ជាតិ
អ្នកនេសាទភាគច្រើន ​កំពុងរង់ចាំមើលលទ្ធផលចំណាត់ការក្តៅ ​ចំពោះបទល្មើសនេសាទនៅក្នុងបឹងទន្លេសាប
03, Apr 2022 , 10:29 am        
រូបភាព
រូបភាពពីលើអាកាសនៃលបឡុក ដែលមានរូបរាងដូចព្រួញយក្សយ៉ាងធំ
រូបភាពពីលើអាកាសនៃលបឡុក ដែលមានរូបរាងដូចព្រួញយក្សយ៉ាងធំ
ដោយ៖ ឈុត ឈាណា អច្ឆរិយភាពនៃទន្លេមេគង្គ
 
ក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ ដោយមានចំណាត់ការក្តៅពីរដ្ឋាភិបាល ចំពោះបទល្មើសនេសាទ នៅជុំវិញបឹងទន្លេសាប គេសង្កេតឃើញថា សកម្មភាពនេសាទគ្រប់ប្រភេទឧបករណ៍ បានផ្អាកសកម្មភាពនេសាទ គួរឱ្យកត់សម្គាល់។ ក្នុងនោះ អ្នកប្រើប្រាស់​ឧបករណ៍នេសាទប្រភេទយ៉ាំងកាវ ដែលធ្លាប់តែគគ្រឹកគគ្រេងកងរំពង ក៏បាត់វត្តមានពីផ្ទៃទឹកបឹង ដែលបានធ្វើឱ្យអ្នកនេសាទដែលប្រើប្រាស់ឧបករណ៍នេសាទធម្មតា រីករាយសាទរយ៉ាងខ្លាំង។


 
ក្នុងនោះ ឧបករណ៍នេសាទ «លបឡុក» ដែលគេអាចឃើញមានគ្រប់ខេត្តជុំវិញបឹងទន្លេសាប ​ក៏បានផ្អាកសកម្មភាពជាបណ្តើរៗដែរ។ អ្នកនេសាទ បាន​នាំគ្នាសារសាច់អួនរបាំងព្រួល ដែលគេដំឡើងសម្រាប់នាំផ្លូវត្រីចូលក្នុង «លបឡុក» ​ យកទៅទុកឯផ្ទះ បន្សល់ទុកតែបង្គោលឈើចម្រឹងច្រូងច្រាង​ រាប់សិបលានដើម ពាលពេញផ្ទៃទឹកបឹងទន្លេសាប ហាក់កំពុងរង់ចាំម្ចាស់របស់វា យកសាច់អួនទាំងនោះមកដំឡើងវិញ។ ប៉ុន្តែ ក្នុងចំណោមនោះ ​ក៏មានអ្នកនេសាទមួយចំនួន មិនទាន់រុះរើ​ដែរ ដោយគ្រាន់តែស្រាយខ្សែបន្ធូរ រួចពន្លិចចូលទឹកប៉ុណ្ណោះ ដើម្បីរង់ចាំមើលសភាពការណ៍។


 សាច់អួនរបាំងព្រួលរាប់រយម៉ែត្រ សម្រាប់នាំផ្លូវត្រីចូលក្នុងលបឡុក ដែលត្រូវបានអ្នកនេសាទ ស្រាយពន្លិចទឹក
 
 
អ្នកនេសាទជាច្រើន បានសាទរចំពោះ​ចំណាត់ការក្តៅនេះ ដោយពួកគាត់លើកឡើងថា បើចំណាត់ការក្តៅនៅបន្តមិនបន្ធូរដៃ ត្រឹមតែរយៈពេលពីរឆ្នាំប៉ុណ្ណោះ ត្រីក្នុងបឹងទន្លេសាប​ នឹងកើនឡើងវិញ។ ក្នុងនោះ ពួកគាត់ក៏មានការព្រួយបារម្ភដែរ ចំពោះជីវភាពប្រចាំថ្ងៃ ព្រោះការផ្លាស់ប្តូរឧបរណ៍នេសាទ ព្រោះ «លបឡុក» ពួកគាត់បានបោះដើមទុនច្រើន លើ​ការទិញកូនឈើរាប់រយដើម ដើម្បីធ្វើជាចម្រឹង ព្រមទាំងសាច់អួនរាប់រយម៉ែត្រផងដែរ។ 
 

សំណង់លបឡុកមួយហាក់បង្ហាញថា ស្វាគមត្រីមកពីគ្រប់ទាំង ៨ទិស ចូលក្នុងលប
 
ឧបករណ៍នេសាទ «លបឡុក» គឺជាឧបករណ៍នេសាទ ដែលមានប្រសិទ្ធភាពក្នុងការចាប់ត្រីបានខ្ពស់ ជាងឧបករណ៍នេសាទ​ដូចជា មង សន្ទួច សំណាញ់ និងឧបករណ៍នេសាទបែបបុរាណផ្សេងៗទៀត។ មិនតែប៉ុណ្ណោះ «លបឡុក» ក៏ជាឧបករណ៍នេសាទ ដែលមិនតម្រូវឱ្យអ្នកនេសាទ ចំណាយពេលវេលាច្រើនដែរ។ ក្នុងលបឡុកប្រវែង ៥០ម៉ែត្រឡើង អ្នកនេសាទអាចប្រើពេលដំឡើងចាប់ពី ​ពីរថ្ងៃ ទៅបីថ្ងៃ លើការបោះបង្គោលចម្រឹង​ និងបំពាក់សាច់អួន ទៅតាមទម្រង់ដែលគេចង់បាន ដែលជាទូទៅ មានទ​ម្រង់ជាព្រួញយក្សដ៏ធំ។ បន្ទាប់ពីដំឡើងហើយ ពួកគេចំណាយពេលតិចបំផុត ត្រឹមតែ ១០នាទីក្នុងមួយថ្ងៃ ឬលើសនេះបន្តិចបន្តួច ដើម្បីប្រមូលត្រីចេញពីលបជាការស្រេច។
 

ចម្រឹងកូនឈើបំពាក់ដោយសាច់អួនធ្វើជារបាំងព្រួលសម្រាប់នាំផ្លូវត្រីចូលក្នុងលបឡុក ​
 
ឧបករណ៍នេសាទ «លបឡុក» គឺជាឧបករណ៍នេសាទ ដែលអាចចាប់ត្រីបាន ២៤ម៉ោង លើ២៤ម៉ោង ១២​ខែ ក្នុងមួយឆ្នាំ មិនសម្រាកបើសិនជា បឹង ស្ទឹង អូរ ព្រែក ទន្លេ នៅមានទឹក។ វាចាប់ទាំងត្រីតូច ទាំងត្រីធំ មេត្រី កូនត្រី ស្ទើរតែមិនចាញ់ឧបករណ៍នេសាទ «លូស្បៃមុង» ដែលអាចចាប់បានទាំងពងត្រីទៀតផងនោះឡើយ។ ជាទូទៅ អ្នកនេសាទម្នាក់ អាចមានឧបករណ៍នេសាទប្រភេទនេះ ៣ ទៅ៥ «លបឡុក» ដែលមានប្រវែងចាប់ពី ៥០ម៉ែត្រ ទៅរាប់រយម៉ែត្រ តាមលទ្ធភាពដែលពួកគេមាន។ 
 
ក្រៅពីប្រសិទ្ធភាពក្នុងការចាប់ត្រីបានគ្រប់ប្រភេទ ដោយមិនចំណាយកម្លាំង និងពេលវេលាច្រើន ​ឧបករណ៍នេសាទ «លបឡុក» ក៏បានចូលរួមចំណែកយ៉ាងធំក្នុងការបំផ្លាញព្រៃឈើ។ កូនឈើប្រវែង ចាប់ពី ៣ទៅ៤ម៉ែត្រ ជាច្រើនលានដើម ត្រូវបានគេកាប់ដើម្បីយកមកធ្វើចម្រឹងជារៀងរាល់ឆ្នាំ ដោយលក់ក្នុងតម្លៃមួយដើម ១ ២០០​ទៅ ១ ៥០០ រៀល។ មិនតែប៉ុណ្ណោះ សាច់អួនចាស់ៗ ដែលលែងប្រើការបាន ត្រូវបានអ្នកនេសាទបោះបង់ចោលពេញផ្ទៃទឹក ទុកឱ្យសាច់អួនទាំងនោះបន្តចាប់ និងសម្លាប់ត្រីចោលអាសារឥតការបន្តទៀត។
 
កាលពីថ្ងៃទី ៣១ ខែមីនា ឆ្នាំ២០២២​ អ្នកយកព័ត៌មានយើង មានការភ្ញាក់ផ្អើលនោះ ដោយការផ្អាកសកម្មភាពនេសាទត្រឹមតែប៉ុន្មានថ្ងៃសោះ យើងសង្កេតឃើញមានវត្តមានត្រីកេស ត្រីស្លាត និងត្រីជាច្រើនប្រភេទទៀត លោតបង្ហាញខ្លួននៅលើផ្ទៃទឹកបឹង ពេលទូកបើកឆ្លងកាត់ ដែលស្ថានភាពបែបនេះមិនធ្លាប់ឃើញមាន ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ សង្ឃឹមថា ចំណាត់ក្តៅនេះ នឹងនៅតែបន្ត ហើយមិនយូរទេ ត្រឹមតែរយៈពេលពីរឆ្នាំ ត្រីក្នុងបឹងទន្លេសាប នឹងសម្បូរឡើងវិញ៕
 

© រក្សាសិទ្ធិដោយ thmeythmey.com