ជាតិ
សង្គមជាតិ
សហការី​អា​ឡិច នៅតែ​បន្ត​បេសកកម្ម​ប្រឆាំង​គម្រោង​វា​រី​អគ្គិសនី​អា​រ៉ែ​ង
24, Feb 2015 , 8:30 pm        
រូបភាព
ដោយ:

 
ទោះបីជា​អនុប្រធាន​អង្គការ​ចលនា​មាតា​ធម្មជាតិ លោក Alejandro Gonzalez Davidson ដែល​គេ​ស្គាល់​ថា ជា​លោក អា​ឡិច ត្រូវបាន​ចាប់បញ្ជូន​ចេញពី​ប្រទេស​កម្ពុជា​ហើយក៏​ដោយ សកម្មជន​ការពារ​តំបន់​ព្រៃ​អា​រ៉ែ​ង​របស់​អង្គការ​មាតា​ធម្មជាតិ​បាន​បេ្ត​ជ្ញា​បន្ត​រារាំង​ការកសាង​ទំនប់​វា​រី​អគ្គិសនី អា​រ៉ែ​ង​ដដែល។ នេះ​ជាការ​អះអាង​របស់លោក សាន់ ម៉ា​ឡា ដែល​សហការី​របស់លោក អា​ឡិច និង​ជា​ស្ថាបនិក​មួយរូប​របស់​អង្គការ​មាតា​ធម្មជាតិ។



លោក អា​ឡិច បានចេញ​ផុតពី​ទឹកដី​កម្ពុជា​ហើយ ប៉ុន្តែ​បេសកកម្ម​ប្រឆាំង​គម្រោង​សាងសង់​វា​រី​អគ្គិសនី​ក្នុង​តំបន់​អា​រ៉ែ​ង​នៅតែ​បន្ត។ សហការី​របស់​អា​ឡិច​ប្រមាណ៥០នាក់​ទៀត​ដែល​រួមមាន​ជនជាតិខ្មែរ និង​ជនជាតិភាគតិច​ក្នុង​តំបន់​អា​រ៉ែ​ង បាន​ប្តេជ្ញា​បន្ត​ប្រឆាំង​គម្រោង​សាងសង់​វា​រី​អគ្គិសនី ដែល​ពួកគេ​អះអាង វា​នឹង​បំផ្លាញ​ព្រៃឈើ និង​ជីវៈចម្រុះ​យ៉ាង​ធំធេង​នោះ។

លោក សាន់ ម៉ា​ឡា ស្ថាបនិក​ជនជាតិខ្មែរ​ម្នាក់​នៃ​អង្គការ​ចលនា​មាតា​ធម្មជាតិ​បាន​ថ្លែងប្រាប់​សារព័ត៌មានថ្មីៗនៅ​ថ្ងៃ​អង្គារ​នេះ​ថា សហការី​របស់លោក​នឹង​បន្ត​រួម​កម្លាំង និង​រួមគំនិត​គ្នា​ទៀត ដើម្បី​ការពារ​តំបន់​ព្រៃឈើ​ធម្មជាតិ​របស់​កម្ពុជា។ លោក សាន់ ម៉ា​ឡា បាន​រៀបរាប់​យ៉ាង​ដូច្នេះ​ថា៖«យើង​នឹង​បន្ត​ទាក់ទង និង​ពិភាក្សា​ជាមួយ​អា​ឡិច​តាមរយៈ​អ៊ីមែល និង​ហ្វេ​ស​ប៊ុ​ក»។

បើតាម​ការបញ្ជា​ក់រប​ស់លោក ម៉ា​ឡា​ដដែល ក្រោយពី​អា​ឡិច​ចេញ​ប្រទេស​កម្ពុជា​កាលពី​យប់​ថ្ងៃ​ចន្ទ អា​ឡិច​បាន​ទាក់ទង​ពិភាក្សា​ជាមួយ​រូបលោក តាមរយៈ​ហ្វេ​ស​ប៊ុ​ក អំពី​ផែនការ​សកម្មភាព​ប្រឆាំងនឹង​គម្រោង​វា​រី​អគ្គិសនី​ខ្លះ​ហើយ​ដែរ។

អង្គការ​ចលនា​មាតា​ធម្មជាតិ​ត្រូវបាន​បង្កើតឡើង​នៅ​ពាក់កណ្តាល​ឆ្នាំ ២០១៣ ដោយ​សា្ថ​ប​និក៥នាក់ ដែល​ក្នុងនោះ​មាន​លោក អា​ឡិច ផងដែរ។ សកម្មភាព​របស់​អង្គការ​នេះ បាន​ពឹង​ផ្អែកទៅលើ​ក្រុមការងារ​ជាង៤០នាក់​ទៀត ដែលជា​ពលរដ្ឋ​ភាគតិច​រស់នៅក្នុង​តំបន់​អា​រ៉ែ​ង​នោះ។ ភាគច្រើន អង្គការ​នេះ​អាចធ្វើ​សកម្មភាព​បាន ដោយសារ​តែមាន​ជំនួយ​ហិរញ្ញវត្ថុ​ពី​អង្គការ​ជាតិ និង​អន្តរជាតិ។

លោក ម៉ា​ឡា បាន​ថ្លែង​បន្តទៀតថា៖«យើង​មាន​បណ្តាញ​ក្រុមការងារ​នៅក្នុង​តំបន់​នោះ ដែល​អាច​ដឹង​អំពី​សកម្មភាព​របស់​ក្រុមហ៊ុន​ចិន​ដែល​ចង់​សាងសង់​គម្រោង​វា​រី​អគ្គិសនី។ ប្រសិនបើ​ពួកគេ ធ្វើ​សកម្មភាព​ដឹក​គ្រឿងចក្រ​ចូលក្នុង​តំបន់​នោះ យើង​នឹង​បន្ត​ប្រឆាំង​ដដែល»។

ដោយសារតែ​អស់​សុពលភាព​នៃ​ទិដ្ឋាការ​តាំងពី​ថ្ងៃទី២០កុម្ភៈ អា​ឡិច​ដែល​ជនជាតិ​អេ​ស្ប៉ា​ញ និង​ជា​អនុប្រធាន​អង្គការ​ចលនា​មាតា​ធម្មជាតិ ត្រូវបាន​អាជ្ញាធរ​កម្ពុជា​ចាប់បញ្ជូន​ចេញពី​ប្រទេស​កម្ពុ​ជានា​យប់​ថ្ងៃ​ចន្ទ​នេះ។

អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ ធ្លាប់បាន​ប្រាប់​សារព័ត៌មានថ្មីៗថា ការចាប់​បញ្ជូន​អា​ឡិច​ចេញពី​កម្ពុជា គឺ​គ្រាន់តែ​ជាការ​អនុវត្ត​ច្បាប់​របស់​កម្ពុជា​ក្នុងនាម​ជា​ប្រទេស​ដែលមាន​អធិបតេយ្យ​មួយ​តែប៉ុណ្ណោះ។

គួររម្លឹកថា អា​ឡិច​បាន​ចូល​មកដល់​កម្ពុជា​នៅក្នុង​ឆ្នាំ២០០២ ក្នុងនាម​ជា​អ្នកទេសចរ។ បន្ទាប់មក ដោយសារ​ការស្រឡាញ់​ប្រទេស​កម្ពុជា អា​ឡិច​បានសម្រេច​ចិត្ត​រស់នៅ​កម្ពុជា​តែម្តង រហូតដល់​លោក​បាន​ចូលរួម​បង្កើត​អង្គការ​ចលនា​មាតា​ធម្មជាតិ ការពារ​ព្រៃឈើ​អា​រ៉ែ​ង​ក្នុង​ខេត្តកោះកុង ដោយ​ប្រឆាំងនឹង​គម្រោង​សាងសង់​វា​រី​អគ្គិសនី​នៅក្នុង​តំបន់​នោះ របស់​រដ្ឋាភិបាល​កម្ពុ​ជា៕



© រក្សាសិទ្ធិដោយ thmeythmey.com