ជាតិ
ប្រព័ន្ធស្រោចស្រព និងការពារទឹកជំនន់ព្រែកត្នោតសង់បាន ៧០ភាគរយហើយ ដោយសម្រួលរំហូរទឹកបានច្រើន ![](https://image.thmeythmey.com/pictures/2022/10/08/81020221641front.jpg)
×![]()
គម្រោងសាងសង់ប្រព័ន្ធស្រោចស្រព និងការពារទឹកជំនន់ព្រែកត្នោត សម្រេចបាន ៧០ភាគរយ ដោយបានរួមចំណែកជួយសម្រួលរំហូរទឹកយ៉ាងច្រើន បើធៀបស្ថានភាពកម្ពស់ទឹកស្ទឹងដូចគ្នាកាលពីឆ្នាំមុន។ នេះបើតាមក្រសួងធនធានទឹក និងឧតុនិយម។
លោក លឹម គានហោ រដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧតុនិយម បានបញ្ជាក់ថា ប្រព័ន្ធស្រោចស្រពនេះ បានគ្របដណ្ដប់ទៅលើរាជធានីភ្នំពេញ កណ្ដាល តាកែវ និងខេត្តកំពង់ស្ពឺ។
លោក គានហោ បានបញ្ជាក់ថា ស្ថានភាពទឹកតាមខ្នងទំនប់សណ្តស្ទឹងព្រែកត្នោត បច្ចុប្បន្នមិនទាន់មានសភាពធ្ងន់ធ្ងរនោះទេ ខណៈក្រុមការងារបច្ចេកទេសក្រសួង បានត្រៀមគ្រឿងចក្រសម្រាប់សម្រួលស្ថានការណ៍ និងរំដោះទឹក ចាប់តាំងពីខែសីហា ឆ្នាំ២០២២។
![](https://image.thmeythmey.com/pictures/2022/10/08/d1.jpg)
លោក លឹម គានហោ រដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧតុនិយម ចុះពិនិត្យគម្រោងសាងសង់ប្រព័្ធស្រោចស្រព និងការពារទឹកជំនន់នៅស្ទឹងព្រែកត្នោត នាព្រឹកថ្ងៃទី ៤តុលា។ រូបភាព៖ ក្រសួងធនធានទឹក
បើតាមក្រសួងធនធានទឹក ស្ថានភាពកម្ពស់ទឹកស្ទឹងព្រែកត្នោតនៅសំណង់ទ្វារទឹកទំនប់អាង ៧មករា គឺកម្ពស់ទឹកខាងមុខទ្វារ ៤,៨០ម៉ែត្រ, កម្ពស់ទឹកប្រុងប្រយ័ត្ន ៥,៣០ម៉ែត្រ, កម្ពស់ទឹកហូរលើទំនប់បង្ហៀរ ស្មើកម្ពស់ទំនប់បង្ហៀរ។ ចំពោះកម្ពស់ទឹកខាងក្រោយទ្វារ ៥,៤០ម៉ែត្រ, កម្ពស់ទឹកប្រុងប្រយ័ត្ន ៧,០០ ម៉ែត្រ។
ជាមួយគ្នានេះ លោក លឹម គានហោ បានសំណូមពរដល់ពលរដ្ឋដែលមានលំនៅឋានតាមបណ្ដោយស្ទឹង ក្នុងភូមិសាស្រ្តខាងលិចរាជធានីភ្នំពេញ និងខេត្តកណ្តាល ឱ្យរក្សានូវទំហំ ឬច្រកមុខទឹកចាស់ ដើម្បី អាចដោះទឹកបានទាន់ពេលវេលា។ លោកថា៖ «បើពុំនោះទេ រាជធានីភ្នំពេញនឹងទទួលរងការគំរាមកំហែងធ្ងន់ធ្ងរ»៕
![](https://image.thmeythmey.com/pictures/2022/10/08/d2.jpg)
គម្រោងសាងសង់ប្រព័ន្ធស្រោចស្រព និងការពារទឹកជំនន់ព្រែកត្នោត សម្រេចបាន ៧០ភាគរយ។ រូបភាព៖ ក្រសួងធនធានទឹក
© រក្សាសិទ្ធិដោយ thmeythmey.com