អន្តរជាតិ
អូស្ត្រាលី ជ្រើសរើសប្រធានធនាគារកណ្តាលស្ត្រីដំបូងគេ ស្របពេលធ្វើកំណែទម្រង់ស្ថាប័ន
× អូស្ត្រាលី នាថ្ងៃទី ១៤ ខែកក្កដា បានតែងតាំងប្រធានធនាគារកណ្តាលជាស្ត្រីដំបូងចំពេលមាន ប្រតិកម្មសាធារណៈចំពោះការកើនឡើងអត្រាការប្រាក់ខ្ពស់។ ប្រធានធនាគារកណ្ដាលដែលកាន់តំណែងបានតែមួយអាណត្តិលោក Philip Lowe នឹងត្រូវចាកចេញក្នុងខែកញ្ញា។
នាយករដ្ឋមន្ត្រីអូស្ត្រាលី អាន់តូនី អាល់បានីស និងរដ្ឋមន្រ្តីរតនាគារអូស្ត្រាលី Jim Chalmers ប្រកាសថា លោកស្រី Michele Bullock នឹងក្លាយជាប្រធានធនាគារកណ្ដាលនៃអូស្ត្រាលី (RBA) សម្រាប់រយៈពេលប្រាំពីរឆ្នាំខាងមុខ ខណៈដែលលោក Philip Lowe មិនត្រូវបានតែងតាំងសម្រាប់អាណត្តិទីពីរនោះឡើយ។
លោក Lowe នឹងចាកចេញពីតំណែងនៅថ្ងៃទី១៧ ខែកញ្ញា ដែលជាការបញ្ចប់អាជីព៤៣ឆ្នាំរបស់លោកនៅ RBA។ នៅក្នុងសន្និសីទសារព័ត៌មានមួយ លោក Chalmers បាននិយាយថា វាមិនខុសពីបទដ្ឋានសម្រាប់ទេសភិបាលដែលកាន់តំណែងតែមួយអាណត្តិទេ ហើយលោកជឿជាក់ថា ការជ្រើសរើសលោកស្រី Bullock ដើម្បីដឹកនាំ RBA ជាជម្រើសដ៏ល្អបំផុតខណៈការរៀបចំឡើងស្ថាប័នវិញនឹងកើតឡើងនាពេលខាងមុខ។
«នេះគឺជាការតែងតាំងប្រវត្តិសាស្ត្រ។ លោកស្រី Michele Bullock នឹងក្លាយជាស្ត្រីដំបូងគេដែលមិនធ្លាប់មានចំពោះការដឹកនាំធនាគារជាតិក្នុងប្រទេសនេះ»។ លោក Chalmers ប្រាប់អ្នកសារព័ត៌មានបែបនេះ។
កន្លងមក រដ្ឋាភិបាលអូស្ត្រាលី បានប្រឈមនឹងការលំបាកក្នុងការដោះស្រាយជាមួយលោក Lowe ដែលបានជំរុញឱ្យប្រជាពលរដ្ឋខ្ចីប្រាក់ក្នុងអំឡុងវិបត្តិជំងឺកូវីដ-១៩ ក្នុងឆ្នាំ២០២១ ដោយលោកបានអះអាងថា អត្រាការប្រាក់ទំនងនឹងមិនកើនឡើងទេរហូតដល់ឆ្នាំ២០២៤។ យ៉ាងណាមិញ អត្រាការប្រាក់បានហក់ឡើងខ្ពស់តាំងពីពាក់កណ្ដាលឆ្នាំ២០២២។
ចាប់តាំងពីពេលនោះមក ធនាគារកណ្តាលបានដំឡើងអត្រាការប្រាក់១២ដងដល់កម្រិតខ្ពស់៤,១ ភាគរយ ហើយបន្ថែមប្រាក់រាប់រយដុល្លារដល់ការសងប្រាក់កម្ចីប្រចាំខែនៅពេលដែលវិបត្តិនៃការចាយវាយក្នុងគ្រួសារនីមួយៗមានរួចស្រាប់មកហើយ។
ចំពោះលោកស្រី Bullock ដែលមានវ័យ៦០ឆ្នាំ បានចូលរួមជាមួយ RBA តាំងពីឆ្នាំ១៩៨៥ ជាមួយនឹងការបញ្ចប់ថ្នាក់អនុបណ្ឌិតមកពីសាលាសេដ្ឋកិច្ចទីក្រុងឡុងដ៍ ហើយត្រូវបានគោរព និងទទួលស្គាល់យ៉ាងខ្លាំងពីអ្នកវិភាគផ្នែកសេដ្ឋកិច្ច។ លោកស្រី Bullock បាននិយាយនៅក្នុង សេចក្តីថ្លែងការណ៍មួយថា វាជាពេលវេលាដ៏លំបាកមួយក្នុងការចូលមកក្នុងតួនាទីនេះ ប៉ុន្តែលោកស្រីនឹងត្រូវបានគាំទ្រដោយក្រុមប្រឹក្សាដ៏រឹងមាំ៕
© រក្សាសិទ្ធិដោយ thmeythmey.com