ជាតិ
សេដ្ឋកិច្ច
និស្សិតខ្មែរនៅអ៊ីស្រាអែល ប្តេជ្ញាយកចំណេះដឹងថ្មីៗ មកចូលរួមអភិវឌ្ឍវិស័យកសិកម្មកម្ពុជា
10, Oct 2021 , 7:59 am        
រូបភាព
ដោយ៖ អន ស្រីណុច 
 
ភ្នំពេញ៖  ជារៀងរាល់​កម្ពុជា​តែងបញ្ជូន​និស្សិត​ផ្នែកកសិកម្ម​ ទៅសិក្សា​និងហាត់ការ​នៅ​ប្រទេសអ៊ីស្រាអែល ​ដើម្បីទទួលបាន​បទពិសោធ​ ចំណេះដឹង ​និងបច្ចេក​វិទ្យា​ទំនើបៗក្នុងវិស័យកសិកម្មពី​ប្រទេស​នេះ។ ​និស្សិតខ្មែរ​ ដែលកំពុង​ហាត់ការនៅប្រទេស​អ៊ីស្រាអែល​ បានប្តេជ្ញា​យក​បទពិសោធថ្មីៗ ដែលខ្លួនទទួលបាន យកមកចូលរួមអភិវឌ្ឍវិស័យកសិកម្មនៅកម្ពុជាឱ្យកាន់តែប្រសើរ។

 
កញ្ញា សម្បត្តិ កញ្ញារ៉ា ជានិស្សិតខ្មែរមួយរូប​ ដែលកំពុងសិក្សា និងហាត់ការផ្នែកបណ្តុះកូនដំណាំ (បន្លែ និងផ្កា)​ នៅក្នុងប្រទេសអ៊ីស្រាអែល ប្រាប់ថា ក្នុងរយៈពេលជិតមួយឆ្នាំ ដែលកញ្ញា ទៅហាត់ការនៅប្រទេសអ៊ីស្រាអែល បានធ្វើឱ្យនាងទទួលបានបទពិសោធផ្ទាល់និងចំណេះដឹងថ្មីៗពីបច្ចេកទេសទំនើបផ្នែកកសិកម្មជាច្រើន។ ជាពិសេសការអនុវត្តជាក់ស្តែងនូវការបណ្តុះកូនដំណាំនៅក្នុងកសិដ្ឋានធំមួយ ដោយប្រើប្រាស់កម្លាំងម៉ាស៊ីនស្វ័យប្រវត្តិ ដែលមានលក្ខណៈខុសប្លែកឆ្ងាយពីការបណ្តុះកូនដំណាំនៅកម្ពុជា ដែលប្រើដោយដៃ។ 
 
ដើម្បីជ្រាបច្បាស់សូមលោក-អ្នកទស្សនាវីដេអូខាងក្រោមដូចតទៅ៖ 

 
 កញ្ញារ៉ា ដែលត្រៀមត្រលប់មកកម្ពុជាវិញ នាចុងខែវិច្ឆិកា ឆ្នាំ២០២១ ប្រាប់សារព័ត៌មានថ្មីៗថា៖«យើងមកហ្នឹង យើងយល់ដឹងពីបច្ចេកទេសកសិកម្ម ការដាំដុះ ព្រោះខ្ញុំមកហាត់ការនៅទីនេះ យើងមកប៉ះកសិដ្ឋានបណ្ដុះកូនដំណាំ និងមើលថែកូនដំណាំពេលលក់ចេញ»។  និស្សិតរូបនេះ បន្តថា៖«ពេលយើងមក យើងប្លែកភ្នែក ហើយយើងទទួលបានបទពិសោធច្រើនពីកសិដ្ឋាន ពីបច្ចេកទេសការដាំដុះរបស់គេ និងពីអ្វីផ្សេងៗទៅលើការថែទាំកូនដំណាំ»។ 
 
បទពិសោធការងារ និងបច្ចេកទេសផ្នែកដាំដុះបន្លែនានា ​ដែលកញ្ញារ៉ា ទទួលបានពីការហាត់ការនៅប្រទេសអ៊ីស្រាអែលមកកន្លង បានបង្ហាញឱ្យនាងយល់កាន់តែច្បាស់អំពីភាពខ្វះខាតនានានៅក្នុងវិស័យកសិកម្មកម្ពុជា។ និស្សិតជំនាញផ្នែកវិស្វកម្មកសិកម្មមកពីសាកលវិទ្យាល័យភូមិន្ទកសិកម្មរូបនេះ មានបំណងយកចំណេះផ្នែកបច្ចេកទេសទំនើបដែលខ្លួនទទួលបានពីប្រទេសអ៊ីស្រាអែល  មកអនុវត្តលើផ្នែកដុះដាំបន្លែ-ផ្លែឈើ ដើម្បីចូលរួមអភិវឌ្ឍវិស័យកសិកម្មនៅកម្ពុជា។​
 
កញ្ញា សម្បតិ្ត កញ្ញារ៉ា បង្ហាញពីគោលបំណងថា៖«ខ្ញុំចង់ពង្រីក និងអភិវឌ្ឍវិស័យកសិកម្មយើងឱ្យទូលំទូលាយ ទោះមិនបាននាំចេញទៅប្រទេសបរទេស ក៏យើងបានផ្គត់ផ្គង់ពលរដ្ឋក្នុងប្រទេសយើងឱ្យបានហូបចុកគ្រប់គ្រាន់ដែរ»។ 
 
សម្រាប់និស្សិតខ្មែរម្នាក់ទៀត គឺលោក ថេង យ៉ានី ដែលកំពុងហាត់ការនៅអ៊ីស្រាអែល ក៏មានឆន្ទៈមិនខុសពីកញ្ញា សម្បត្តិ កញ្ញារ៉ា ដែរ ក្នុងការនាំយកចំណេះដឹងនិងបទពិសោធរបស់ខ្លួនដែលទទួលបានពីអ៊ីស្រាអែល មកលើកស្ទួយវិស័យកសិកម្មកម្ពុជា។ ថ្វីត្បិតចំណាយ១១ខែទៅហាត់ការនៅប្រទេសអ៊ីស្រាអែលដោយមិនត្រូវនឹងជំនាញរបស់ខ្លួនដែលសិក្សានៅស្រុកខ្មែរក្តី ក៏ប៉ុន្តែយុវជនរូបនេះ បានបង្ហាញការតាំងចិត្តខ្ពស់ក្នុងការចែករំលែកចំណេះដឹងរបស់ខ្លួនដល់ពលរដ្ឋ និងកសិករក្នុងស្រុកអំពីផ្នែកកសិកម្ម។​
 
«ខ្ញុំមក [ហាត់ការនៅអ៊ីស្រាអែល] អត់ត្រូវជំនាញរបស់ខ្ញុំមែន ប៉ុ​ន្តែខ្ញុំគិតថា វាជាអ្វីថ្មី បទពិសោធថ្មីសម្រាប់ខ្ញុំ ក្នុងការដែលបានយកទៅចែករំលែកដល់អ្នកដែលនៅប្រទេសយើង។ ជាពិសេសលើវិស័យកសិកម្មនៅក្នុងប្រទេសយើង ទោះបីវាបានតិចច្រើន ប៉ុន្តែយើងអាចជួយនៅក្នុងកសិកម្មប្រទេសយើង»។ នេះជាការរៀបរាប់របស់លោក ថេង យ៉ានី។ 
 
បើតាមនិស្សិតកសិកម្មរូបនេះ ដំណើរការនីមួយៗក្នុងផ្នែកដាំដុះ ដោយចាប់ពីបណ្តុះកូនដំណាំ រហូតដល់ការប្រមូលដំណាំ នៅក្នុងកសិដ្ឋាននីមួយៗ គឺគេប្រើម៉ាស៊ីន និងប្រើរ៉ូបូត។ លោក បាននិយាយជាមួយសារព័ត៌មានថ្មីៗដូច្នេះថា៖«ខ្ញុំគិតថា វាជាចំណុចមួយល្អ ដែលអាចយកទៅចែករំលែក ឬក៏យើងអាចយកទៅពិភាក្សាជាមួយអ្នកដែលមានបច្ចេកទេសទៅលើប្រភេទម៉ាស៊ីនក្នុងការដាំបន្លែ។ អ៊ីចឹង ធ្វើឱ្យប្រទេសយើងអាចរីកចម្រើនទៅលើការដាំប្រភេទបន្លែ ឬក៏ផ្កា ឬក៏ប្រភេទអីផ្សេងៗដែលអាចងាយស្រួលជាងមុន ដោយយើងប្រើបច្ចេកទេស ដោយប្រើម៉ាស៊ីន»។
 
លោក ង៉ោ ប៊ុនថាន សាកលវិទ្យាធិការនៃសាកលវិទ្យាល័យភូមិន្ទកសិកម្ម លើកឡើងថា ចាប់ពីឆ្នាំ២០០៨ដល់២០២០ សាកលវិទ្យាល័យបានបញ្ជូននិស្សិតជំនាញកសិកម្មនានា ទៅហាត់ការនៅប្រទេសអ៊ីស្រាអែល បានជាង១ពាន់នាក់ហើយ។ ដោយឡែក អំឡុងខែតុលា ឆ្នាំ២០២១ កម្ពុជានឹងបញ្ជូននិស្សិតកសិកម្ម ជិត២០០នាក់ទៀត ទៅហាត់ការនៅអ៊ីស្រាអែល។
 
លោក ង៉ោ ប៊ុនថាន បានបញ្ជាក់ប្រាប់សារព័ត៌មានថ្មីៗថា និស្សិតដែលត្រលប់មកពីហាត់ការវិញបានយកចំណេះដឹងរបស់ខ្លួនទៅបម្រើការងារតាមស្ថាប័នរដ្ឋ និងក្រុមហ៊ុនឯកជនផ្សេងៗ។ លោក មានប្រសាសន៍ថា៖«ជាធម្មតា និស្សិតដែលត្រលប់មកវិញ គឺនៅរាយប៉ាយទៅតាមការងាររបស់ពួកគាត់»។​ សាកលវិទ្យាធិការនៃសាកលវិទ្យាល័យភូមិន្ទរូបនេះ​ បន្តថា៖«អ្នកខ្លះក៏បង្កើតជាក្រុមហ៊ុនខ្លួនឯង ដើម្បីធ្វើអាជីវកម្ម សេវាកម្មខាងផ្នែកកសិកម្ម ឬក៏ជំនួញផ្សេងៗដែលពាក់ព័ន្ធ។ អ្នកខ្លះទៀតក៏ធ្វើការនៅក្នុងក្រុមហ៊ុនឯកជន ជាពិសេសគឺក្រុមហ៊ុនអ៊ីស្រាអែល ហើយមួយអ្នកចំនួនទៀត ធ្វើការងារក្នុងស្ថាប័នរដ្ឋាភិបាលក៏មានដែរ»៕

Tag:
 យុវជន
  និស្សិត
© រក្សាសិទ្ធិដោយ thmeythmey.com