ជាតិ
យុវជនសកម្ម សេវាល្អ
កោះកុង៖ ពលរដ្ឋមានពិការភាពជើង ស្នើ​អាជ្ញាធរឃុំកណ្តោល ពន្លឿនការសង់ជម្រាលជនពិការនៅសាលាឃុំ
29, Aug 2022 , 9:00 am        
រូបភាព
 ដោយ៖ ទួន លីម (យុវជនឃុំកណ្តោល) 
 
ស្រុកបូទុមសាគរ, កោះកុង៖ ពលរដ្ឋដែលមានពិការភាពជើង រស់នៅក្នុងឃុំកណ្តោល ស្រុកបូទុមសាគរ បានស្នើឱ្យអាជ្ញាធរ ពន្លឿនការសង់ជម្រាលជនពិការ នៅអគារសាលាឃុំ ដើម្បីផ្តល់ភាពងាយស្រួលដល់ ពួកគាត់ ក្នុងការមកទទួលសេវានានា។ ឆ្លើយតបនឹងសំណើរនេះ លោក ហ៊ុយ សំណាង មេឃុំកណ្តោល អះអាងថា នឹងសង់ជម្រាលនេះ ក្នុងពេលឆាប់ៗនេះ ព្រោះឃុំមានផែនការសង់ជាយូរមកហើយ។ ក្រៅពីគ្រោងសង់ជម្រាលនេះ អាជ្ញាធរឃុំ ក៏តែងផ្តល់ការយកចិត្តទុកដាក់ និងអាទិភាពដល់ពលរដ្ឋដែលមានពិការភាពដែរ នៅពេលពួកគាត់មកទទួលសេវារដ្ឋបាលនៅឃុំ។

 
ដើម្បីជ្រាបច្បាស់ សូមអញ្ជើញលោកអ្នកនាងទស្សនាវីដេអូខាងក្រោមនេះ៖ 
 
លោក ឡាយ ឡាត់ ជាពលរដ្ឋរស់នៅក្នុងភូមិធ្នង់ ឃុំកណ្តោល បានលើកឡើងថា លោកពិតជារីករាយចំ ពោះការយកចិត្តទុកដាក់របស់អាជ្ញាធរ រាល់ពេលដែលខ្លួន ទៅ​ ទទួលសេវានៅសាលាឃុំ។ បើតាមពលរដ្ឋរូបនេះ លោក ​លាប់ទៅធ្វើអត្តសញ្ញាណបណ្ណ អត្រានុកូលដ្ឋាន និងឯកសារផ្សេងៗកន្លងមក។ ទោះយ៉ាងណា ឡាយ ឡាត់ ចង់ចង់​ឱ្យឃុំសង់ជម្រាលបន្ថែមទៀត ដើម្បីឱ្យខ្លួនកាន់តែមានភាពងាយស្រួល ក្នុងការឡើងចុះ អគារសាលាឃុំ។ លោក ឡាយ ឡាត់ រៀនរាប់ថា៖ «ចង់ថា កន្លែងខ្ញុំដែលធ្លាប់ទៅទទួលសេវា ត្រូវតែធ្វើ (ជម្រាល) កន្លែងហ្នឹងឱ្យបានស្អាត ឱ្យបានស្រួលធ្វើដំណើរ»។ 
 

 ឡាយ ឡាត់ ពលរដ្ឋរស់នៅភូមិធ្នង់ ឃុំកណ្តោល ស្រុកបូទុមសាគរ ខេត្តកោះកុង
ស្រដៀងគ្នាដែរ លោក ហ៊ឹម នាង ជាពលរដ្ឋរស់នៅក្នុងភូមិធ្នង់ ឃុំកណ្តោល ម្នាក់ទៀតដែលមានពិការភាពជើងខាងស្តាំ ។ លោក ហ៊ឹម នាង លើកឡើងថា គាត់មានការពិបាក នៅពេលទៅទទួលសេវាសាធារណៈនៅក្នុងឃុំម្តងៗ ព្រោះតែឃុំនៅមិនទាន់សង់ជម្រាលសម្រាប់ជនពិការ។ លោក ហ៊ឹម នាង ចង់ឱ្យអាជ្ញាធរឃុំ សង់ជម្រាលសម្រាប់អ្នកមានពិការភាពនេះឱ្យបានលឿន ដើម្បីផ្តល់ជាប្រយោជន៍មិនត្រឹមតែសម្រាប់តែជនពិការនោះទេ ជនចាស់ជរា កុមារក៏​ងាយស្រួលធ្វើដំណើរ នៅពេលពួកគាត់​មក​ទទួលសេវា។ «​ជម្រាលអាចថា អ្នកពិការពឹងបានដោយស្រួល។ ថ្មើរជើងអត់មានស្អីជួយ ជម្រាលហ្នឹង គឺទៅកុំឱ្យរដិបរដុប។ បើកាំជណ្តើរ អត់បានទេ»។ 
 

  លោក ហ៊ឹម នាង ពលរដ្ឋរស់នៅភូមិធ្នង់ ឃុំកណ្តោល ស្រុកបូទុមសាគរ ខេត្តកោះកុង
ឆ្លើយតបនឹងសំណើនេះ លោក ហ៊ុយ សំណាង មេឃុំកណ្តោល ស្រុកបូទុមសាគរ អះអាងថា លោកនឹងសង់ជម្រាលមួយចំហៀងនៅអគារសាលាឃុំ នៅដើមឆ្នាំ២០២៣ខាងមុខ។ «តាមពិតទៅឃុំមានផែនការសង់ជម្រាលហ្នឹងយូរហើយ ប៉ុន្តែយើងមិនទាន់បានសង់។ ឥឡូវហ្នឹងយើងនឹងសង់(ជម្រាល) ឱ្យគាត់។ នៅពេល​ដែលជាងមកធ្វើផ្លូវបេតុងនៅខែ១០(តុលា)ហ្នឹង ខ្ញុំនឹងសុំកូនជាងគេឱ្យមកធ្វើ(ជម្រាល)ឱ្យ។ មិនយូរទេ»។ 
 

 លោក ហ៊ុយ សំណាង មេឃុំកណ្តោល ស្រុកបូទុមសាគរ ខេត្តកោះកុង
បើតាមលោកមេឃុំរូបនេះ នៅក្នុងឃុំកណ្តោលមានពលរដ្ឋសរុប ជាង ៤ ៣០០នាក់ ក្នុងនោះពលរដ្ឋដែលមានពិការភាព មានប្រមាណ២០នាក់។ បើតាមលោក ហ៊ុយ សំណាង មេឃុំកណ្តោល នៅពេលពលរដ្ឋ​មកទទួល​សេវា នៅសាលាឃុំ គឺបានយកចិត្តទុកដាក់ និងរាក់ទាក់ជាមួយគាត់៕
 
(វីដេអូនេះ គឺជាស្នាដៃរបស់ក្រុមយុវជន និងត្រូវបានរៀបរៀងឡើង ក្រោមជំនួយហិរញ្ញវត្ថុរបស់សហភាពអឺរ៉ុប និងទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍអន្តរជាតិស៊ុយអ៊ែត តាមរយៈអង្គការតម្លាភាពកម្ពុជា និងអង្គការអាក់សិនអេតកម្ពុជា។ រាល់ខ្លឹមសារនៅក្នុងអត្ថបទ និងវីដេអូនេះ គឺជាការទទួលខុសត្រូវរបស់ស្មេរ ឬផលិតករ ហើយមិនឆ្លុះបញ្ចាំងអំពីទស្សនៈរបស់សហភាពអឺរ៉ុប និងទីភ្នាក់ងារសហប្រតិបត្តិការ អភិវឌ្ឍអន្តរជាតិស៊ុយអ៊ែតនោះទេ)
 
 

© រក្សាសិទ្ធិដោយ thmeythmey.com