី លោក បានព្យាយាមសម្របសម្រួល និងពន្យល់ពួកគាត់ឲ្យយល់ពីការងារទាំងនោះ ថាវាក៏ជាចំណេះដឹងមួយផ្នែកដល់ក្មេងៗផងដែរ ហើយសាលាក៏មិនមែនឲ្យពួកធ្វើរាល់ថ្ងៃនោះទេ។ រហូតមកដល់ពេលបច្ចុប្បន្ន អាណាព្យាបាល លោកគ្រូ អ្នកគ្រូ បានយល់ពីការងារនេះ ព្រោះវាក៏ជាផ្នែកមួយ សម្រាប់បង្រៀនក្មេងៗផងដែរ។

គ្រាប់ពូជដំណាំ និងសម្ភារៈប្រើប្រាស់ផ្សេងៗ គឺត្រូវចំណាយថវិការបស់សាលា ដែលទទួលបានពីក្រសួងអប់រំ ជារៀងរាល់ឆ្នាំ ព្រោះសកម្មភាពទាំងនេះ ក៏ស្ថិតក្នុងគម្រោងរបស់ក្រសួងអប់រំផងដែរ៕



Tag:
 បរិស្ថាន
  ស្វាយរៀង
  កុមារ
  កសិកម្ម
© រក្សាសិទ្ធិដោយ thmeythmey.com