ជាតិ
រមណីយដ្ឋានអង្គរ មានភ្ញៀវទេសចរទៅកម្សាន្តជាង៣ម៉ឺននាក់ នៅភ្ជុំបិណ្ឌ ៣ថ្ងៃ
09, Oct 2021 , 6:59 pm        
រូបភាព
ភ្នំពេញ៖ រមណីយដ្ឋានអង្គរ បានទទួលភ្ញៀវទេសចរសរុបចំនួន ៣៥ ៤១៨នាក់ ក្នុងរយៈពេល៣ថ្ងៃ នៃពិធីបុណ្យភ្ជុំបិណ្ឌ ចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី៧ ខែតុលា ឆ្នាំ២០២១។ ការបើកទទួលភ្ញៀវទេសចរនេះ ខេត្តសៀមរាបនៅតែបន្តវិធានការការពារយ៉ាងយកចិត្តទុកដាក់ និងបន្តបម្រាមគោចរជាបណ្តោះអាសន្ន ចាប់ពីថ្ងៃទី៤ រហូតដល់ថ្ងៃទី១៨ ខែតុលា។



តាមរបាយការណ៍ទេសចរណ៍ពីនាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍អង្គរ នៃអាជ្ញាធរជាតិអប្សរា បានបង្ហាញថា ចំនួនទេសចរដែលចូលកម្សាន្តរមណីយដ្ឋានអង្គរ នៅថ្ងៃទី៥ មានចំនួន ៦ ៤៣៦នាក់ និងថ្ងៃទី៦ មានចំនួន ១៥ ៣៥៥នាក់ ចំណែកថ្ងៃទី៧ មានចំនួន ១៣ ៦២៧នាក់។ 
  

សកម្មភាពក្រុមការងារអាជ្ញាធរជាតិអប្សរា និងភ្ញៀវទសចរលាងដៃជាមួយអាល់កុល មុនពេលចូលទស្សនាប្រាសាទ។ រូបភាពពី អាជ្ញាធរជាតិអប្សរា

ទន្ទឹមនឹងការទទួលភ្ញៀវទេសចរឲ្យចូលទស្សនារមណីយដ្ឋានអង្គរនេះ អាជ្ញាធរជាតិនៅតែមានការព្រួយបារម្ភ ចំពោះសុវត្ថិភាពរបស់ប្រជាពលរដ្ឋ ដែលទៅកម្សាន្ត និងបានដាក់វិធានការពារយ៉ាងតឹងរឹងដើម្បីការពារការរីករាលដាលនៃជំងឺកូវីដ-១៩។ លោក ឡុង កុសល អ្នកនាំពាក្យអាជ្ញាធរជាតិអប្សរាបានប្រាប់សារព័ត៌មានថ្មីៗ២៥ដូច្នេះថា៖« នៅក្នុងកិច្ចការងារដែលយើងបានធ្វើដើម្បីសុវត្ថិភាពហ្នឹង ទី១គឺយើងបានរៀបចំក្រុមការងារធ្វើយ៉ាងណារក្សាសណ្តាប់ធ្នាប់សាធារណឲ្យបានល្អ។ ទី២ គឺក្រុមការងារត្រូវតែពិនិត្យ និងណែនាំគាត់ឲ្យពាក់ម៉ាស់ រក្សាគម្លាត ស្គេនQR Code រួមទាំងលាងដៃជាមួយអាកុល  ពេលចូលទស្សនាប្រាសាទនីមួយៗ»។ 
 
លោក ឡុង កុសល បានបញ្ជាក់ថា វិធានការនេះមិនមែនអនុវត្តតែក្នុងពិធីបុណ្យភ្ជុំបិណ្ឌឡើយ គឺវាជាវិធានការការពារប្រចាំសម្រាប់រមណីយដ្ឋានអង្គរ ដើម្បីរក្សាបានសុវត្ថិភាពភ្ញៀវទេសចរ និងទប់ស្កាត់ហានិភ័យនានា។ ជាក់ស្តែង ការកំណត់ចំនួនភ្ញៀវ ដែលចូលកម្សាន្តរមណីយដ្ឋានអង្គរ វាជារឿងលំបាកមួយសម្រាប់អាជ្ញាធរជាតិអប្សរា។ 


 សកម្មភាពក្រុមការងារអាជ្ញាធរជាតិអប្សរា និងភ្ញៀវទសចរលាងដៃជាមួយអាល់កុល មុនពេលចូលទស្សនាប្រាសាទ។ រូបភាពពី អាជ្ញាធរជាតិអប្សរា

អ្នកនាំពាក្យអាជ្ញាធរជាតិអប្សរារូបនេះ បានចាត់ទុកការកំណត់ចំនួនភ្ញៀវទេសចរជារឿងសំខាន់មួយ ព្រោះវាអាចបង្កជាហានិភ័យ បើទេសចរច្រើន ហើយមិនគោរពតាមណែនាំ។ លោកបានលើកឡើងដូច្នេះថា៖« វាជាបញ្ហាមួយសម្រាប់យើងក្នុងការរៀបចំ បានន័យថាយើងត្រូវតែរៀបចំលំហូរការចូលទស្សនារបស់ភ្ញៀវឲ្យបានល្អប្រសើរ។ ផ្លូវដើរ ការរៀបចំវង់ទស្សនា នឹងត្រូវធានាឲ្យបានថា ភ្ញៀវទេសចរអនុវត្តតាមការណែនាំរបស់ភ្នាក់ងារទេសចរណ៍ ដែលមានវត្តមាននៅទីនោះ។ បងប្អូនភ្ញៀវទេសចរ ត្រូវចូលរួមគោរពតាមការណែនាំ បើមិនអ៊ីចឹង វាជាបញ្ហាប្រឈមមួយហើយ»។
 


 សកម្មភាពក្រុមការងារអាជ្ញាធរជាតិអប្សរា និងភ្ញៀវទសចរលាងដៃជាមួយអាល់កុល មុនពេលចូលទស្សនាប្រាសាទ។ រូបភាពពី អាជ្ញាធរជាតិអប្សរា

មកដល់ពេលនេះ ខេត្តសៀមរាប នៅតែបន្តវិធានការការពារយ៉ាងម៉ត់ចត់ ក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ដោយ ផ្សារ ក៏ដូចជាតំបន់មួយចំនួន នៅតែបន្តផ្អាក់ដំណើរការ។ ជាមួយគ្នានេះ ភូមិសាស្រ្តខេត្តសៀមរាប ក៏កំពុងការអនុវត្តវិធានការរដ្ឋបាលជាបណ្តោះអាសន្នសម្រាប់បម្រាមគោចរ នៅចន្លោះពីម៉ោង ៩យប់ ដល់ម៉ោង ៣ព្រឹក សម្រាប់រយៈពេល ១៤ថ្ងៃ រហូតដល់ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២១៕


  សកម្មភាពក្រុមការងារអាជ្ញាធរជាតិអប្សរា និងភ្ញៀវទសចរលាងដៃជាមួយអាល់កុល មុនពេលចូលទស្សនាប្រាសាទ។ រូបភាពពី អាជ្ញាធរជាតិអប្សរា


Tag:
 ថ្មីៗ
  រមណីយដ្ឋានអង្គរ
  ពិធីបុណ្យភ្ជុំបិណ្ឌ
© រក្សាសិទ្ធិដោយ thmeythmey.com