ភ្នំពេញ៖ ទារក២៨៧នាក់ហើយ បានបញ្ចូលទិន្នន័យក្នុងបញ្ជីកំណើតតាមប្រព័ន្ធបច្ចេកវិទ្យា ដែលជាកម្មវិធីសាកល្បងរបស់អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម នៃក្រសួងមហាផ្ទៃ។ ដោយឡែកទារក៣៣នាក់ទៀត បានចុះបញ្ជីកំណើតតាមអនឡាញនេះ ជោគជ័យហើយ ទទួលស្គាល់ជាផ្លូវការ។
បច្ចុប្បន្នក្រសួងមហាផ្ទៃ និងក្រសួងសុខាភិបាល កំពុងសហការគ្នា អនុវត្តសាកល្បងការចុះបញ្ជីកំណើតទារក តាមប្រព័ន្ធបច្ចេកវិទ្យាឌីជីថល ឬអនឡាញ។
ថ្លែងក្នុងពិធីបុណ្យបញ្ចុះខណ្ឌសីមា ព្រះវិហារវត្តជម្ពូវណ្ណរាមក្បាលទន្សោង នៅខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី១៦ មករា លោក ស សុខា បានបន្ថែមថា ដំណើរការសាកល្បងនេះ ជាជំហានថ្មីមួយទៀតនៃកំណែទម្រង់រាជរដ្ឋាភិបាល ខណៈសព្វថ្ងៃ ការចុះបញ្ជីកំណើតទារកនៅកម្ពុជា ដំណើរការជាប្រពៃណី ពោលគឺចុះបញ្ជីសរសេរដោយដៃលើទម្រង់ក្រដាស។
បើតាមរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ទិន្នន័យ របស់ទារកដែលចុះបញ្ជីសាកល្បងតាមប្រព័ន្ធឌីជីថល នឹងត្រូវបញ្ជូនភ្លាមៗ ទៅកាន់អគ្គនាយកដ្ឋានអត្តសញ្ញាណកម្មនៃក្រសួងមហាផ្ទៃ ដើម្បីចេញលេខកូដអត្តសញ្ញាណទារក សម្រាប់ប្រើប្រាស់តាមតម្រូវការ ចាប់ពីពេលចុះបញ្ជីរហូតដល់មរណភាព។
រដ្ឋមន្ត្រីមហាផ្ទៃ ពន្យល់បន្ថែមថា ក្រោយមានលេខកូដបញ្ជាក់កំណើតហើយនោះ មាតាបិតា ឬអាណាព្យាបាល អាចប្រើប្រាស់លេខកូដនោះ ដើម្បីសុំចុះឈ្មោះឱ្យកុមារ ឬកូនៗពួកគេចូលរៀនបាន ។ លើសពីនេះ នៅពេលពួកគេគ្រប់អាយុ ត្រូវធ្វើអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ ឬលិខិតស្នាមផ្សេងៗ សាមីខ្លួនអាចប្រើប្រាស់លេខកូដនោះ ដើម្បីស្នើសុំសេវាតាមប្រព័ន្ធអនឡាញផងដែរ។
គម្រោងចុះបញ្ជីឈ្មោះតាមឌីជីថលនេះ នឹងជួយលុបបំបាត់កំហុសពាក់ព័ន្ធនឹងឈ្មោះ ឬទិន្នន័យបញ្ជាក់អត្តសញ្ញាណផ្សេងៗ ដែលប្រជាពលរដ្ឋមួយចំនួន បានជួបប្រទះ ដូចជាការខុសឈ្មោះ ភេទ ឬថ្ងៃខែឆ្នាំកំណើត ដោយសារមន្ត្រីរៀបចំការងារនេះ សរសេរ ឬចម្លងដោយដៃខុសកន្លងមក។ នេះបើតាមលោក ស សុខា។
បច្ចុប្បន្ន ដំណើរការសាកល្បងចុះបញ្ជីកំណើរទារកតាមអនឡាញនេះ បានដំណើរការ ១ខែមកហើយ នៅក្នុងសង្កាត់ចំនួន៦ នៅខណ្ឌពោធិ៍សែនជ័យ។ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានសហការជាមួយមន្ទីរពេទ្យរដ្ឋ និងឯកជនចំនួន១៣ទីតាំង។
លោក ទូច សុឃៈ អ្នកនាំពាក្យក្រសួងមហាផ្ទៃ បញ្ជាក់យ៉ាងដូច្នេះ៖ «១៣មូលដ្ឋានសុខាភិបាលឬទីតាំងនេះ នៅពេលដែលមានស្ត្រីឆ្លងទន្លេ គេនឹងបញ្ចូលព័ត៌មាន ទារកនោះចូលក្នុង App របស់អគ្គនាយកដ្ឋានអត្តសញ្ញាកម្ម ហើយសង្កាត់ទាំង៦ នឹងឃើញពីទិន្នន័យ»។
ដូច្នេះ អាជ្ញាធរអាចតាមដានចំនួនទិន្នន័យទារកបាន ហើយរង់ចាំក្រុមគ្រួសារទារកចុះបញ្ជី។ ករណីពុំឃើញក្រុមគ្រួសារទារកចុះបញ្ជីកំណើតទេ អាជ្ញាធរសង្កាត់នឹងទាក់ទងទៅពួកគេ ។ លោក ទូច សុឃៈ លើកឡើងបែបនេះ ហើយបន្ថែមថាប្រព័ន្ធ App ចុះឈ្មោះខាងលើ អាចចុះលិខិតមរណភាព និងសៀវភៅគ្រួសារបានផងដែរ។
អ្នកនាំពាក្យរូបនេះ បានអះអាងថា បើដំណើរការសាកល្បងជោគជ័យ ក្រសួងនឹងពង្រីកប្រព័ន្ធនេះ ឱ្យដំណើរការកាន់តែទូលំទូលាយនៅតាមតំបន់នានា ទូទាំងប្រទេស៕