ជាតិ
សង្គមជាតិ
ដើម្បី​កុំឱ្យ​Hackers ចូល​គណនី​ធនាគារ ពលរដ្ឋ កុំ​ចុច​លើ​តំណរ​ភ្ជាប់​«​ឈ្មោះ​ដែន​» តាម​សារ ឬ​អ៊ី​ម៉ែ​ល​
21, Jan 2021 , 9:59 pm        
រូបភាព
​ភ្នំពេញ​៖ ចោរ​បច្ចេកវិទ្យា​(Hackers) កំពុង​វាយប្រហារ​ប្រជាពលរដ្ឋ​តាមរយៈ​ផ្ញើ​សារ​ខ្លីៗ​(SMS)​លើ​ទូរ​សព្ទ​ដៃ ឬ​សារ​អ៊ី​ម៉ែ​ល ដោយមាន​ខ្លឹមសារ​ថា​«Your bank account has been logged in through platform, please verify again to protect your rights »​ដោយមាន​ភ្ជាប់​ជាមួយនឹង​ឈ្មោះ​ដែន (Domain Name) ដែល​ស្រដៀង​នឹង​ឈ្មោះ​ធនាគារ​របស់លោក​-​អ្នក​។ ដើម្បី​កុំឱ្យ​Hackers ចូលក្នុង​គណនី​ធនាគារ ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ បាន​ព្រមាន​ដល់​ពលរដ្ឋ កុំ​ចុច​លើ​តំណរ​ភ្ជាប់​«​ឈ្មោះ​ដែន​» នេះ​។

 
​ក្រសួង​ប្រៃសណីយ៍ នា​ថ្ងៃទី​២១​មករា​នេះ បាន​ពន្យល់ថា នៅពេល​ពលរដ្ឋ​ចុច​លើ​ឈ្មោះ​ដែន​នោះ ពួកគេ​នឹង​ចូលទៅ​គេហទំព័រ​ក្លែងក្លាយ​មួយ ដែលមាន​រូបរាង និង​ទម្រង់​ស្ទើរតែ​ដូចគ្នា​ទៅនឹង​គេហទំព័រ​របស់​គ្រឹះស្ថាន​ធនាគារ​និង​ហិរញ្ញវត្ថុ ដោយ​តម្រូវឱ្យ​អ្នកប្រើប្រាស់​បញ្ចូល​ព័ត៌មាន លេខ​គណនី ពាក្យ​សំងាត់ និង​លេខ​កូដ​សំងាត់​ជាដើម​។ បើតាម​ក្រសួង​ប្រៃសណីយ៍ នៅពេល​ពលរដ្ឋ​បញ្ចូល​ព័ត៌មាន​ទាំងអស់នោះ​ហើយ ពួក Hackers នឹងមាន​ឱកាស​អាច​ចូល​គ្រប់​គណនី​ធនាគារ​ពលរដ្ឋ​បាន​។ 
 
​ក្រសួង​ប្រៃសណីយ៍ បាន​សង្កត់ធ្ងន់​នៅក្នុង​សេចក្តីជូនដំណឹង​ដូច្នេះ​ថា​៖«​ប្រសិនបើ​អ្នកប្រើប្រាស់​បញ្ចូល​ព័ត៌មាន​ទាំងនោះ ចោរ​បច្ចេកវិទ្យា​អាចមាន​លទ្ធភាព​លួច​ចូលក្នុង​គណនី​ធនាគារ​របស់​អ្នកប្រើប្រាស់ ហើយ​អាច​បង្វែរ​សាច់ប្រាក់​ចេញទៅ​គណនី​ផ្សេងទៀត​ដែល​បានគ្រោង​ទុកជាមុន​»​។​
 
​ជាមួយគ្នានេះ ក្រសួង​ប្រៃសណីយ៍ បានស្នើ​ដល់​ជា​ពលរដ្ឋ​ជា​អ្នកប្រើប្រាស់​ទាំងអស់ មិនត្រូវ​ឆ្លើយតប​ទូរ​សព្ទ សារ​ខ្លី ឬ​អ៊ី​ម៉ែ​ល ដែល​ព្យាយាម​សាកសួរ​នូវ​ព័ត៌មាន​ផ្ទាល់ខ្លួន​ទេ ព្រោះ​ជាទូទៅ​គ្រឹះស្ថាន​ធនាគារ និង​ហិរញ្ញវត្ថុ មិនដែល​ស្នើសុំ​អតិថិជន​ផ្តល់​លេខ​គណនី លេខ​សំងាត់ ឬ​លេខ​កូដ​OTP ឡើយ​។ ក្នុងករណី​លោក​-​អ្នក​សង្ស័យ​ធ្លាក់ចូល​អន្ទាក់​ចោរ​បច្ចេកវិទ្យា​នោះ សូម​ទាក់ទង​ទៅ​គ្រឹះស្ថាន​ធនាគារ ឬ​ហិរញ្ញវត្ថុ​របស់លោក​-​អ្នក ដើម្បី​ជួយ​ដោះស្រាយ​ទាន់ពេលវេលា​។  
 
​សម្រាប់​ព័ត៌មាន​បច្ចេកទេស​ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ អ្នកប្រើប្រាស់​អាច​ស្វែងយល់​បន្ថែម​ក្នុង​គេហទំព័រ​របស់​«​ការិយាល័យ​ឆ្លើយតប​បញ្ហា​បន្ទាន់​នៃ​កុំព្យូទ័រ​(CamCERT) នាយកដ្ឋាន​សន្តិសុខ​បច្ចេកវិទ្យា​គមនាគមន៍ និង​ព័ត៌មាន​នៃ​ក្រសួង​ប្រៃសណីយ៍ ដែលមាន​អាសយដ្ឋាន www.camcert.gov.kh ឬ​សុំ​ជំនួយ​ប​ច្ចក​ទេស​បន្ថែម​លើ​ករណីនេះ តាមរយៈ​អ៊ី​ម៉ែ​ល .kh ឬ​លេខ​ទូរ​សព្ទ ០១៦ ៨៥១៦៧៨៕ 

Tag:
 Hackers
  បច្ចេកវិទ្យា​
© រក្សាសិទ្ធិដោយ thmeythmey.com