ជាតិ
សម្ដេច ហ៊ុន សែន ប្រាប់ឱ្យក្រសួងសុខាភិបាល ពិនិត្យលទ្ធភាពវះកាត់ប្តូរក្រលៀនឱ្យអ្នកជំងឺ ជាភាពស្របច្បាប់
21, Mar 2022 , 10:40 am        
រូបភាព
ភ្នំពេញ៖ នាពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិនព្រះកុសុមៈ(ពេទ្យលោកសង្ឃ) នាព្រឹកថ្ងៃទី២១ មីនា សម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ប្រាប់ឱ្យក្រសួងសុខាភិបាល ពិនិត្យលទ្ធភាពវះកាត់ប្តូរក្រលៀនឱ្យអ្នកជំងឺ នៅក្នុងប្រទេសកម្ពុជា ឱ្យទៅជាភាពស្របច្បាប់។


សម្ដេច ហ៊ុន សែន បានបញ្ជាក់ថា ក្រុមគ្រូពេទ្យនៅកម្ពុជា ក៏មានសមត្ថភាពវះកាត់ប្ដូរក្រលៀន និងសរីរាង្គខាងក្នុងអ្នកជំងឺបានយ៉ាងល្អ ដោយមិនចាញ់ប្រទេសដទៃឡើយ។ ប៉ុន្តែអ្វីដែលគួរឱ្យបារម្ភនោះ គឺផ្លាស់ប្ដូរក្រលៀន និងសរីរាង្គនេះ វាអាចក្លាយជាជំនួញរបស់ជនខិលខូច។
 
ដោយសារបារម្ភពីបញ្ហានេះ ទើបប្រមុខរដ្ឋាភិបាល ប្រាប់ឱ្យក្រសួងសុខាភិបាល ពិចារណា និងសិក្សាពីលទ្ធភាពវះកាត់ប្តូរក្រលៀន និងសរីរាង្គខាងក្នុងឱ្យអ្នកជំងឺនេះ ទៅជាភាពស្របច្បាប់ ។
 
នាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះថា៖«សូមឱ្យរដ្ឋមន្រ្តីក្រសួងសុខាភិបាលរបស់យើង ពិចារណាជាមួយគ្នា យកធ្វើជា(ការវះកាត់ប្ដូរក្រលៀនឱ្យអ្នកជំងឺ)ឱ្យវាទៅជាភាពស្របច្បាប់តែម្ដង។ យើងធ្វើវាទៅជាស្របច្បាប់ ប៉ុន្តែយើងអត់ហ៊ានផ្សាយ(ទូលំទូលាយជាសាធារណៈ)។ ហើយឥឡូវបងប្អូនយើង នៅត្រូវការយើង អាចប្ដូរ(សរីរាង្គ)អ្វីបានខ្លះ ធ្វើអ្វីបានខ្លះ»។
 
សម្ដេច ហ៊ុន សែន បានបន្ថែមថា ពលរដ្ឋកម្ពុជាជាច្រើននាក់ហើយ ដែលបានទៅវះកាត់ប្ដូរក្រលៀន និងសរីរាង្គខាងក្នុងនៅបរទេស ដូច្នេះដើម្បីកុំឱ្យពួកគេយកថវិកាទៅចំណាយខាងក្រៅនោះ ក្រសួងសុខាភិបាល គួរតែរៀបចំការវះកាត់សរីរាង្គបែបនេះដែរ ប៉ុន្តែត្រូវមានវិធានការទប់ស្កាត់មិនឱ្យមានជួញដូរសរីរាង្គនៅកម្ពុជានោះទេ។
 
«អ្នកដែលខ្ញុំឱ្យលុយទៅ(វះកាត់ក្រលៀន) នៅប្រទេសក្រៅ តែខ្ញុំមិននិយាយឈ្មោះប្រទេសរបស់គេ អាចដើរបាន អាចវាយកូនហ្គោលទៀត។ ហើយអ្នកខ្លះដូរដល់ថ្លើមទៀត ហើយឥឡូវយើងដូរដែរមើល។ ប៉ុន្តែកុំឱ្យមាន គេហៅថា ការជួញដូរសរីរាង្គ»។ នេះបើតាមប្រមុខរដ្ឋាភិបាល ដែលបានបន្ថែមថា ការវះកាត់ប្ដូរក្រលៀន និងសរីរាង្គ គឺត្រូវកើតចេញពីការស្ម័គ្រចិត្តបែបមនុស្សធម៌ ទៅកាន់អ្នកជំងឺ ដោយមិនមែនជាការបង្ខិតបង្ខំ ឬជួញដូរឡើយ។
 
ត្រង់ចំណុចនេះសម្ដេច ហ៊ុន សែន បានពន្យល់ថា ការវះកាត់ប្ដូរក្រលៀន និងសរីរាង្គខាងក្នុងអ្នកជំងឺ ទាល់តែមានការបរិច្ចាគពីក្រុមគ្រួសារ និងសាច់ញាតិ រវាងបងប្អូន និងកូនក្មួយជាដើម ឬអ្នកស្ម័គ្រចិត្តសប្បុរសធម៌នានា ដោយមិនមែនជាការជួញដូរសរីរាង្គ ដើម្បីជាថ្នូរនឹងថវិកាឡើយ។
 
កន្លងមក ក្រសួងសុខាភិបាល ក៏មានច្បាប់ពាក់ព័ន្ធនឹងការប្ដូរសរីរាង្គនេះដែរ ប៉ុន្តែមិនសូវបានផ្សព្វផ្សាយឱ្យបានទូលំទូលាយប៉ុណ្ណោះ ទើបធ្វើឱ្យពលរដ្ឋមិនបានដឹងពីព័ត៌មាននេះ ហើយនាំគ្នាចេញទៅវះកាត់នៅក្រៅប្រទេស។ នេះបើតាមលោក ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល ដែលបានឆ្លើយប្រាប់ទៅសម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិនព្រះកុសុមៈ(ពេទ្យលោកសង្ឃ)នេះ៕
 

Tag:
 ហ៊ុន សែន
  សុខាភិបាល
© រក្សាសិទ្ធិដោយ thmeythmey.com