ជាតិ
​​​ន​យោ​បាយ​ជាតិ​
លោក ហោ ណាំហុង ថា​ខ្លួន​ធ្លាប់​ទុក​ច្រកចេញ​ឲ្យ​លោក សម រង្ស៊ី
07, Dec 2015 , 8:59 pm        
រូបភាព
​រដ្ឋមន្ត្រី​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ លោក ហោ ណាំហុង បាន​បង្ហើប​ឲ្យ​ដឹងថា លោក​ធ្លាប់​ទុក​ច្រកចេញ​មួយ​ឲ្យ​លោក សម រង្ស៊ី ដើម្បី​ឲ្យ​ផុតពី​ការផ្តន្ទាទោស ។ លោក ហោ ណាំហុង អះអាងថា ច្រកចេញ​ដែល​លោក ត្រៀម​ទុក​សម្រាប់​លោក សម រង្ស៊ី គឺ​បាន​ហួសពេល​ហើយ ក្រោយពី​លោក សម រង្ស៊ី នៅតែ​ប្រើ​ពាក្យសម្ដី​មិន​សមរម្យ​លើ​រូបលោក​។ ការ​បង្ហើប​ប្រាប់​របស់លោក ហោ ណាំហុង នេះ​ធ្វើឡើង​ក្រោយពី​ជំនួប​ជាមួយ​ឯកអគ្គរដ្ឋទូត​អាមេរិក នៅ​ព្រឹក​ថ្ងៃទី​៧​ធ្នូ នា​ទីស្ដីការក្រសួង​។​



​លោក ហោ ណាំហុង ធ្លាប់បាន​ប្រាប់​មន្ត្រី​ទូត​ថា បញ្ហា​រវាង​លោក និង លោក សម រង្ស៊ី គឺ​នៅមាន​ច្រកទ្វារ​ចំហ​សម្រាប់​លោក សម រង្ស៊ី​។​លោក ហោ ណាំហុង ដែល​មានកូន​ចិត្ត​ចង់​បើក​ច្រកចេញ​ឲ្យ​លោក សម រង្ស៊ី ដែរនោះ​អះអាងថា ផ្លូវ​ចំហ​ដែល​លោក​បាន​ត្រៀម​ទុក​នេះ​គឺអាច​ជួយ​ឲ្យ​លោក សម រង្ស៊ី រួច​ផុតពី​ការផ្ដន្ទាទោស​កន្លងមក ។​តែ​លោក ហោ ណាំហុង មិនបាន​បញ្ជាក់​ឲ្យ​ច្បាស់​ពី​ច្រកទ្វា​ដែល​លោក ត្រៀម​បើកផ្លូវ​ឲ្យ​លោក សម រង្ស៊ី រួច​ពី​ទោស​នោះទេ​។​

​ថ្លែងប្រាប់​ចំពោះមុខ​អ្នកកាសែត ប្រមុខ​ដឹកនាំ​ក្រសួងការបរទេស​រូប​នេះ បានបញ្ជាក់​យ៉ាង​ដូច្នេះ​៖​ខ្ញុំ​សូម​រំលឹកថា ពេល​ខ្ញុំ​ជួប​អង្គទូត​ប៉ុន្មាន​ថ្ងៃមុន​នេះ មាន​អ្នកកា​ទូត​ម្នាក់​មក​សួរ​ខ្ញុំ​ថា តើ​ទៅ​ថ្ងៃមុខ​មានការ​សម្របសម្រួល​យ៉ាងណា ធ្វើ​ឲ្យ​លោក សម រង្ស៊ី រួច​ផុតពី​ទោស​នោះទេ​។​ពេលនោះ​ខ្ញុំ​ទុក​ច្រក​ចំហរ ខ្ញុំ​ទុក​ទ្វា​បើក​ដើម្បី​ទុក​លទ្ធភាព​ឲ្យ​ឯកឧត្តម សម រង្ស៊ី រួច​ផុតពី​ការផ្ដន្ទាទោស​នេះ​។​ខ្ញុំ​បាន​ឆ្លើយ​សំនួរ​នេះ​ថា ចាំ​មើលទៅ​ថ្ងៃ​អនាគត​ទៀត ឬ​យ៉ាងម៉េច នេះ​ខ្ញុំ​ទុក​ច្រក​បើកចំហរ​»​។​

​កន្លងមក​លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ធ្លាប់បាន​ប្រកាសថា លោក​នឹងមិន​សុំទោស​លោក ហោ ណាំហុង ជាដាច់ខាត​។ មិនតែប៉ុណ្ណោះ លោក សម រង្ស៊ី បាន​ចោទ​វិញ​ថា លោក ហោ ណាំហុង វិញ​ទេ ដែល​គួរតែ​សុំទោស​ដល់​វិញ្ញាណក្ខន្ធ​និង​ក្រុមគ្រួសារ​ជនរងគ្រោះ ដែល​ត្រូវបាន​សម្លាប់​ដោយ​ខ្មែរក្រហម នៅ​គុក​បឹងត្របែក​នា​ចុង​ទសវត្ស​ឆ្នាំ​១៩៧០ ព្រោះ​លោក ហោ ណាំហុង គឺជា​ប្រធាន​ពន្ធនាគារ​បឹងត្របែក ។​

​ត្រង់ចំណុច​ដែល​លោក សម រង្ស៊ី លើកឡើង​នេះ​ធ្វើ​ឲ្យ​លោក ហោ ណាំហុង មិនអាច​ទទួលយកបាន​ឡើយ​។​រដ្ឋមន្ត្រី​ក្រសួងការបរទេស​រូបនេះ បាន​ហៅ​លោក សម រង្ស៊ី វិញ​ថា គឺជា​មនុស្ស​ព្រហើន​ប្រើពាក្យ​សម្ដី​មិន​សមរម្យ ដែល​ធ្វើ​ឲ្យ​បាត់បង់​ឱកាស​រួចផុត​ពី​ការផ្ដន្ទាទោស​ដោយ​ខ្លួនឯង​។​

​គួរ​បញ្ជាក់ថា តុលាការក្រុង​ភ្នំពេញ​បានចេញ​ដីកាចាប់ខ្លួន​លោក សម រង្ស៊ី កាលពី​ថ្ងៃ​១៣ ខែវិច្ឆិកា ឆ្នាំ​២០១៥ ដោយ​អនុវត្ត​ទៅតាម​សាលក្រម​ស្ថាពរ ពាក់ព័ន្ធ​នឹង​បទ បរិហាកេរ្តិ៍​សាធារណៈ និង​ញុះញង់ ឲ្យ​មានការ​រើសអើង ទៅលើ​លោក ហោ ណាំហុង ដែល​ប្រព្រឹត្ត​កាលពី​ថ្ងៃទី​១៧ ខែមេសា ឆ្នាំ​២០០៨ កន្លងមក​នៅ​សារមន្ទីរ​ជើងឯក រាជធានី​ភ្នំពេញ ដោយ​កាលនោះ​លោក សម រង្ស៊ី បាន​ចោទប្រកាន់ លោក ហោ ណាំហុង ថា ជា​ប្រធាន​គុក​បឹងត្របែក នៅក្នុង​សម័យ​ខ្មែរ​រ​ក្រហម​៕


© រក្សាសិទ្ធិដោយ thmeythmey.com