ជាតិ
​​​ន​យោ​បាយ​ជាតិ​
លោក សុខ ទូច ស្នើ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា ពិភាក្សា​ពី​ផលប៉ះពាល់​ដន​សា​ហុង​ជាមួយ​ឡាវ
23, Feb 2015 , 7:45 pm        
រូបភាព

 
អ្នកសិក្សា​ស្រាវជ្រាវ​ទំនាក់ទំនង​អន្តរជាតិ លោក សុខ ទូច បាន​បញ្ជាក់ថា រាជបណ្ឌិតសភា នឹង​រៀបចំ​លិខិត​តាមរយៈ​ប្រធាន​រាជបណ្ឌិតសភា​កម្ពុជា បញ្ជូន​ទៅកាន់​រដ្ឋាភិបាល​អំពី បញ្ហា​ផលប៉ះពាល់​នៃ​ទំនប់​វា​រី​អគ្គិសនី​ដន​សា​ហុង ដើម្បី​លើកយក​មក​ពិភាក្សាគ្នា​ជាមួយនឹង​ប្រធាន​រដ្ឋ​នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ។ ជាមួយគ្នានេះ​លោក​ក៏​គ្រោង​នឹង​បញ្ជូន​លិខិតស្នើ​ទៅកាន់​បណ្ដា​ទូត នៅ​ប្រទេស​កម្ពុជា ដើម្បី​អញ្ជើញ​បណ្ឌិត​សិក្សា​ស្រាវជ្រាវ​ក្នុងប្រទេស​ទាំងនោះ មក​ជជែក​ពិភាក្សាគ្នា​ពី​បញ្ហា​ផលប៉ះពាល់​នៃ​ទំនប់​វា​រី​អគ្គិសនី​ដន​សា​ហុង​នេះ​ផងដែរ។



បន្ទាប់ពី​រាជបណ្ឌិតសភា​បាន​សិក្សា​ស្រាវជ្រាវ អំពី​ផលប៉ះពាល់​នៃ​ការសាងសង់​ទំនប់​វា​រី​អគ្គិសនី​ដន​សា​ហុង​កន្លងមក ឃើញថា ទំនប់​វា​រី​អគ្គិសនី​នេះ អាចធ្វើ​ឲ្យ​មាន​ផលប៉ះពាល់​យ៉ាងខ្លាំង​ដល់​ជីវភាព​នៃ​ការរស់នៅ​របស់​ប្រជាពលរដ្ឋ​ជាង៩ពាន់​គ្រួសារ និង​ជីវចម្រុះ​នៅក្នុង​ទឹក​ទៀតផង។ នេះ​បើតាម​លោក សុខ ទូច អ្នកសិក្សា​ស្រាវជ្រាវ​ទំនាក់ទំនង​អន្តរជាតិ​នៃ​រាជបណ្ឌិតសភា។

នៅ​ចំពោះមុខ​អ្នកកាសែត លោក សុខ ទូច បានបញ្ជាក់​ទៀតថា ការសាងសង់​ទំនប់​វា​រី​អគ្គិសនី​ដន​សា​ហុង​នេះ គឺ​ភាគី​កម្ពុជា​ទទួលរង​ផលប៉ះពាល់​ធ្ងន់ធ្ងរ​ជាង​ប្រទេស​ឡាវ។ ដោយសារ​តែមាន​ផលប៉ះពាល់​នេះ លោក សុខ ទូច ក៏​នឹង​រៀបចំ​លិខិត​តាមរយៈ​ប្រធាន​រាជបណ្ឌិតសភា​កម្ពុជា បញ្ជូន​ទៅកាន់​រដ្ឋាភិបាល​អំពី បញ្ហា​ផលប៉ះពាល់​នៃ​ទំនប់​វា​រី​អគ្គិសនី​ដន​សា​ហុង ដើម្បី​លើកយក​ពិភាក្សាគ្នា​ជាមួយនឹង​ប្រធាន​រដ្ឋ​នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ ដែល​គ្រោង​នឹង​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា​នាពេល​ខាងមុខនេះ​ផងដែរ។

លើសពីនេះ​លោក​ក៏​នឹង​បញ្ជូន​លិខិតស្នើ​ទៅកាន់​បណ្ដា​ទូត នៅ​ប្រទេស​កម្ពុជា ដូចជា​ប្រទេស​ថៃ ឡាវ វៀតណាម​ជាដើម ដើម្បី​អញ្ជើញ​បណ្ឌិត​សិក្សា​ស្រាវជ្រាវ​ក្នុងប្រទេស​ទាំងនោះ មក​ជជែក​ពិភាក្សាគ្នា​ពី​បញ្ហា​ផលប៉ះពាល់​នៃ​ទំនប់​វា​រី​អគ្គិសនី​ដន​សា​ហុង​នេះ ។ បើតាម​លោក សុខ ទូច បើ​ឡាវ​គិតគូរ​ពី​ចំណងមិត្តភាព​នៃ​ប្រទេស​ទាំងពីរ ភាគី​ឡាវ​គួរតែ​ធ្វើ​ទំនប់​វា​រី​អគ្គិសនី​ដន​សា​ហុង​នេះ ឲ្យ​នៅ​ឆ្ងាយ​ពី​ព្រំដែន​ប្រទេស​ទាំងពីរ។ ហើយ​ការសាងសង​នេះ គឺជា​អធិបតេយ្យភាព​របស់​ប្រទេស​ឡាវ ហើយ​កម្ពុជា​ក៏​គ្មាន​សិទ្ធិ​ហាមឃាត់​នោះទេ។

លោក​បណ្ឌិត​រូបនេះ​បាន​និយាយខ្លាំងៗយ៉ាង​ដូច្នេះ​ថា៖« ការសម្រេចចិត្ត​របស់​ឡាវ ក្នុងការ​សាងសង់​ទំនប់​វា​រី​អគ្គិសនី​ដន​សា​ហុង គឺជា​សិទ្ធិ​របស់​ឡាវ ក៏ប៉ុន្តែ​ឡាវ​ត្រូវ​គិតពី​ផលប៉ះពាល់​ដល់​ប្រជាពលរដ្ឋ​កម្ពុជា​ផង។ ឡាវ​ចេះ​គិតពី​ផលប៉ះពាល់​របស់​ប្រជាជន​ឡាវ​ខ្លួនឯង​នៅ​តំបន់​នោះ ចុះ​ប្រជាជន​ខ្មែរ​ដែល​រង​ផលប៉ះពាល់​នៅ​ខាងក្រោម​នៃ​ការសាងសង​នេះ។ ដូចនេះ​ឡាវ​ត្រូវ​ដោះស្រាយ​ពី​ផលប៉ះពាល់​ដល់​ប្រជាជន​ខ្មែរ​ដូចគ្នា។ ឡាវ​ធ្លាប់​និយាយថា វាយ​សត្រូវ​រួមគ្នា ផឹកទឹក​ទន្លេមេគង្គ​រួមគ្នា»។ លោក​បន្ដថា ៖«កម្ពុជា​ក៏​គ្មាន​សិទ្ធិ​ហាមឃាត់​ការសាងសង់​នេះដែរ។ តែ​កម្ពុជា​ទាមទារ​ឲ្យ​ឡាវ​ធ្វើការ​សិក្សា​ឲ្យ​បាន​គ្រប់​ជ្រុង​ជ្រួយ ដើម្បី​បញ្ចៀស​នូវ​ផលប៉ះពាល់​ក្នុង​លក្ខណៈ​ទ្រង់ទ្រាយ​ធំ»។

កិច្ចព្រមព្រៀង​មេគង្គ​ឆ្នាំ១៩៩៥ បាន​ចែងថា រាល់​សំណើ​គម្រោង​ប្រើប្រាស់​ទឹក​ក្នុង​ទន្លេ​មេ នៃ​ទន្លេមេគង្គ នៅក្នុង​រដូវប្រាំង​ត្រូវ​ឆ្លងកាត់​នីតិវិធី​នៃ​ការពិគ្រោះ​យោបល់​ជាមុន ដើម្បី​ជា​មូលដ្ឋាន​សម្រាប់​ឈានដល់​ការឯកភាព​គ្នា ក្នុងចំណោម​គណៈកម្មាធិកា​រ​រួម នៃ​គណៈកម្មការ​ទន្លេមេគង្គ។ សេចក្ដីថ្លែងការណ៍​រួម​ហួ​ហ៊ី​ន ចុះ​ថ្ងៃទី ៥ មេសា ឆ្នាំ២០១០ និង​សេចក្ដីថ្លែងការណ៍​រួម​ក្រុង​ហូជីមិញ ចុះ​ថ្ងៃទី ០៥ មេសា​ឆ្នាំ២០១៤ នៃ​កិច្ចប្រជុំ​កំពូល​របស់​គណៈកម្មកា​រ​ទន្លេមេគង្គ បានបង្ហាញ​គ្រប់​ជ្រុងជ្រោយ​អំពី​សន្ដិសុខ ថាមពល និង​ស្បៀង​សម្រាប់​ទន្លេមេគង្គ ក្នុង​បរិបទ​បម្រែបម្រួល​អាកាសធាតុ។

កាលពី​ថ្ងៃទី ១៥-១៦ មករា ឆ្នាំ២០១៥ ភាគី​វៀតណាម​ធ្វើជា​ប្រធាន​ផ្លាស់​វេន​កិច្ចប្រជុំ​តំបន់​ទន្លេមេគង្គ នៅ​ទីក្រុង​ហាណូយ ដោយ​កាលនោះ​លោក ង្វៀង ម៉ី​ញ​ក្វាង រដ្ឋមន្ត្រី​ធនធានធម្មជាតិ និង​បរិស្ថាន​វៀតណាម ស្នើ​ឲ្យ​ភាគី​ឡាវ​សិក្សា​បន្ថែម​លើ​បញ្ហា​នេះ ប៉ុន្ដែ​មិនមែន​មានន័យថា ឲ្យ​ភាគី​ឡាវ​ពន្យា​ពេល​នៃ​ការសាងសង់​នេះ​ទេ។ ចំពោះ​ចំណុច​នេះ​លោក សុខ ទូច យល់ឃើញថា វៀតណាម​គ្រាន់តែ​ធ្វើ​ហាក់ដូចជា​មានការ​ព្រួយបារម្ភ​ប៉ុណ្ណោះ តែ​ការពិត​វៀតណាម​ជា​អ្នក​បើកភ្លើង​ខៀវ​ឲ្យ​ភាគី​ឡាវ​សាងសង់​ទំនប់​វា​រី​អគ្គិសនី​នេះ។ ចំណែក​ភាគី​ថៃ​ក៏​មិនបាន​ជួយ​អន្តរាគមន៍​ពី​បញ្ហា​នេះដែរ ព្រោះ​ភាគី​ថៃ​បានទទួល​ផលប្រយោជន៍​ច្រើន​ពី​គម្រោង​វា​រី​អគ្គិសនី​ដន​សា​ហុង​នេះ។

គួរ​បញ្ជាក់ថា ទំនប់​វា​រី​អគ្គិសនី​ដន សា​ហុង មាន​ចំងាយ១៥០០ម៉ែត្រ​ប៉ុណ្ណោះ​ពី​ព្រំដែន​ប្រទេស​កម្ពុជា។ ហើយ​ការសាងសង់​ទំនប់​វា​រី​អគ្គិសនី​នេះ ត្រូវបាន​អ្នកសិក្សា​ស្រាវជ្រាវ​មើលឃើញថា ប្រទេស​កម្ពុជា គឺជា​អ្នក​ទទួលរង​ផលប៉ះពាល់​ធ្ងន់ធ្ងរ​ជាងគេ ជាពិសេស​ជីវភាព​រស់​នៅ​របស់​ប្រជាពលរដ្ឋ​នៅ​តំបន់​នោះ ការបាត់បង់​សត្វ​ផ្សោត​ដែល​ជិត​ផុត​ពូជ និង​ជីវចម្រុះ​ក្នុង​ទឹកផ្សេងៗទៀត៕


© រក្សាសិទ្ធិដោយ thmeythmey.com