អន្តរជាតិ
១សប្ដាហ៍ក្រោយរកឃើញករណីកូវីដ-១៩ ដំបូង កោះមីក្រូណេស៊ីមាន​អ្នកឆ្លងជាង១ពាន់នាក់
25, Jul 2022 , 6:29 pm        
រូបភាព
ទីតាំងធ្វើតេស្តរកជំងឺកូវីដ-១៩​ មួយកន្លែងនៅកោះសហព័ន្ធមីក្រូណេស៊ី។
ទីតាំងធ្វើតេស្តរកជំងឺកូវីដ-១៩​ មួយកន្លែងនៅកោះសហព័ន្ធមីក្រូណេស៊ី។
ចំនួនករណីវិជ្ជមានកូវីដ-១៩ សរុបនៅរដ្ឋសហព័ន្ធមីក្រូណេស៊ី ត្រឹមថ្ងៃទី២៥ ខែកក្កដា បានកើនឡើង​ដល់ជាង១ពាន់ករណី។ នេះជាអត្រាឆ្លងសរុបរយៈមួយសប្ដាហ៍ប៉ុណ្ណោះ​ក្រោយរកឃើញករណី​ឆ្លង​ដំបូង។


នៅថ្ងៃទី១៨ ខែកក្កដា ប្រទេសកោះមីក្រូណេស៊ីនៃតំបន់មហាសមុទ្រប៉ាស៊ីហ្វិកបានរក​ឃើញករណីវិជ្ជមានកូវីដ-១៩ លើកដំបូង ខណៈជំងឺនេះបានផ្ទុះជាសកលជាង២ឆ្នាំមក​ហើយ។ មកទល់ថ្ងៃទី២៥ ខែកក្កដា មីក្រូណេស៊ីមានករណីវិជ្ជមានកូវីដ-១៩ ស្ទុះឡើងយ៉ាង​រហ័ស​ដល់ជាង ១ពាន់ករណីឯណោះ។ 
 
ការិយាល័យ​ប្រធានាធិបតី​មីក្រូណេស៊ី បានអះអាងថា ក្នុងចំណោមអ្នកឆ្លងជំងឺកូវីដ-១៩ សរុប អ្នក​មានអាការៈធ្ងន់ធ្ងរមានតែ ៣នាក់ប៉ុណ្ណោះ ដែលរួមទាំងអនុប្រធានាធិបតីមីក្រូណេ​ស៊ី Yosiwo P. George ផងដែរ។ 
 
រដ្ឋ Pohnpie ជាទីតាំងរកឃើញករណីឆ្លងជំងឺកូវីដ-១៩ ដំបូង មានករណីវិជ្ជមាន​សរុប៦៩៩ករណី ខណៈរដ្ឋ Kosrae មាន ៣១៣ករណី។ ចំណែករដ្ឋ Chuuk មានករណី​វិជ្ជមាន​កូវីដ-១៩ ៧ករណី និង ៣ករណីទៀតនៅរដ្ឋ Yap ដែលទាំង ១០នាក់នេះជាអ្នកឆ្លង​មកពីក្រៅ​ប្រទេស។ ករណីស្លាប់នៅ​មិន​ទាន់មានឡើយ។ នេះបើតាមសាព័ត៌មាន Pacific Daily News។
 
មីក្រូណេស៊ី បានចាប់ផ្ដើមយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ តាំងពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ មក។ ប្រជាជនប្រទេសកោះមួយនេះ ដែលមានអាយុចាប់ពី៥ឆ្នាំឡើងទៅ ៧៤ភាគរយ​បានចាក់វ៉ាក់សាំងពេញ​លេញហើយ។ បើតាមក្រសួងសុខាភិបាល និងកិច្ចការ​សង្គមមីក្រូណេស៊ី ប្រជាជនមានអាយុចាប់ពី៤៥ឆ្នាំឡើងប្រហែល៥៥ភាគរយបានចាក់​វ៉ាក់សាំងដូសជំរុញយ៉ាងតិចម្ដង។
 
តាំងពីមានការរាលដាលជំងឺកូវីដ-១៩ អាជ្ញាធរមីក្រូណេស៊ីបានដាក់វិធានការទប់ស្កាត់ដូច​ជាចៀសវាងការជួបជុំគ្នា និងត្រូវពាក់ម៉ាស់គ្រប់ពេលវេលា ប៉ុន្តែសេវាសាធារណៈទាំងអស់​នៅតែបើកដំណើរការ​ធម្មតា៕
 

Tag:
 មីក្រូណេស៊ី
© រក្សាសិទ្ធិដោយ thmeythmey.com