ជាតិ
គ្រួសារ A! ២ឆ្នាំក្រោយមក ជីងជូ និងជីងអុី បាននិទ្ទេសA ដូចបងស្រីខ្លួនដែរ
×
ដោយ៖ ញឹក ស្រីល័ក្ខ និងហេង ស្រីលីន
ភ្នំពេញ៖ កូនស្រីទាំងបីរបស់អ្នកស្រី សុខ យី និងលោក កែវ ញ៉ក់ ដែលមកពីខេត្តកណ្តាល សុទ្ធតែជាសិស្សនិទ្ទេសA ក្នុងសម័យកំណែទម្រង់។ ក្នុងឆ្នាំសិក្សា២០២៣ កូនភ្លោះរបស់អ្នកស្រី គឺកែវ ជីងជូ និងកែវ ជីងអ៊ី បានប្រឡងជាប់និទ្ទេស A ខណៈកូនស្រីច្បង កែវ លីហុង ប្រឡងជាប់និទ្ទេស A នៅឆ្នាំ២០២១។
ក្នុងបទសម្ភាសជាមួយសារព័ត៌មាន Thmey Thmey 25 នាពិធីសំណេះសំណាលជាមួយសិស្សនិទ្ទេសA នៅមជ្ឈមណ្ឌលOCIC អ្នកស្រី សុខ យី ពិតជាសប្បាយ និងរំភើបជាមួយលទ្ធផលដែលកូនទទួលបាន។ «ជំហានដំបូងគឺមកពីខ្លួនគាត់ខិតខំរៀន ប៉ុន្តែយើងជាឪពុកម្ដាយ ក៏ជួយជំរុញគាត់ និងជួយតម្រង់ផ្លូវគាត់ ជាពិសេសមានសាលា និងលោកគ្រូអ្នកគ្រូល្អ»។ នេះជាការលេីកឡេីងរបស់អ្នកស្រី សុខ យី។
សម្រាប់អ្នកស្រី សុខ យី ការទទួលបាននិទ្ទេសរបស់កូនស្រីភ្លោះនេះ ក៏ជាការរួមចំណែក និងភាពជាគំរូរបស់កូនស្រីច្បងផងដែរ។ អ្នកស្រី រៀបរាប់ បែបនេះ៖ «ពួកគាត់ប្រឹងប្រែងតាំងពីតូច ប៉ុន្តែពេលឃើញបងបាននិទ្ទេស A មានរង្វាន់ច្រើន ធ្វើឱ្យពួកគាត់មានសន្ទុះខ្លាំងតែម្ដង និងរឹតតែខំប្រឹងរៀនទ្វេរដង»។
ទោះជាយ៉ាងណា អ្នកស្រី សុខ យី មិនភ្លេចអរគុណដល់សាលារៀន និងលោកគ្រូអ្នកគ្រូ ដែលបានបង្ហាត់បង្រៀនកូនរបស់អ្នកស្រី។ លេីសពីនេះ អ្នកស្រី ពិតជាគាំទ្រនូវពាក្យស្លោករបស់ក្រសួងអប់រំ «អ្នកចេះគឺជាប់»៕
សូមអញ្ជើញប្រិយមិត្តទស្សនាវីដេអូដូចតទៅ៖
© រក្សាសិទ្ធិដោយ thmeythmey.com