អត្ថបទពាណិជ្ជកម្ម
អេស​ស៊ីជី បន្ត​ផ្ដល់​អាហារូបករណ៍ “​ចែករំលែក​ក្ដី​សុបិន​” ដល់​សិស្ស​និស្សិត​កម្ពុជា ទោះ​ស្ថិត​ក្នុងអំឡុង​កូ​វីដ​-១៩
12, Jan 2021 , 3:20 pm        
រូបភាព
​រាជធានី​ភ្នំពេញ ថ្ងៃទី​០៨ ខែមករា ឆ្នាំ​២០២១ - ទោះបី​មាន​ភាព​ប្រឈម​ដែល​បង្កឡើង​ដោយ​ជំងឺឆ្លង​រាតត្បាត កូ​វីដ​-១៩​ក្ដី ក្រុមហ៊ុន អេស​ស៊ីជី (SCG) ដែល​ឈានមុខ​គេ នៅក្នុង​ទីផ្សារ​អាស៊ាន ក្នុង​វិស័យ​ឧស្សាហកម្ម​ផលិត​ស៊ីម៉ងត៍ និង​គ្រឿងសំណង់ នៅតែ​បន្ត​ផ្ដល់​អាហារូបករណ៍​ដល់​សិស្ស​និស្សិត​កម្ពុជា ជាង ១២០​នាក់ នៅ​ឆ្នាំនេះ ។
 
​អាហារូបករណ៍ ដែល​បាន​ប្រគល់ជូន​សិស្ស​និស្សិត កាលពីដើម​ខែមករា​នេះ សំដៅ​ជួយ​ដល់​សិស្ស​និស្សិត ដើម្បី​សម្រាល​ការលំបាក ដែល​បង្កដោយ​ជំងឺ​រាតត្បាត​កូ​វីដ​-១៩ និង​ជួយ​ដល់​ពួកគេ បន្ត​ក្ដី​សុបិន​សម្រាប់​ការអប់រំ​របស់ខ្លួន​។ 
 
​លោក រ៉ា​ត​ឆា​យុ​ត កា​សេម​ឆៃ​សិរិ (Ratchayut Kasemchaisiri) នាយក អេស​ស៊ីជី ប្រចាំ​កម្ពុជា បាន​មានប្រសាសន៍ថា​៖ «​ទោះបី​ជួបប្រទះ​នឹង​ផលប៉ះពាល់​ខ្លះ ពី​ជំងឺ​កូ​វីដ​-១៩​ក្ដី អេស​ស៊ីជី នៅតែ​បន្តសកម្មភាព​សង្គមរ​បស់​ខ្លួន ដែល​រួមចំណែក​ដល់​សង្គមជាតិ​កម្ពុជា ជា​ប្រក្រតី​ដដែល ហើយ​ការផ្ដល់​អាហារូបករណ៍ គឺជា​ផ្នែក​មួយ​នៃ​កម្មវិធី “​អេស​ស៊ីជី ចែករំលែក​ក្ដី​សុបិន​” ដែល​បានចាប់ផ្ដើម​នៅ​កម្ពុជា តាំងពី​ឆ្នាំ​២០១៤​មកម្ល៉េះ​»​។​
 
​លោក រ៉ា​ត​ឆា​យុ​ត មានប្រសាសន៍​ដូច្នេះ​ថា​៖ «​ឆ្នាំនេះ យើង​ផ្ដល់​អាហារូបករណ៍​ដល់​សិស្ស​និស្សិត ១២៨​នាក់ ដែល​គ្រួសារ និង​ការសិក្សា​របស់​ពួកគេ រង​ផលប៉ះពាល់​ដោយសារ​កូ​វីដ​-១៩ ។ យើង​សង្ឃឹមថា អាហារូបករណ៍​ទាំងនេះ នឹង​ជួយ​សម្រាល​ការលំបាក​របស់​ពួកគេ​បាន​ខ្លះ និង​ជួយ​លើកទឹកចិត្ត​ឲ្យ​ពួកគេ​បន្ត​ក្ដី​សុបិន​របស់ខ្លួន ដើម្បី​ការសិក្សា​បន្តទៅ​ថ្នាក់ខ្ពស់​» ។​


 
​យុវតី សួន ស្រី​វរលក្ខណ៍ អាយុ ១៩​ឆ្នាំ ជា​សិស្ស​វិទ្យាល័យ​វត្ត​កោះ នៅ​រាជធានី​ភ្នំពេញ ដែល​ស្ថិតក្នុង​ចំណោម​សិស្ស​និស្សិត ដែល​បានទទួល​អាហារូបករណ៍​ពី អេស​ស៊ីជី បាន​ឲ្យ​ដឹងថា រូបនាង និង​ម្ដាយ​ជា​ស្ត្រី​មេម៉ាយ ហើយ​រស់នៅ​សព្វថ្ងៃ​ពឹង​អាស្រ័យ​លើ​ប្រាក់ចំណូល ពី​បងប្រុស​ពីរ​នាក់​របស់ខ្លួន​។  ប៉ូ​ន្តែ​ក្នុងអំឡុង​ជំងឺ​រាតត្បាត​កូ​វីដ​-១៩ ចំណូល​បងប្រុស​ទាំងពី​រ​នាក់​របស់​នាង​បាន​ធ្លាក់ចុះ​យ៉ាងខ្លាំង ដែល​បានធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ជីវភាព​របស់​គ្រួសារ​នាង​យ៉ាងខ្លាំង​។ យុវតី សួន ស្រី​វរលក្ខណ៍ និយាយ​យ៉ាង​ដូច្នេះ​ថា​៖ «​ខ្ញុំ​សូម​អរគុណ​ដល់ អេស​ស៊ីជី ដែល​បានផ្ដល់​អាហារូបករណ៍​ដល់​ខ្ញុំ ដែល​បាន​ជួយ​សម្រាល​ការលំបាក​មួយផ្នែក​រប​ស់​គ្រួសារ​ខ្ញុំ និង​ជួយ​ខ្ញុំ​ឲ្យ​មាន​កម្លាំងចិត្ត ផងដែរ​»​។​
 
​យុវ​សិស្ស លាង វ៉ាន់​សាក់ អាយុ ១៨​ឆ្នាំ ជា​សិស្ស​ថ្នាក់​ទី​១២ នៃ​វិទ្យាល័យ ជាស៊ីម សាមគ្គី ដែល​បានទទួល​អាហារូបករណ៍​ផងដែរ បាន​និយាយថា ជំងឺ​កូ​វីដ​-១៩ បាន​ជះ​ផលប៉ះពាល់​ធ្ងន់ធ្ងរ ដល់​ចំណូល​គ្រួសារ​របស់ខ្លួន​» ។ យុវ​សិស្ស វ៉ា​ក់សាក់ និយាយ​យ៉ាង​ដូច្នេះ​ថា​៖ «​ប្រាក់​អាហារូបករណ៍​ពី​ក្រុមហ៊ុន អេស​ស៊ីជី បាន​ជួយ​សម្រាល​ការលំបាក​របស់​គ្រួសារ​ខ្ញុំ​បាន​មួយចំណែក ។ ខ្ញុំ​សូម​អរគុណ​ដល់ អេស​ស៊ីជី ។ ខ្ញុំ​នឹង​ខិតខំ រៀនសូត្រ ។ ទៅ​ថ្ងៃមុខ ខ្ញុំ​ចង់​ក្លាយជា​វិស្វករ​ស៊ីវិល​មួយរូប​»​។​
 
​ចាប់តាំងពី​ឆ្នាំ​២០១៤ មក ក្រុមហ៊ុន អេស​ស៊ីជី បានផ្ដល់​អាហារូបករណ៍​ដល់​សិស្ស​និស្សិត​សរុប​ជាង ១,៣០០​នាក់ នៅក្នុង​ប្រទេស​កម្ពុជា នៅក្រោម​កម្មវិធី “​អេស​ស៊ីជី ចែករំលែក​ក្ដី​សុបិន​” របស់ខ្លួន ។ 
 
​នៅ​ឆ្នាំនេះ ទោះបី​មាន​ភាព​ប្រឈម​ដោយសារ​កូ​វីដ​-១៩​ក្ដី អេស​ស៊ីជី នៅតែ​ប្ដេជ្ញា​ចិត្តជា​បន្ត​ក្នុង​ការជួយ​ដល់​យុវជន​កម្ពុជា ដើម្បី​សម្រេច​ក្ដី​សុបិន​សម្រាប់​អនាគត​ដែល​ពួកគេ​ចង់បាន ។ 
 
​នៅ​ឆ្នាំ​២០២០ អេស​ស៊ីជី ក៏បានផ្ដល់​អំណោយ​សង្គ្រោះ ជា​គ្រឿង​ឧបភោគបរិភោគ ដល់​គ្រួសារ​ជាច្រើន​ពាន់ ដែល​រង​ផលប៉ះពាល់​ដោយសារ​ទឹកជំនន់ បាន​បរិច្ចាគ​ប្រអប់​សុវត្ថិភាព​វេជ្ជសាស្ត្រ ដល់​ក្រសួងសុខាភិបាល សម្រាប់​ប្រើប្រាស់​ដើម្បី​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​កូ​វីដ​-១៩ ព្រមទាំង​បាន​ចែក​ម៉ាស និង​ទឹក​អាល់កុល​លាង​សម្អាត​ដៃ ដល់​សាធារណជន​ផងដែរ​។ លើសពីនេះ​ទៀត អេស​ស៊ីជី ក៏បាន​បរិច្ចាគ​ស៊ីម៉ងត៍ និង​គ្រឿងសំណង់ ដែលមាន​ទឹកប្រាក់​ជាច្រើន​ពាន់​ដុល្លារ​ទៅដល់​សាលា​ដូង នៅ​ឧទ្យាន​ជាតិ​គិរី​រម្យ និង​វិទ្យាស្ថាន​បច្ចេកវិទ្យា​កំពង់ស្ពឺ ថែម​ទៀតផង ៕ 
 
(​អត្ថបទ​ពាណិជ្ជកម្ម​)

© រក្សាសិទ្ធិដោយ thmeythmey.com