អន្តរជាតិ
សំណុំរឿងរុស្ស៊ីលេបទឹកដីអ៊ុយក្រែន ធ្លាក់ដល់ដៃមហាសន្និបាត UN
× មហាសន្និបាតអង្គការសហប្រជាជាតិ (UNGA) បានបើកការជជែកដេញដោលនៅថ្ងៃទី១០ ខែតុលាលើសេចក្ដីព្រាងនៃសេចក្ដីសម្រេចមួយក្នុងការថ្កោលទោសរុស្ស៊ីដែលបានកាត់យកតំបន់អ៊ុយក្រែនចំនួនបួន។ ស្របពេលជាមួយគ្នានេះ បណ្ដាប្រទេសលោកខាងលិចក៏កំពុងព្យាយាមជំរុញឱ្យសហគមន៍អន្តរជាតិដាក់សម្ពាធលើរុស្ស៊ីបន្ថែមទៀតចំពោះទង្វើខុសច្បាប់មួយនេះ។
ក្រោយក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (UNSC) បានបរាជ័យក្នុងការថ្កោលទោស រុស្ស៊ីដែលបានកាត់យកទឹកដីអ៊ុយក្រែនដោយសារតែរុស្ស៊ីបោះឆ្នោតវ៉េតូកាលពីថ្ងៃទី៣០ ខែកញ្ញាកន្លងមក មហាសន្និបាត ដែលមានប្រទេសសមាជិក១៩៣ និងគ្មានសំឡេងវ៉េតូ ក៏បើកកិច្ចពិភាក្សា ដើម្បីឈានដល់ការបោះឆ្នោតលើសេចក្តីព្រាងនៃសេចក្ដីសម្រេចថ្កោលទោសសកម្មភាពរុស្ស៊ី។
«វាពិតជាសំខាន់ណាស់»។ តំណាងសហភាពអឺរ៉ុប (EU) ប្រចាំអង្គការសហប្រជាជាតិ (UN) លោក Olof Skoog បានសង្កត់ធ្ងន់បែបនេះដោយសំដៅលើការបោះឆ្នោតសេចក្ដីព្រាងនៃ សេចក្ដីសម្រេចខាងលើ។ លោក Skoog ក៏បានចូលរួមក្នុងការព្រាងជាមួយអ៊ុយក្រែន និងបណ្ដាប្រទេសផ្សេងៗទៀតដែលប្រឆាំងនឹងទង្វើរុស្ស៊ីផងដែរ។
ទន្ទឹមនេះ អ្នកតំណាងស៊ុយអ៊ែតបានប្រាប់អ្នកសារព័ត៌មានថា ការបោះឆ្នោតនឹងធ្វើមិនហួសថ្ងៃទី១២ ខែតុលានោះឡើយ។
បើតាមទីភ្នាក់ងារព័ត៌មាន AFP សេចក្ដីព្រាងនៃសេចក្តីសម្រេចនេះថ្កោលទោសរុស្ស៊ីក្នុងការក្ដោបយកទឹកដីអ៊ុយក្រែនមួយចំនួនជារបស់ខ្លួនរួមមានតំបន់ Donetsk, Luhansk, Zaporizhzhia, និង Kherson ក្រោយការធ្វើប្រជាមតិមួយ។ សេចក្តីព្រាងខាងលើក៏បានទទូចឱ្យរដ្ឋទាំងអស់ ស្ថាប័នអន្តរជាតិ និងទីភ្នាក់ងារផ្សេងៗកុំឱ្យទទួលស្គាល់ការកាត់យកទឹកដីអ៊ុយក្រែន ហើយបានទាមទារឱ្យរុស្ស៊ីដកទ័ពចេញជាបន្ទាន់ពីអ៊ុយក្រែនផងដែរ។
ជាការឆ្លើយតប រុស្ស៊ីក្នុងលិខិតមួយទៅកាន់សមាជិក UN ទាំងអស់ បានរិះគន់ចំៗលើតំណាងមកពីប្រទេសលោកខាងលិច ដោយចាត់ទុកសកម្មភាពរបស់ពួកគេមិនពាក់ព័ន្ធនឹងការការពារច្បាប់អន្តរជាតិនិងគោលការណ៍នៃធម្មនុញ្ញរបស់អង្គការសហប្រជាជាតិអ្វីឡើយ។ តំណាងរុស្ស៊ីលោក Vassily Nebenzia ដែលបានចុះហត្ថលេខាលើលិខិតខាងលើនេះក៏ បានថ្កោលទោសអាម៉េរិក និងសម្ព័ន្ធមិត្តដែលបានដាក់សម្ពាធលើប្រទេសសមាជិកដទៃ។ ខណៈមើលឃើញថា លម្អៀងបែបនេះលោក Nebenzia បានបន្តជំរុញឱ្យ UN បោះឆ្នោតជាសម្ងាត់ ជាជាងជាសាធារណៈជុំវិញបញ្ហាមួយនេះ។
យ៉ាងណាមិញ មហាសន្និបាតច្រានចោលសំណើរបស់រុស្ស៊ី ដោយនឹងបោះឆ្នោតជាសាធារណៈតែម្ដង៕
© រក្សាសិទ្ធិដោយ thmeythmey.com