អន្តរជាតិ
ប្រធានាធិបតីអាមេរិក៖ បក្សសម្ពន្ធណាតូ ដើរតួនាទីសំខាន់សម្រាប់សន្តិសុខអាមេរិក
14, Jun 2021 , 5:29 pm        
រូបភាព
ប្រធានាធិបតីអាមេរិក លោក ចូ បៃឌិន នឹងស្វះស្វែងពង្រឹងទំនុកចិត្តបក្សសម្ពន្ធយោធាណាតូ (NATO) ឡើងវិញ នៅក្នុងកិច្ចប្រជុំលើកដំបូង ក្នុងនាមជាប្រធានាធិបតីអាមេរិក។ បើតាមលោកប្រធានាធិបតីអាមេរិក បក្សសម្ពន្ធយោធាណាតូ ដើរតួនាទីសំខាន់សម្រាប់សន្តិសុខជាតិខ្លួន។

 
 
កន្លង អាមេរិក ក្រោមការដឹកនាំរបស់លោកដូណាល់ ត្រាំ ហាក់មានបញ្ហាច្រើន ជាមួយសមាជិកបក្សសម្ពន្ធយោធាណាតូ។ មិនតែប៉ុណ្ណោះ លោកត្រាំ ក៏មិនសូវខ្វល់ខ្វាយពីអង្គការមួយនេះដែរ។ 
 
យ៉ាងណាមិញ អាមេរិក ក្រោមរដ្ឋបាលលោក ចូ បៃឌិន បានព្យាយាមពង្រឹងទំនុកចិត្តជាមួយអង្គការមួយនេះឡើងវិញ។ នៅក្នុងសន្និសីទសារព័ត៌មាននៅថ្ងៃទី១៣ ខែមិថុនា លោក បៃឌិន បានអះអាងថា អាមេរិក មិនដែលចាត់ទុក អង្គការណាតូជារបាំងការពាររបស់ខ្លួនឡើយ ប៉ុន្តែវាជាផ្នែកមួយដ៏សំខាន់សម្រាប់ការពារសន្តិសុខអាមេរិក។ 
 
«យើងជឿថា បក្សសម្ពន្ធណាតូ គឺសំខាន់សម្រាប់សមត្ថភាពរបស់យើង ក្នុងការការពារសន្តិសុខជាតិ»។ លោកប្រធានាធិបតីបានសង្កត់ធ្ងន់បែបនេះ ដោយបន្ថែមថា អាមេរិកមានកាតព្វកិច្ចមួយ ដែលចងភ្ជាប់ជាមួយសម្ពន្ធមិត្ត និងគោលការណ៍ការការពារជាសមូហភាព។ 
 
ក្នុងកិច្ចប្រជុំលើកនេះ មន្រ្តីជាន់ខ្ពស់ អង្គការណាតូ បានលើកឡើងថា វានឹងបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់សមាជិកបក្សសម្ពន្ធ។ ថ្លែងប្រាប់ទីភ្នាក់ងារព័ត៌មានAFP លោក Jens Stoltenberg អគ្គលេខាធិការអង្គការណាតូ បានសង្កត់ធ្ងន់ថា លោកជឿជាក់កិច្ចប្រជុំលើកនេះ នឹងបង្ហាញពីការប្តេជ្ញាចិត្តរបស់ប្រទេសជាសមាជិក ដើម្បីពង្រឹងទំនុកចិត្ត និងទំនាក់ទំនងឡើងវិញ។ 
 
ក្នុងជំនួបនៅថ្ងៃទី១៤ ខែមិថុនា ចិន និងរុស្ស៊ី នឹងក្លាយជារបៀបវារៈដ៏សំខាន់មួយ សម្រាប់បក្សសម្ពន្ធយោធាអាយុ ៧២ឆ្នាំ។ ការដាក់សម្ពាធយោធារបស់រុស្ស៊ីក្នុងពេលថ្មីៗនេះ លើអ៊ុយក្រែន រួមទាំងបញ្ហាការវាយប្រហារតាមអ៊ីនធឺណែតពីក្រុមមានមូលដ្ឋាននៅក្នុងប្រទេសរុស្ស៊ី នឹងលើកយកមកជជែកក្នុងកិច្ចប្រជុំ។ 
 
ចំណែកចិនវិញ បក្សសម្ពន្ធយោធា នឹងជជែកពីការកើនឡើងនៃឥទ្ធិពលរបស់យក្សអាស៊ីមួយនេះ។ លោក Stoltenberg អគ្គលេខាធិការអង្គការណាតូ លើកឡើងថា វាមិនមែនជាការប្តូរទិសដៅរបស់អង្គការណាតូទៅឡើយ ប៉ុន្តែវាជាការពារខ្លួន ដែលចិនកាន់តែខិតមកជិកបក្សសម្ពន្ធយោធា។ ក្នុងន័យនេះ លោក Stoltenberg បានលើកឡើងពីការកសាងហេដ្ឋារចនាសម្ពន្ធសំខាន់មួយចំនួនដោយចិន នៅក្នុងទឹកដីអឺរ៉ុប, បច្ចេកវិទ្យា និងការធ្វើទំនើបកម្មអាវុធពីសំណាក់ចិន។
 
ក្រៅពីបញ្ហាខាងលើ មេដឹកនាំបក្សសម្ពន្ធណាតូ នឹងឯកភាពលើការសរសេរទិសដៅយុទ្ធសាស្រ្តសំខាន់ៗឡើងវិញផងដែរ ដូចជា ការវាយប្រហារតាមអ៊ីនធឺណែត ការបម្រែបម្រួលអាកាសធាតុ និងការគំរាមកំហែងពីបច្ចេកវិទ្យាថ្មីៗជាដើម៕ 
 

Tag:
 អាមេរិក
  ណាតូ
© រក្សាសិទ្ធិដោយ thmeythmey.com