អន្តរជាតិ
រុស្ស៊ី យល់ព្រមជាគោលការណ៍ឱ្យ UN ចូលរួមក្នុងការជម្លៀសប្រជាជនពីក្រុង Mariupol
27, Apr 2022 , 2:36 pm        
រូបភាព
ប្រធានាធិបតីរុស្ស៊ី វ៉្លាឌីមៀ ពូទីន ជួបជាមួយអគ្គលេខាធិការអង្គការសហប្រជាជាតិ អាន់តូនីញ៉ូ ហ្គូតេរ៉េស។ រូបថត Xinhua
ប្រធានាធិបតីរុស្ស៊ី វ៉្លាឌីមៀ ពូទីន ជួបជាមួយអគ្គលេខាធិការអង្គការសហប្រជាជាតិ អាន់តូនីញ៉ូ ហ្គូតេរ៉េស។ រូបថត Xinhua
ប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀ ពូទីន នៅថ្ងៃទី២៦ ខែមេសា បានយល់ព្រមជាគោលការណ៍ ដើម្បី​អនុញ្ញាត​ឱ្យអង្គការសហប្រជាជាតិ (UN) និងគណៈកម្មាធិការកាកបាទក្រហមអន្តរជាតិ (ICRC) ជួយជម្លៀស​ប្រជាជនអ៊ុយក្រែនពីរោងចក្រដែកក្នុងក្រុង Mariupol ដែលរុស្ស៊ីកំពុងគ្រប់គ្រង។

 
កាលពីថ្ងៃទី២០ ខែមេសា រុស្ស៊ី បានប្រកាសថា ខ្លួនបានគ្រប់គ្រងទីក្រុង Mariupol ហើយចាត់​ទុក​ជា​ការរំដោះក្រុងដោយជោគជ័យផងដែរ។ យ៉ាងណាមិញ ទាហានព្រមទាំងជនស៊ីវិលអ៊ុយក្រែន​ប្រមាណ​២ពាន់នាក់បានបន្តលាក់ខ្លួននៅរោងចក្រដែក Azovstal ក្នុងទីក្រុង Mariupol ខណៈបារម្ភ​ពី​ការ​វាយ​ប្រហារពីរុស្ស៊ី។ បន្ថែមពីនេះ ប្រជាជនអ៊ុយក្រែនជាង១០ម៉ឺននាក់ក្នុងទីក្រុង Mariupol ក៏​កំពុង​ជួប​បញ្ហាមនុស្សធម៌ផងដែរ។
 
ប្រមុខ UN លោក អាន់តូនីញ៉ូ ហ្គូតេរ៉េស នៅថ្ងៃទី២៦ ខែមេសា ក៏ធ្វើដំណើរទៅក្រុងមូស្គូ ហើយជួប​ជាមួយមេដឹកនាំរុស្ស៊ី វ៉្លាឌីមៀ ពូទីន ។ អ្នកនាំពាក្យ UN លោក Stephane Dujarric បញ្ជាក់ថា លោក ហ្គូតេរ៉េស និងលោក ពូទីន បានពិភាក្សាពីតម្រូវការផ្ដល់ជំនួយមនុស្សធម៌ និងការជម្លៀស​ប្រជាជន​ក្នុង​ទីក្រុង Mariupol ជាពិសេសជនស៊ីវិល និងទាហានអ៊ុយក្រែនដែលជាប់នៅរោងចក្រដែក Azovstal។
 
«ប្រធានាធិបតីរុស្ស៊ីបានយល់ព្រមជាគោលការណ៍ដើម្បីអនុញ្ញាតឱ្យ UN និងគណៈកម្មាធិការ​កាក​បាទ​ក្រហមអន្តរជាតិ ជួយជម្លៀសប្រជាជនចេញពីរោងចក្រដែក Azovstal នៅទីក្រុង Mariupol»។ អ្នកនាំ​ពាក្យខាងលើ បញ្ជាក់បែបនេះ រួចបន្តថា ការពិភាក្សាបន្តទៀត​នឹងត្រូវធ្វើឡើងរវា​ងការិយាល័យ UN សម្រាប់ការសម្របសម្រួលកិច្ចការមនុស្សធម៌ និងក្រសួងការពារជាតិរុស្ស៊ី។
 
ចំពោះមុខប្រមុខ UN លោក ពូទីន បានលើកឡើងថា លោកសង្ឃឹមលើការចរចាដើម្បីបញ្ចប់ជម្លោះតាមផ្លូវការទូត។ លោកកូ៏ប្រកាសថា ក្រុងមូស្គូមិនបដិសេធការចរចាគ្នាជាមួយអ៊ុយក្រែននោះឡើយ។
 
បើតាមមេដឹកនាំរុស្ស៊ី កិច្ចចរចានៅទីក្រុងអ៊ីស្តង់ប៊ុល ទឹកដីតួកគី​ កាលពីខែមីនា ទទួល​បាន​ជោគជ័យ​មួយចំនួន។ យ៉ាងណាមិញ លោក ពូទីន ក៏ចោទអ៊ុយក្រែនថា ​បាន​ដើរបកក្រោយ​ចំពោះ​កិច្ច​ព្រមព្រៀង​បណ្តោះអាសន្ន​មួយ​ចំនួន​ដែល​បាន​សម្រេច​ទៅវិញ។
 
អំឡុងជំនួបខាងលើ លោក ហ្គូតេរ៉េស ក៏បានទទូចសារជាថ្មីឱ្យមាន​បទ​ឈប់​បាញ់​ដើម្បីការពារប្រជាជន ហើយភាគីជម្លោះគួរតែបែរទៅរកការចរចាគ្នាដើម្បីរកដំណោះស្រាយ។ ទាក់ទងនឹងការវាយ​ប្រហារ​តំបន់ដុនបាសនៅភាគខាងកើតអ៊ុយក្រែន និងការស្លាប់របស់ប្រជាជនក្នុងជម្លោះនេះ លោក ហ្គូតេរ៉េស សង្កត់ធ្ងន់ថា របាយការណ៍ដដែលៗអំពីការរំលោភបំពាន​ក៏ដូចជា​ឧក្រិដ្ឋកម្មសង្គ្រាម​ដែ​ល​អាច​កើត​មាន នឹងតម្រូវឱ្យមានការស៊ើបអង្កេតឯករាជ្យដើម្បីរកការទទួលខុសត្រូវ។
 
ដោយឡែក ក្នុងសន្និសីទកាសែតជាមួយរដ្ឋមន្ត្រីកាបរទេសរុស្ស៊ី ស៊ែហ្គេយ៍ ឡាវរ៉ូវ  ប្រមុខ UN អះអាង ថា លោកបានស្នើឱ្យមានក្រុមទំនាក់ទំនងមនុស្សធម៌រុស្ស៊ី អ៊ុយក្រែន និងមន្ត្រី UN ដែលនឹងធ្វើការរួម គ្នាដើម្បីស្វែងរកឱកាសក្នុងការបើកច្រកសុវត្ថិភាព និងមានប្រសិទ្ធភាពក្នុងការជម្លៀសជនស៊ីវិល និង​ផ្ដល់ជំនួយមនុស្សធម៌ផងដែរ៕
 
 
 
 
 

Tag:
 រុស្ស៊ី
  អ៊ុយក្រែន
  UN
© រក្សាសិទ្ធិដោយ thmeythmey.com