អន្តរជាតិ
ប្រធានាធិបតីតួកគីថា កិច្ចព្រមព្រៀងនាំចេញគ្រាប់ធញ្ញជាតិតាមសមុទ្រខ្មៅអាចអនុវត្តឡើងវិញឆាប់​ៗ
05, Sep 2023 , 9:59 pm        
រូបភាព
ប្រធានាធិបតីតួកគី តៃយីប អ៊ែរដូហ្កាន់ នៅថ្ងៃទី៤ ខែកញ្ញា បានលើកឡើងថាកិច្ចព្រមព្រៀងនាំចេញគ្រាប់ធញ្ញជាតិតាមសមុទ្រខ្មៅរបស់អ៊ុយក្រែននឹងត្រូវបានស្តារឡើងវិញក្នុងពេលឆាប់ៗនេះ។ ប្រធានាធិបតីតួកគីលើកឡើងបែបនេះ បន្ទាប់ពីជួបប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀ ពូទីន ។

 
កិច្ចព្រមព្រៀងនាំចេញគ្រាប់ធញ្ញជាតិតាមសមុទ្រខ្មៅ បានដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយសម្រាលវិបត្តិស្បៀងអាហារពិភពលោកអំឡុងសង្រ្គាមនៅអ៊ុយក្រែនដោយសារអ៊ុយក្រែនដែលជាប្រទេសមួយក្នុងចំណោមប្រទេសលើពិភពលោកដែលផលិតគ្រាប់ធញ្ញជាតិ និងអាចនាំចេញគ្រាប់ធញ្ញជាតិទៅកាន់ទីផ្សារអន្តរជាតិ។ 
 
យ៉ាងណាមិញ កិច្ចព្រមព្រៀងនេះត្រូវបានជាប់គាំង បន្ទាប់ពីរុស្ស៊ីដើរចេញកាលពីខែកក្កដា​ ទោះអង្គការសហប្រជាជាតិ និងតួកគីសម្របសម្រួលកិច្ចព្រមព្រៀងក្ដី។ រុស្ស៊ីបានអះអាងថា ការនាំចេញអាហារនិងជីរបស់ខ្លួនបានប្រឈមនឹងឧបសគ្គធ្ងន់ធ្ងរទើបមិនអាចអនុវត្តបាន។
 
ជាមួយការជាប់គាំងនេះ ប្រធានាធិបតីតួកគី តៃយីប អ៊ែរដូហ្កាន់ ក៏ទៅជួបប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀ ពូទីន នៅថ្ងៃទី៤ ខែកញ្ញា ដើម្បីបញ្ចុះបញ្ចូលឱ្យរុស្ស៊ីចូលកិច្ចព្រមព្រៀងវិញ។ ក្រោយជំនួបនៅរមណីយដ្ឋានសមុទ្រខ្មៅក្នុងទីក្រុង Sochi មេដឹកនាំតួកគីជឿជាក់ថា កិច្ចព្រមព្រៀងនាំចេញគ្រាប់ធញ្ញជាតិអាចដំណើរការឡើងវិញ ដ្បិតតួកគីរកបានដំណោះស្រាយដ៏សមស្រប។ 
 
បើតាមលោក អ៊ែរដូហ្កាន់ តួកគីនិងអង្គការសហប្រជាជាតិកំពុងពិភាក្សាលើកញ្ចប់សំណើថ្មីដើម្បីកាត់បន្ថយកង្វល់របស់រុស្ស៊ី ដែលអាចឱ្យរុស្ស៊ីឈានជើងចូលក្នុងកិច្ចព្រមព្រៀងវិញ។ លោក អ៊ែរដូហ្កាន់ ក៏បានណែនាំឱ្យអ៊ុយក្រែនបន្ទន់ឥរិយាបថក្នុងកិច្ចចរចាជាមួយរុស្ស៊ី និងប្រាប់ឱ្យអ៊ុយក្រែននាំចេញគ្រាប់ធញ្ញជាតិទៅទ្វីបអាហ្រ្វិកជាជាងទៅអឺរ៉ុប។
 
ឯលោក ពូទីន បានអះអាងថា រុស្ស៊ីមានជំហរត្រលប់ចូលរួមកិច្ចព្រមព្រៀងវិញ ប៉ុន្តែក្នុងករណីដែលលោកខាងលិចឈប់រឹតបន្តឹងការនាំចេញកសិផលរបស់រុស្ស៊ីទៅទីផ្សារពិភពលោកប៉ុណ្ណោះ។
 
«យើងត្រៀមខ្លួនរួចជាស្រេចដើម្បីពិចារណាពីលទ្ធភាពនៃការស្តារកិច្ចព្រមព្រៀងគ្រាប់ធញ្ញជាតិឡើងវិញ។ យើងនឹងធ្វើវាឱ្យបានឆាប់នៅពេលដែលកិច្ចព្រមព្រៀងទាំងអស់ស្តីពីការដកការរឹតបន្តឹងលើការនាំចេញផលិតផលកសិកម្មរបស់រុស្ស៊ីត្រូវបានអនុវត្តយ៉ាងពេញលេញ»។ លោក ពូទីន លើកឡើងបែបនេះ។ 
 
លោក ពូទីន ក៏ច្រានចោលការអះអាងរបស់លោកខាងលិចដែលថា រុស្ស៊ីបានបង្កវិបត្តិស្បៀងអាហារដោយការផ្អាកការចូលរួមនៅក្នុងកិច្ចព្រមព្រៀងគ្រាប់ធញ្ញជាតិ ស្របពេលតម្លៃស្បៀងអាហារលើពិភពលោកមិនបានឡើងថ្លៃបន្ទាប់ពីការដកខ្លួនចេញរបស់រុស្ស៊ីឡើយ។
 
គួរបញ្ជាក់ថា រុស្សី និងអ៊ុយក្រែនគឺជាប្រទេសផលិតកសិកម្មសំខាន់ពីររបស់ពិភពលោក និងជាតួអង្គសំខាន់នៅក្នុងទីផ្សារនាំចេញស្រូវសាលី ពោត គ្រាប់ផ្កាឈូករ័ត្ន ប្រេងផ្កាឈូករ័ត្ន និងទំនិញមួយចំនួនទៀត​៕
 

Tag:
 តួកគី
  រុស្ស៊ី
© រក្សាសិទ្ធិដោយ thmeythmey.com