ជាតិ
​​​ន​យោ​បាយ​ជាតិ​
កម្ពុជា ទទួលញញួរជាប្រធានអាស៊ាន លើកទី៣
28, Oct 2021 , 3:43 pm        
រូបភាព
រូបថត Trylopdate
រូបថត Trylopdate
សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ទទួលបានញញួរជាប្រធានអាស៊ាន នៅឆ្នាំ២០២២។ ព្រះចៅស៊ូតង់ ព្រុយណេ បានប្រគល់ញញួរប្រធានអាស៊ានឱ្យសម្ដេច ហ៊ុន សែន នាកិច្ចប្រជុំអាស៊ាន លើកទី៣៨ នៅថ្ងៃទី២៨ តុលានេះ។



សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្ដេជ្ញាចិត្តដឹកនាំអាស៊ាន ឱ្យស្របតាមគោលការណ៍ស្មារតីស្នូល ក្នុងនោះមាន «ចក្ខុវិស័យមួយ អត្តសញ្ញាណមួយ និងសហគមន៍មួយ»។
 
ប្រមុខរដ្ឋាភិបាលកម្ពុជា បានថ្លែងយ៉ាងដូច្នេះថា៖«ក្នុងនាមជាប្រធានអាស៊ានឆ្នាំ២០២២ កម្ពុជានឹងដឹកនាំអាស៊ានឈានទៅដល់ការសម្រេចបាន នូវសមិទ្ធផលសំខាន់ៗថែមទៀត ជាពិសេសជំរុញនូវសន្ទុះនៃដំណើការកសាងសហគមន៍អាស៊ាន ប្រកបដោយសមធម៌រឹងមាំ និងបរិយាប័ន្ន ស្របតាមស្មារតីស្នូលរបស់អាស៊ាន» ។ 

ចំពោះអាទិភាពការងារ ដែលកម្ពុជាត្រូវអនុវត្តក្នុងនាមជាម្ចាស់ផ្ទះអាស៊ាន នៅឆ្នាំ ២០២២វិញ រួមមានទី១ សសរស្តមនយោបាយ និងសន្តិសុខ ដោយកម្ពុជា នឹងយកចិត្តទុកដាក់ពង្រឹងមជ្ឈភាព និងឯកភាពអាស៊ាន ទាំងក្នុងយន្តការតំបន់ និងកិច្ចសហប្រត្តិបត្តិការជាមួយដៃគូខាងក្រៅ ដោយឈរលើមាគ៌ា និងគោលការណ៍ ដែលមានចែងក្នុងធម្មនុញ្ញអាស៊ាន។ មិនតែប៉ុណ្ណោះកម្ពុជា ក៏អនុវត្តតាមសន្ធិសញ្ញាមិត្តភាព និងសហប្រតិបត្តការនៅអាស៊ីអាគ្នេយ៍ និងទស្សនវិស័យអាស៊ាន ស្តីពីឥណ្ឌូប៉ាស៊ីហ្វិក។ នេះបើតាមសម្ដេច ហ៊ុន សែន។
 
នាយករដ្ឋមន្រ្តីកម្ពុជា បានសង្កត់ធ្ងន់ដូច្នេះថា៖«អាស៊ាន ក៏ត្រូវមានភាពធន់ និងរឺងមាំ ទប់ទល់បានពីសម្ពាធ និងឥទ្ធិពលនៃការប្រកួតប្រជែងភូមិសាស្រ្តនយោបាយ ដែលកំពុងតែកើតឡើង បញ្ហាឧក្រិដ្ឋកម្មឆ្លងដែន ភេរវកម្ម ការប្រែប្រួលអាកាសធាតុ ជំងឺរាតត្បាត។ល។ ដើម្បីធានាដំណើរទៅមុខក្នុងសន្តិភាព សន្តិសុខ និងវិបុលភាព»។
 
ចំណុចទី២ ទាក់ទងនឹងសសរស្ដម្ភសេដ្ឋកិច្ចវិញ សម្ដេច ហ៊ុន សែន ប្ដេជ្ញាជំរុញការអនុវត្តឱ្យមានប្រសិទ្ធភាពខ្ពស់ នូវរាល់គំនិតផ្ដួចផ្ដើម និងវិធានការ ដែលបានឯកភាពគ្នា និងទាញយកផលប្រយោជន៍ ជាអតិបរមាពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនានា ដើម្បីស្ដារកំណើនសេដ្ឋកិច្ចឱ្យបានឆាប់រហ័ស ស្របពេលដែលត្រូវរស់នៅជាមួយកូវីដ-១៩ នៃប្រក្រតីភាពថ្មី និងធានាឱ្យអាស៊ាននៅតែជាមជ្ឈមណ្ឌលពាណិជ្ជកម្ម និងការវិនិយោគប្រកបដោយភាពទាក់ទាញ។ ជាពិសេសជំរុញការតភ្ជាប់រូបវ័ន្ត និងឌីជីថល ការលើកកម្ពស់សមត្ថភាពរបស់សហគ្រាសខ្នាតតូច និងមធ្យម SMEs រួមទាំងលើកកម្ពស់សហគ្រិនភាពរបស់ស្ត្រី និងយុវជន និងអទិភាពផ្សេងទៀត ដើម្បីកាត់បន្ថយគម្លាតអភិវឌ្ឍ និងពង្រឹងសមាហរណកម្មតំបន់។

សម្រាប់ សសរស្ដម សង្គម និងវប្បធម៌នេះ កម្ពុជា នឹងជំរុញអភិវឌ្ឍធនធានមនុស្ស ឱ្យឆ្លើយតបតម្រូវការជាក់ស្ដែង ក្នុងការកសាងសហគមន៍ រួមទាំងការជំរុញការចូលរួមរបស់ស្ត្រី និងយុវជន នៅក្នុងការរក្សានិងកសាងសន្តិភាព និងការអភិវឌ្ឍប្រព័ន្ធការពារសង្គម ប្រកបដោយបរិយាប័ន្នផងដែរ។ មិនតែប៉ុណ្ណោះ កម្ពុជា ក៏ជំរុញការប្រាស្រ័យទាក់ទងរវាងប្រជាជន និងប្រជាជន ក្នុងតំបន់អាស៊ាន ឱ្យស្របតាមទិសដៅអាស៊ានតែមួយ។
 
«ជារួមកម្ពុជា នឹងបន្តការកៀងគរ និងកិច្ចសហប្រតិបត្តិការ ដើម្បីឱ្យសម្រេចគោលដៅ នៃការកសាងសហគមន័អាស៊ាន តាមសសរស្ដមទាំង៣ តាមទស្សនវិស័យសហគមន៍អាស៊ានឆ្នាំ២០២៥»។ នេះបើតាមសម្ដេច ហ៊ុន សែន ដែលបានប្ដេជ្ញាជំរុញដំណើការរៀបចំទស្សនវិស័យរបស់អាស៊ាន នៅក្រោយឆ្នាំ២០២៥ផងដែរ។
 
បើតាមសម្ដេច ហ៊ុន សែន កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះអាស៊ាន ឆ្នាំ២០២២ ក្រោមមូលបទ«អាស៊ានរួមគ្នាធ្វើ ដោះស្រាយបញ្ហាប្រឈមទាំងអស់គ្នា ដើម្បីភាពសុខដុមរមនា សន្តិភាព និងវិបុលភាពក្នុងតំបន់ទាំងមូល»។
 
គួរបញ្ជាក់ថា កម្ពុជា ធ្លាប់ធ្វើជាម្ចាស់ផ្ទះអាស៊ាន ២លើករួចហើយ កាលពីឆ្នាំ២០០២ និង២០១២។

Tag:
 អាស៊ាន
  កម្ពុជា
© រក្សាសិទ្ធិដោយ thmeythmey.com