ជាតិ
ល្មិចប្រផេះ ក្រាស ល្មិច ល្មិចក្បាលធំ និងល្មិចព្រុយបី ជាប្រភេទអណ្ដើកសមុទ្រជិតផុតពូជ
13, Jul 2023 , 7:59 am        
រូបភាព
ដោយ:
ល្មិចប្រផេះ ក្រាស ល្មិច ល្មិចក្បាលធំ និងល្មិចព្រុយបី ជាប្រភេទអណ្ដើកសមុទ្រ ដែលរងការគំរាមកំហែង ជិតពូជជាសកល។ រយៈពេល៥ឆ្នាំចុងក្រោយនេះ គេឃើញមានវត្តមានអណ្ដើកសមុទ្រ ២ប្រភេទ គឺ ល្មិច និងក្រាស ដែលត្រូវចាប់បានដោយចៃដន្យ និងដោះលែងដោយសុវត្ថិភាពទៅក្នុងធម្មជាតិវិញ នៅក្នុងខេត្តកំពត។ នេះបើតាមកញ្ញា អ៊ិត ស្រីអូន អ្នកសម្រសម្រួលគម្រោងសមុទ្រនៃ គម្រោងសម្ព័ន្ធសត្វព្រៃនិងធម្មជាតិ​(WEA)។



អ្នកសម្របសម្រួលគម្រោងរូបនេះ បានលើកឡើងថា កត្តាគំរាមកំហែងដល់អណ្តើកសមុទ្រ មានដូចជា ការកាប់សាច់ ការប្រមូលយកពង ការនេសាទបានដោយចៃដន្យ ការនេសាទខុសច្បាប់ និងការបំផ្លាញទីជម្រក ដោយការចាក់ដីលុបឆ្នេរខុសច្បាប់ ​និង​ការបំពុលដោយកាកសំណល់ជាដើម។ 

អណ្ដើកល្មិច។ រូបភាព៖ អ៊ិត ស្រីអូន

ម្យ៉ាងវិញទៀត អត្រារស់របស់អណ្តើកសមុទ្រមានកម្រិតទាប គឺត្រឹមតែ ២​ ឬ៣ក្បាលប៉ុណ្ណោះ ក្នុងចំណោម ១០០០ពងឬកូន​ ដែលអាចរស់រានមានជីវិតដល់ពេញវ័យបន្តពូជបាន ​ដោយសារត្រូវបានត្រីឆ្លាម ត្រី បក្សី ក្តាមជាដើម ស៊ីកូនអណ្តើក ឬពងជាអាហារ។ កញ្ញា ស្រីអូន បន្ថែម។
 
បើតាមកញ្ញា ស្រីអូន អណ្តើកសមុទ្រជាប្រភេទសត្វដ៏ចំណាស់មួយ ដែលមានវត្តមានតាំងពីសម័យដាយណូស័រ ឬប្រហែលជា​១១០លានឆ្នាំមុន។ 
 
អណ្តើកសមុទ្រជាប្រភេទល្មូន ដែលចំណាយពេលច្រើនរស់ក្នុងសមុទ្រ និងដកដង្ហើមនៅផ្ទៃខាងលើទឹក​ ដោយ​វាអាចផ្ទុកដង្ហើមរហូតដល់រយៈពេល ៨៥នាទី (ប្រភេទល្មិចព្រុយបី)។ ប្រភេទល្មូនកម្រនេះ អាចមានអាយុពី ៥០ដល់១០០ឆ្នាំ និងអាចបន្តពូជបាននៅអាយុ ២០ទៅ ៣០ឆ្នាំ។​ អណ្តើកសមុទ្រនេះ វាមានការចងចាំបានល្អ ដោយអណ្តើកញី​ នឹងត្រឡប់មកទីតាំងឆ្នេរ ដែលជាទីកំណើតរបស់វា​ ដើម្បីទម្លាក់ពង ទោះបីជាវាបានចាកចេញពីឆ្នេរ ដែលវាញាស់អស់ រយៈពេលជាង ២០​ឬ ៣០ឆ្នាំក៏ដោយ។  
  
កញ្ញា អ៊ិត ស្រីអូន អ្នកសម្រសម្រួលគ ម្រោងសមុទ្ររបស់អង្គការសម្ព័ន្ធសត្វព្រៃនិងធម្មជាតិ។

ថ្លែងប្រាប់សារព័ត៌មានថ្មីៗ អ្នកសម្រសម្រួលគម្រោងរូបនេះ បានបញ្ជាក់ថា ៖«អណ្តើកសមុទ្រភាគច្រើនរស់នៅតំបន់ស្មៅសមុទ្រ ផ្កាថ្ម ឬ​នៅក្នុងលំហសមុទ្រ ដោយអាស្រ័យទៅលើប្រភេទអណ្ដើកនីមួយៗ។ ជាក់ស្តែងប្រភេទ ល្មិច ជាប្រភេទស៊ីស្មៅសមុទ្រជាអាហារ»។ 
 
អណ្តើកសមុទ្រដូចជា​ ល្មិចព្រុយបី ល្មិច ​ក្រាស និងល្មិចប្រផេះ​ ជួយប្រព័ន្ធអេកូឡូស៊ី តាមរយៈការស៊ីខ្ញែ ឬពពុះទឹកសមុទ្រ​។ បើសិនមានពពុះទឹកសមុទ្រច្រើន វានឹងប៉ះពាល់ដល់ចំនួនត្រី ព្រោះវាស៊ីពងញាស់ ឬកូនត្រីជាអាហារ។ ចំពោះប្រភេទ «ក្រាស » ជួយដល់ប្រព័ន្ធអេកូឡូស៊ីផ្កាថ្មប៉ប្រះទឹក តាមរយៈការស៊ីស្ពង់( sponges) ជាអាហារ គឺវាអាចស៊ីស្ពង់ច្រើនជាង ៤៥៤គីឡូក្រាមក្នុងមួយឆ្នាំ​។ បើគ្មានអណ្តើកសមុទ្រ ស្ពង់ដុះលូតលាស់លើផ្កាថ្ម មិនបានល្អនោះទេ។
  

ក្រុមការងាររបស់អង្គការសម្ព័ន្ធសត្វព្រៃនិងធម្មជាតិ។ រូបភាព៖ កញ្ញា អ៊ិត ស្រីអូន ផ្ដល់ឱ្យសារព័ត៌មានថ្មីៗ។
 
កញ្ញា អ៊ិត ស្រីអូន បានបន្ថែមថា ដើម្បីឱ្យអណ្តើករស់នៅប្រកបដោយសុវត្តិភាព​ គប្បីមិនត្រូវទិញផលិតផល​អណ្តើកសមុទ្រដូចជា សាច់ ស៊ុត ឬស្នូក ។ ជាពិសេសមិនបំផ្លាញជម្រករបស់វា ដូចជា ស្មៅសមុទ្រ ផ្កាថ្ម ឬការចាក់លុបឆ្នេរ ដែលជាកន្លែងពងកូនរបស់វា​ តាមរយៈការប្រើឧបករណ៍នេសាទខុសច្បាប់ និងទុកដាក់សំរាមមិនបានត្រឹមត្រូវជាដើម។
 
ខណ្ឌរដ្ឋបាលជលផលខេត្តកំពត បានសហការជាមួយអង្គការ WEA និងសហគមន៍នេសាទ ដើម្បីចូលរួមអភិរក្សសត្វអណ្តើកសមុទ្រ តាមរយៈការបណ្តុះបណ្តាល ការផ្សព្វផ្សាយ ការដោះលែងដោយស្ម័គ្រចិត្ត ការកិបស្លាលេខសម្គាល់ និងការកត់ត្រាទិន្នន័យ​ ស្របតាមផែនការសកម្មភាពសម្រាប់ការការពារអណ្តើកសមុទ្រនៅកម្ពុជា ឆ្នាំ២០១៦ ដល់ ២០២៦៕
 
អណ្ដើកក្រាស។ រូបភាព៖ អ៊ិត ស្រីអូន


Tag:
 អណ្ដើកសមុទ្រ
© រក្សាសិទ្ធិដោយ thmeythmey.com