អត្ថបទពាណិជ្ជកម្ម
​សាយ ,​អែល ម៉ាត់ និង​អ៊ុក យុទ្ធ ត្រូវបាន​ជ្រើសតាំង សម្រាប់​ជ័យលាភី​ពានរង្វាន់​ពលរដ្ឋ​គំរូ Smart
12, Jan 2021 , 11:48 am        
រូបភាព
​ភ្នំពេញ ៖ លោក អួន បឋម ហៅ សាយ ,​លោក អែល ម៉ាត់ និង​លោក អ៊ុក យុទ្ធ ត្រូវបាន​ជ្រើសតាំង សម្រាប់​ជ័យលាភី​ពានរង្វាន់​ពលរដ្ឋ​គំរូ Smart ឆ្នាំ​២០២០​។ ពួកគេ គឺជា​អ្នករត់​រយៈ​ចម្ងាយ​ឆ្ងាយ អ្នក​ជួយ​សហគមន៍​ខ្មែរ​អ៊ីស្លាម និង​អ្នកប្រើប្រាស់​ថវិកា​ផ្ទាល់ខ្លួន ដើម្បី​ផ្តល់​ការអប់រំ​ដល់​កុមារ​ក្រីក្រ ។ យុទ្ធនាការ​ស្វែងរក​ព​ល​រដ្ឋ​គំរូ​របស់​កម្ពុជា បានចាប់ផ្តើម​កាលពី​ខែធ្នូ ឆ្នាំ​២០២០ ហើយ​ផុតកំណត់​នៃ​ការជ្រើសតាំង​គឺ​នៅ​ថ្ងៃទី​២២ ខែមករា ឆ្នាំ​២០២១​។ អ្នក​ដែល​ត្រូវបាន​ជ្រើសតាំង​ជា​ជ័យលាភី​ពានរង្វាន់​ពលរដ្ឋ​គំរូ Smart នឹង​ឈ្នះ​រង្វាន់​ធំ​ជា​ទឹកប្រាក់​ចំនួន ១​ម៉ឺន​ដុល្លារ​។​
​លោក លី តុលា ដែល​បាន​ជ្រើសតាំង​លោក អួន បឋម ដែល​ត្រូវបាន​គេ​ស្គាល់​តាមរយៈ​ឈ្មោះ​ក្រៅ​ថា សាយ បាន​ថ្លែងថា​៖ «​ដោយសារតែ​សកម្មភាព​ដ៏​អស្ចារ្យ​របស់គាត់​នឹង​បង្ហាញ​ផ្ទាល់​ដល់​យុវជន​ថា​សកម្មភាព​ជួយ​ដល់​សង្គម​សំខាន់​ប៉ុណ្ណា​មិន​ថា​តូច​ឬ​ធំក្តី​។ ជា​ក្តីសង្ឃឹម​សម្រាប់​យុវជន​ជំនាន់​ក្រោយ ជាពិសេស​គឺ​កុមារ​ដើម្បីឱ្យ​ពួកគេ​ទាំងអស់​ទទួលបាន​ឱកាស​ដូចគ្នា ធំធាត់ មាន​សុខ​ភាពល្អ និង​ក្លាយជា​យុវជន​ជំនាន់​ក្រោយ​ដ៏​ល្អ​»​។​
 
​បន្ទាប់ពី​ដឹងថា​ខ្លួន​ត្រូវបាន​ជ្រើសតាំង​នោះ  លោក សាយ បាន​ថ្លែង​នៅក្នុង​ខួបកំណើត​អាយុ ៣០​ឆ្នាំនេះ​ថា លោក​ចង់​ធ្វើអំពើ​ល្អ​មួយ​ដល់​ប្រទេសជាតិ​របស់គាត់​។​


 
​លោក សាយ បាន​ថ្លែងថា​៖ «​សម្រាប់​ខ្ញុំ​ផ្ទាល់ គឺមាន​អារម្មណ៍​សប្បាយចិត្ត​នៅពេលដែល​គេ​បានឃើញ​នូវ​អំពើ​ល្អ​របស់ខ្ញុំ​ហើយ​និង​ក្រុម​របស់ខ្ញុំ ដែល​យើង​កំពុងតែ​ស្វះស្វែង​ធ្វើ​ការរត់​ទូទាំងប្រទេស រៃអង្គាស​ថវិកា​ទៅ​ជួយ​ដល់​មន្ទីរពេទ្យ​កុមារ​អង្គរ​ដែលជា​សកម្មភាព​សង្គម​មួយ​»​។​
 
​លោក សាយ បានបញ្ចប់​ការរត់​ចម្ងាយ​ផ្លូវ ២,៣៩១​គីឡូម៉ែត្រ​ហើយ កាលពី​ថ្ងៃទី​១០ ខែមករា ឆ្នាំ​២០២១ ដោយ​រៃអង្គាសប្រាក់​បាន​ជាង​៥០​ម៉ឺន​ដុល្លារ សម្រាប់​ជួយ​ដល់​មន្ទីរពេទ្យ​កុមារ​អង្គរ​។​
​ដោយឡែក​លោក អែល ម៉ាត់ ក៏​ត្រូវបាន​ជ្រើសតាំង​ជា​ជ័យលាភី​ពានរង្វាន់​ពលរដ្ឋ​គំរូ Smart ផងដែរ​ដោយសារ​មានការ​ទទួលស្គាល់​លើ​ការងារ​ជំនួយ​សប្បុរសធម៌ ដែល​គាត់​បាន​ផ្តល់ទៅឱ្យ​សហគមន៍​របស់គាត់​។ លោក អែល ម៉ាត់ បាន​រៃអង្គាសប្រាក់​ដើម្បី​ជួយ​ប្រជាពលរដ្ឋ​ក្រីក្រ កុមារកំព្រា និង​មនុស្ស​ចាស់ជរា​។​
 
​លោក កូប ហាសាន់ ដែលជា​អ្នក​ជ្រើសតាំង​លោក អែល ម៉ាត់ បាន​ថ្លែងថា​៖ «​ខ្ញុំ​ជ្រើស​រើសយក​គាត់ [​អែល ម៉ាត់​] នឹង​គឺ​ដោយសារ​គាត់​ធ្វើការ​អត់​ចង់បាន​អ្វី​ទាំងអស់ សូម្បីតែ​ប្រាក់ខែ​ក៏​គាត់​អត់​មាន​ដែរ​។ តែ​ខ្ញុំ​ឃើញ​គាត់​ប្រឹងប្រែង​ធ្វើ​មែនទែន​»​។​
 


​បន្ទាប់ពី​ទទួលបាន​ដំណឹង​អំពី​ការជ្រើសតាំង​រូបគាត់ លោក អែល ម៉ាត់ បាន​ថ្លែងថា​៖ «​ការពិត​ខ្ញុំ​គ្មាន​លុយកាក់​ទេ ប៉ុន្តែ​មាន​ទឹកចិត្ត មានគំនិត​មួយ​ចង់អោយ​អ្នកភូមិ​អ្នកស្រុក​ឲ្យ​មាន​ជីវភាព​ធូរធារ មានការ​អភិវឌ្ឍន៍​ភូមិ​ឃុំ​ឲ្យ​មាន​»​។​
 
​លោក​បាន​បន្ថែមថា​៖ «​បើសិនជា​ខ្ញុំ​បាន​ជ័យជំនះ ទីមួយ​លុយ​នឹង​ខ្ញុំ​មិន​យក​ខ្លួនឯង​ទាំងអស់​ទេ គឺ​ខ្ញុំ​ចែក​ជួយ​អ្នកក្រីក្រ ក្មេង​កំព្រា ចាស់ជរា​មួយផ្នែកធំ​»​។​
​អ្នក​ត្រូវបាន​ជ្រើសតាំង​ដ៏​មាន​ប្រជាប្រិយ​ម្នាក់​ផ្សេងទៀត គឺ​លោក អ៊ុក យុទ្ធ រស់នៅ​ខេត្តក្រចេះ​។ មនុស្ស ៥​នាក់ បាន​ជ្រើសតាំង​លោក អ៊ុក យុទ្ធ ដោយសារ​ការងារ​ដែល​គាត់​ធ្វើ​ជាមួយ​កុមារ​ក្រីក្រ​។​
 
​កញ្ញា ស៊ុន ហុក​ចរិយា ដែល​បាន​ជ្រើសតាំង​លោក អ៊ុក យុទ្ធ បាន​ថ្លែងថា​៖ «​មូលហេតុ​ដែល​ខ្ញុំ​ជ្រើសរើស​លោក យុទ្ធ ធ្វើជា​ពលរដ្ឋ​គំរូ គឺ​ដោយសារតែ​គាត់​ជួយ​សម្រួល​ដល់​កុមារ​នៅក្នុង​សហគមន៍​ឱ្យមក​សិក្សា​ដោយ​មិនចាំបាច់​បង់ប្រាក់​ទៅលើ​មុខវិជ្ជា​ភាសា​អង់គ្លេស​»​។​
 
​លោក អ៊ុក យុទ្ធ ដែលជា​អ្នកសម្របសម្រួល​សមាគម​ខ្មែរ​ដើម្បី​អភិវឌ្ឍ​ន៏​តាម​ជនបទ ដែល​ប្រតិបត្តិការ​ក្នុង​ខេត្តក្រចេះ​បាន​ថ្លែងថា​៖ «​យើង​ផ្ដោតទៅលើ​កុមារ​ដែល​ក្រីក្រ កុមារ​ដែល​មកពី​តំបន់​ជិតខាង ដូចជា​នៅ​តំបន់​ចុង​ជ្រោយ ក្នុងភូមិ​អូរ​ឬ​ស្សី​១​នេះ​។ ដោយសារ​មើលឃើញ​ពី​ការលំបាក​ផ្នែក​ភាសា និង​ការលំបាក​ក្នុង​វិស័យ​អប់រំ អ៊ីចឹង​ទើប​សម្រេចចិត្ត​ធ្វើ​កម្មវិធី​នេះ​ឡើង​ដើម្បី​ជួយ​ដល់​ក្មេង​ទាំងនោះ ជាពិសេស​ក្មេង​ដែល​មកពី​គ្រួសារ​ក្រីក្រ ក្មេង​ដែល​ខ្វះ​អាហារូបត្ថម្ភ ហើយ​និង​ពិបាក​ក្នុង​ការអាន​»​។​


 
​លោក​បាន​បន្ថែមថា​៖ «​បើសិនជា​មានឱកាស​ឈ្នះ​ពិតប្រាកដ​មែន យើង​នឹង​យក​ថវិកា​នេះ​មក​អភិវឌ្ឍ​កន្លែង​របស់​យើង អភិវឌ្ឍ​កុមារ​នៅទីនេះ ឲ្យ​បាន​ប្រសើរ​ជាង​មុន​»​។​
 
​អ្នក​ជ្រើសតាំង​យ៉ាងច្រើន​បាន​ផ្ញើ​ការជ្រើសតាំង​របស់​ពួកគេ​សម្រាប់​មនុស្ស​ដែល​ពួកគេ​ជឿថា​បានធ្វើ​កិច្ចការ​ជាច្រើន​សម្រាប់​ប្រទេសជាតិ អ្នកជិតខាង ភូមិ ឬ​ខេត្ត​របស់ខ្លួន​។​
 
​អ្នក​ជ្រើសតាំង​ត្រូវបាន​អនុញ្ញាតឱ្យ​ជ្រើស​តាំងតែ​មនុស្ស​ម្នាក់​ប៉ុណ្ណោះ​។ ហើយ​អ្នក​ជ្រើសតាំង​ទាំងនោះ​ត្រូវ​ផ្តល់ព័ត៌មាន​ទំនាក់ទំនង​លម្អិត​របស់​អ្នក​ត្រូវបាន​ជ្រើសតាំង ព្រមទាំង​ការ​ពិពណ៌នា​ដោយ​សង្ខេប​អំពី​អំពើ​ល្អ ដែល​ជួយ​ឱ្យ​បុគ្គល​រូបនោះ​ត្រូវបាន​ជ្រើសតាំង​។​
 
​អ្នក​ជ្រើសតាំង​ក៏ត្រូវ​បានស្នើ​សុំឱ្យ​ផ្តល់​រូបថត​ឌីជីថល ឬ​វីដេអូ​ទៅតាម​ជម្រើស​របស់​ពួកគេ​ផងដែរ​។ អ្នក​ត្រូវបាន​ជ្រើសតាំង​សាក​សម​បំផុត នឹង​ត្រូវបាន​ទាក់ទង​ដោយ​អ្នករៀបចំ​កម្មវិធី ដើម្បី​ស្វែងរក​ព័ត៌មាន​បន្ថែម​អំពី​សាវ​តា​របស់​ពួកគេ ព្រមទាំង​អំពើ​ល្អ​ដែល​ជួយ​ឱ្យ​ពួកគេ​ត្រូវបាន​ជ្រើសតាំង​។ ក្រោយមក អ្នក​រៀប​កម្មវិធី នឹង​ចេញផ្សាយ​ព័ត៌មាន​លម្អិត​របស់​អ្នក​ត្រូវបាន​ជ្រើសតាំង​នោះ​។ រាល់​ការផ្សាយ​គឺជា​ឆន្ទានុសិទ្ធិ​របស់​អ្នករៀបចំ​ការ​កម្មវិធី​។​
 
​អ្នក​របៀប​ចំ​កម្មវិធី គ្រោង​នឹង​ជម្រុះ​បេក្ខជន​មក​នៅត្រឹមតែ ១០​នាក់​ប៉ុណ្ណោះ ដែល​ពួកគេ​នឹងមាន​វត្តមាន​នៅក្នុង​ពិធី​ប្រគល់​ពានរង្វាន់​។ ជ័យលាភី នឹងត្រូវ​បានជ្រើសរើស​ដោយ​គណៈកម្មការ ដែលមាន​សមាសភាព​បី​រូប​។ ឈ្មោះ​សមាសភាព​របស់​គណៈកម្មកា​រ​នឹងត្រូវ​បានប្រកាស​នៅ​ដើមឆ្នាំ​២០២១​។​
 
​កម្មវិធី​ពានរង្វាន់​ពលរដ្ឋ​គំរូ​នេះ​មានបំណង​បង្ហាញឱ្យឃើញ​នូវ​អំពើ​ចេះ​ជួយ​យកអាសារ​គ្នា​របស់​ប្រជាពលរដ្ឋ​កម្ពុជា​នៅក្នុង​ការប្រាស្រ័យ​ទាក់ទង​ជាមួយ​មិត្តភក្តិ អ្នកជិតខាង និង​អ្នក​ផ្សេងទៀត​នៅក្នុង​សហគមន៍​របស់​ពួកគេ​។​
 


 
​សម្រាប់​ព័ត៌មាន​បន្ថែម សូម​តាមដាន​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់​ក្រុមហ៊ុន Smart តាមរយៈ  www.facebook.com/smartforcambodia​ឬ​ចូលទៅ​កាន់​គេហទំព័រ www.smart.com.kh
 
(​អត្ថបទ​ពាណិជ្ជកម្ម​)

Tag:
 Quantung
© រក្សាសិទ្ធិដោយ thmeythmey.com