អន្តរជាតិ
ជនជាតិ​ចិន ៤ នាក់​ស្ថិត​ក្នុងចំណោម​មនុស្ស ១០០ នាក់​សម្រាប់​គម្រោង​ទៅ​រស់នៅ​ភព​អង្គារ
24, Feb 2015 , 8:00 pm        
រូបភាព
ដោយ: ថ្មីៗ
 
ជនជាតិ​ចិន​ចំនួន ៤ នាក់ នឹង​ស្ថិត​ក្នុងចំណោម​បេក្ខជន ១០០នាក់​សម្រាប់​គម្រោង​ជ្រើសរើស​មនុស្ស ឲ្យ​ទៅ​រស់នៅ​ភព​ព្រះ​អង្គារ​ជា​លើកទីមួយ ដោយ​មិនអាច​វិល​ត្រឡប់មក​ផែនដី​វិញ​នោះទេ។ ក្នុងចំណោម​មនុស្ស​ទាំង ១០០ នាក់​នោះគេ​នឹង​ជ្រើស​រើសយក​មនុស្ស ២៤ នាក់ ដើម្បី​ទទួលបាន​ការបណ្តុះ​បណ្តា​ពិសេស​សម្រាប់​ការធ្វើដំណើរ​ទៅកាន់​ភព​ព្រះ​អង្គារ។នេះ​បើ​យោងតាម​សេចក្ដីរាយការណ៍​របស់ កាសែត china daily ។



ប្រភព​ដដែល​បាន​បញ្ជាក់ថា បេក្ខជន​ជា​ជនជាតិ​ចិន​ទាំង ៤ នាក់​គឺមាន ៣ នាក់​ជា​ស្ត្រី ហើយ​មាន ២ នាក់​រស់នៅក្នុង​ប្រទេស​ចិន ១ នាក់​មកពី​អាមេរិក និង​ម្នាក់ទៀត​រស់នៅ​ប្រទេស​អង់គ្លេស។ បេក្ខជន​ទាំង ៤ នាក់​នោះ​គឺ Li Dapengភេទ​ប្រុស Lin Xiaoxiaភេទ​ស្រី មកពី​ប្រទេស​ចិន​Sue Ann Pienភេទ​ស្រី ជនជាតិ​ចិន​មកពី​សហរដ្ឋអាមេរិក​និង​Maggie Lieuភេទ​ស្រី ជា​ជន​ជាតិចិន​មកពី​ប្រទេស​អង់គ្លេស។

គម្រោង​ទៅកាន់​ភព​ព្រះ​អង្គារ​ជា​លើកទីមួយ​Mars One គឺជា​គម្រោង​របស់​សហ​គ្រាស​មិន​រកប្រាក់​ចំណេញ​Bas Lansdorpរបស់​ប្រទេស​ហូ​ឡង់ ដែល​ត្រូវបាន​គេ​ជា​សហការ​បង្កើតឡើង កាលពី​ឆ្នាំ ២០១៣ក្នុង​គោលបំណង​ដើម្បី​បង្កើត​ស្ថានីយ៍ ដែលមាន​មនុស្ស​ធ្វ់​ការ​ជា​អចិន្ត្រៃយ៍​មួយ នៅលើ​ភព​ព្រះ​អង្គារ។

សហគ្រាស​នេះ​ក៏បាន​ឲ្យ​ដឹងថា មនុស្ស ៤ នាក់​នឹងធ្វើ​ដំណើរ​ចាក​ចេញពី​ភពផែនដី​ទៅកាន់​ភព​ព្រះ​អង្គារ​រៀងរាល់​ពីរ​ឆ្នាំ​ម្ដង​ដោយ​ចាប់ផ្តើម​នៅ​ឆ្នាំ ២០២៤ តទៅ​ហើយ​ពួកគេ​ក៏​នឹងត្រូវ​ក្លាយជា​ផ្នែក​មួយ​នៃ​កម្មវិធី​ទូរទស្សន៍ ដែល​ផ្សាយ​ពី​ជីវិត​ពិត​នៃ​ការរស់នៅ​លើ​ភព​ព្រះ​អង្គារ ។

មាន​សេ​ក្ដី​រាយការណ៍​ថា​ការចំណាយ​សម្រាប់​ការដឹកជញ្ជូន​ស្បៀងអាហារ​សម្រាប់​មនុស្ស ៤ នាក់​ជា​លើកដំបូង​នេះ នឹងត្រូវ​ចំណាយ​ប្រាក់​អស់ ៤,៥ ពាន់​លាន​ដុល្លារ។

ក្នុងចំណោម​បេក្ខជន​ជា​ជន​ជាតិចិន ៤ នាក់​នោះ នាង Maggie Lieu អាច​និយាយ​ភាសា​ចិន​និង​អង់គ្លេស​បាន​យ៉ាង​ស្ទាត់ជំនាញ បាន​និយាយថា​នាង​ស្រលាញ់​វិទ្យាសាស្ត្រ និង​អវកាស ជាខ្លាំង ហើយ​នាង​បាន​រំពឹងថា តាមរយៈ​គម្រោង​នេះ​នាង​នឹង​អាចមាន​កូន​នៅលើ​ភព​ព្រះ​អង្គារ៕


© រក្សាសិទ្ធិដោយ thmeythmey.com