សេដ្ឋកិច្ចអន្តរជាតិ
អន្តរជាតិ
លោក Elon Musk ប្តេជ្ញានាំក្រុមហ៊ុន Tesla សង់រោងចក្រនៅឥណ្ឌាឆាប់ៗ
24, Jun 2023 , 8:29 pm        
រូបភាព
នាយករដ្ឋមន្ត្រី ណារិនដ្រា ម៉ូឌី ពិភាក្សាជាមួយនាយកប្រតិបត្តិ Tesla លោក អេឡុន ម៉ាសក៍ អំឡុងពេលកិច្ចប្រជុំរបស់ពួកគេនៅទីក្រុងញូវយ៉ក ។ រូបភាពពី Twitter Narendra Modi ។
នាយករដ្ឋមន្ត្រី ណារិនដ្រា ម៉ូឌី ពិភាក្សាជាមួយនាយកប្រតិបត្តិ Tesla លោក អេឡុន ម៉ាសក៍ អំឡុងពេលកិច្ចប្រជុំរបស់ពួកគេនៅទីក្រុងញូវយ៉ក ។ រូបភាពពី Twitter Narendra Modi ។
នាយកប្រតិបត្តិក្រុមហ៊ុន Tesla លោក អេឡុន ម៉ាសក៍ (Elon Musk) បាននិយាយថា ក្រុមហ៊ុនកំពុងស្វែងរកការវិនិយោគនៅក្នុងប្រទេសឥណ្ឌាឱ្យបានឆាប់បំផុតតាមដែលអាចធ្វើទៅបាន។ លោកអះអាងបែបនេះ បន្ទាប់ពីមានកិច្ចប្រជុំជាមួយនាយករដ្ឋមន្រ្តីឥណ្ឌា ណារិនដ្រា ម៉ូឌី នៅទីក្រុងញូវយ៉ក កាលពីថ្ងៃ ២០ ខែមិថុនា។

 
« លោក ម៉ូឌី ពិតជាយកចិត្តទុកដាក់ចំពោះឥណ្ឌា ពីព្រោះគាត់កំពុងជំរុញឱ្យយើងធ្វើការវិនិយោគសំខាន់ៗទៅឥណ្ឌា ហើយនោះជាអ្វីដែលយើងចង់ធ្វើ។ យើង​គ្រាន់​តែ​ព្យាយាម​រក​ឱ្យ​ឃើញ​ពី​ពេល​វេលា​ដ៏​ត្រឹម​ត្រូវតែប៉ុណ្ណោះ»។  លោក អេឡុន ម៉ាសក៍ បាននិយាយបែបនេះ ដោយមិនបញ្ជាក់ពេលវេលាជាក់លាក់ណាមួយ នាគម្រោងធ្វើទស្សនកិច្ច នៅឥណ្ឌានាឆ្នាំក្រោយ។
 
បំណងរបស់លោក អេឡុន ម៉ាសក៍ ចូលទៅក្នុងទីផ្សារឥណ្ឌា មានជាយូរមកហើយ។ ចាប់តាំងពីឆ្នាំ ២០១៧ នាយកប្រតិបត្តិរូបនេះបានលើកឡើងថា ក្រុមហ៊ុន Tesla គ្រោងនឹងលក់រថយន្តនៅឥណ្ឌាឱ្យបានឆាប់នៅរដូវក្តៅ។ ប៉ុន្តែ​ផែនការ​នោះ ​ត្រូវ​បានពន្យារ​ពេល ​ដោយ​សារ​តែ​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​របស់ Tesla ក្នុង​ការ​ចរចា​តម្លៃ​ពន្ធ​នាំ​ចូល​ទាប ​ជាមួយ​នឹង​រដ្ឋាភិបាល​ក្នុង​តំបន់។ 
 
លោក ម៉ាសក៍ បានសរសេរនៅលើបណ្តាញ Twitter ក្នុងឆ្នាំ២០២១ យ៉ាងដូច្នេះ ៖ « Tesla ចង់ចូលទៅទីផ្សារឥណ្ឌា ប៉ុន្តែពន្ធនាំចូលគឺខ្ពស់បំផុតនៅលើពិភពលោក បើធៀបនឹងប្រទេសធំៗផ្សេងទៀត» ។ 
ក្រុមហ៊ុន Tesla បានព្យាយាមកាត់បន្ថយពន្ធ ប៉ុន្តែរដ្ឋាភិបាលឥណ្ឌាចង់ឱ្យក្រុមហ៊ុននេះផលិតរថយន្តក្នុងស្រុក មុនពេលពិចារណាលើការដកពន្ធណាមួយ។  នេះបើយោងតាមសារព័ត៌មានReuters​។
 
បច្ចុប្បន្ន Tesla មានរោងចក្រយក្សមួយនៅអាស៊ី ដែលមានទីតាំងនៅទីក្រុងសៀងហៃ ។ នេះគឺជារោងចក្រផលិតរថយន្តដ៏ធំបំផុតរបស់ក្រុមហ៊ុន Tesla ក្រៅពីអាម៉េរិក ហើយដែលមានចំនួនច្រើនជាងពាក់កណ្តាល នៃការចែកចាយរបស់ Tesla ទូទាំងពិភពលោកនៅក្នុងឆ្នាំ ២០២២ ។
 
កាលពីខែមុនលោក ម៉ាសក៍ បាននិយាយនៅក្នុងព្រឹត្តិការណ៍មួយថា ក្រុមហ៊ុនទំនងជានឹងជ្រើសរើសទីតាំងសម្រាប់រោងចក្រ Tesla ថ្មីនៅចុងឆ្នាំនេះ  ហើយឥណ្ឌាគឺជាជម្រើសដ៏គួរឱ្យចាប់អារម្មណ៍៕ 
 
 

Tag:
 អេឡុន ម៉ាសក៍
  ឥណ្ឌា
  Tesla
  ណារិនដ្រា ម៉ូឌី
© រក្សាសិទ្ធិដោយ thmeythmey.com