អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
តួ​ក​គី​ខ្ជិល​បញ្ចេញ​កម្លាំង​ប្រឆាំង​ក្រុម​ដែ​ស្ហ តែ​អាមេរិក​មិន​ចង់​ដឹងលឺ​ការពិត​
01, Jan 2016 , 5:44 pm        
រូបភាព
ដោយ:
ថ្មីៗ​នេះ ទស្សនា​វ​ដ្តី​អក្សរសាស្ត្រ​និង​នយោបាយ​អង់គ្លេស​London Review of Books បាន​ចុះផ្សាយ​អត្ថបទ​របស់លោក Seymour Hersh ជា​អ្នកសារព័ត៌មាន​អាមេរិក ដែល​បាន​លើកឡើងថា មន្ទីរ​ប៉ង់​តា​ហ្កូ​ន​អាមេរិក​ដឹង​ច្បាស់​ថា តួ​ក​គី​គឺជា​ឧបសគ្គ​ក្នុង​យុទ្ធនាការ​កំចាត់​ក្រុម​ជី​ហាត​រដ្ឋ​-ស្លាម​ ឬក្រុមដែស្ហ (Daesh) នៅ​ស៊ី​រី​។ យោងតាម​អ្នកសារព័ត៌មាន​រូបនេះ តួ​ក​គី​បានប្រែក្លាយ​គម្រោង​ជំនួយ​អាវុធ​ដែល​អាមេរិក​ជួយ​ក្រុមប្រឆាំង​លោក​អាសាដ អោយបាន​ទៅជា​ប្រយោជន៍​របស់​ក្រុមប្រឆាំង​ទាំងអស់ ក្នុងនោះ​ក៏មាន​សាខា​ក្រុម​អាល់​កៃ​ដា​នៅ​ស៊ី​រី​ផងដែរ​។

 
សូមស្តាប់ការបកស្រាយ​របស់​លោកស្រី ព្រំសឿន សូលីណា៖

 
​បើសិនជា​តួ​ក​គី​ពិតជា​បាន​កែប្រែ​គម្រោង​អាវុធ​ដែល​អាមេរិក​ចង់​ជួយ​ក្រុមប្រឆាំង ដោយ​យក​គម្រោង​នេះ​ទៅ​ជួយ​ក្រុម​អាល់​កៃ​ដា​មែន​នោះ វា​ជា​ស្ថានភាព​គ្រោះថ្នាក់​ណាស់ សម្រាប់​យុទ្ធនា​ការប្រឆាំង​ក្រុម​ភេរវជន​នៅ​ស៊ី​រី​។ យោងតាម​អ្នកសារព័ត៌មាន​អាមេរិក Seymour Hersh ទាហាន​អាមេរិក​ចង់អោយ​អ្នកដឹកនាំ​អាមេរិក​បាន​យល់ថា បើ​លោក​អាសាដ​ចុះ​ពី​អំណាច នោះ​ស៊ី​រីនឹង​ធ្លាក់​ក្នុង​ភាពចលាចល​ធ្ងន់ធ្ងរ ពេលដែល​ក្រុម​ជ្រុលនិយម​ឡើងកាន់​អំណាច​។ 
 
​អ្នកកាសែត​អាមេរិក​Seymour Hersh បាន​កត់ត្រា​ពាក្យពេចន៍​របស់​ឧ​ត្ត​ម​សេនីយ៍​ឯក​Michael Flynn ជា​មេបញ្ជាការ​ចារកិច្ច​ផ្នែក​ការពារជាតិ​របស់​អាមេរិក​។ មេ​យោធា​ចារកិច្ច​រូបនេះ​បាន​និយាយថា ក្រុមប្រឆាំង​នឹង​លោក​អាសាដ​នៅ​ស៊ី​រី​ស្ថិតក្រោម​ការគ្រប់គ្រងរ​បស់​ក្រុម​ជី​ហាត ហើយ​តាម​ព្រំដែន​តួ​ក​គី​វិញ អាជ្ញាធរ​តួ​ក​គី​មិនសូវ​ប្រឹងប្រែង​ទប់ស្កាត់​ការហូរចូល​នៃ​សកម្មជន​ប្រយុទ្ធ​ជា​ពលរដ្ឋ​បរទេស និង​អាវុធយុទ្ធភណ្ឌ​ប៉ុន្មាន​ទេ​។ 
 
​យើង​មិនមែន​ទើបនឹង​លឺ​លើកដំបូង​ទេ ចំពោះ​រឿង​ថា​តួ​ក​គី​ហៃអើ​មិនសូវ​ចង់​កំចាត់​ក្រុម​ដែ​ស្ហ​។ អតីត​មេក្រុម​ដែ​ស្ហ​ម្នាក់​ឈ្មោះ​Kerim Amara ជា​ជនជាតិ​ទុយ​នី​ស៊ី បាន​ប្រាប់​សារព័ត៌មាន​Sputnik ដែរ​ថា តួ​ក​គី​ថែមទាំង​បាន​ជួយ​សម្រួល​ក្រុម​ដែ​ស្ហ អោយ​ជ្រើសរើស​បាន​មនុស្ស ចូល​មកជួយ​ប្រយុទ្ធ​ក្នុង​ក្រុម​ខ្លួន​ទៀតផង​។ មេក្រុម​ដែ​ស្ហ Kerim Amara ត្រូវបាន​កងកម្លាំង​កៀ​ឌី​ស្ថាន​ចាប់ខ្លួន​នៅ​ស៊ី​រី​។ អតីត​មេក្រុម​ជី​ហាត​រូបនេះ​បាន​ចូល​បម្រើ​ក្រុម​ភេរវជន​រដ្ឋ​អ៊ីស្លាម ក្នុង​ឆ្នាំ​២០១៣ ក្រោយ​មាន​ចលនា​បដិវត្តន៍​នៅ​ទុយ​នី​ស៊ី​។ មេក្រុម​ជី​ហាត​នេះ​បន្ថែមថា តួ​ក​គី​និង​អា​រ៉ា​ប៊ី​សា​អូឌីត​បាន​ជួយ​ជា​ស្បៀង​ដល់​កងកម្លាំង​ក្រុម​ភេរវជន ហើយ​កន្លងមក តួ​ក​គី​ក៏បាន​ដោះលែង​ភេរវជន​១៨០​នាក់ ដើម្បី​លោះ​យក​បុគ្គលិក​កុងស៊ុល​តួ​ក​គី​នៅ​អ៊ីរ៉ាក់​៤៩​នាក់ ដែល​ក្រុម​ភេរវជន​ចាប់​ជា​ចំណាប់ខ្មាំង​ទៀតផង​។  
 
​ស្តាប់​ការអះអាង​របស់​អតីត​មេក្រុម​ដែ​ស្ហ និង​អ្នកសារព័ត៌មាន​អាមេរិក Seymour Hersh យើង​ឃើញថា សមរភូមិ​ស៊ី​រី​ពិតជា​ច្របូកច្របល់​ណាស់​។ ខណៈ​ក្រុម​ប្រទេស​សម្ព័ន្ធមិត្ត​កំពុង​កំចាត់​ក្រុម​ដែ​ស្ហ តួ​ក​គី​ឯណោះ​វិញ​បែរជា​មានឈ្មោះ​ដូច​អា​រ៉ា​ប៊ី​សា​អូឌីត​ដែរ​ថា បាន​ជួយ​ក្រុម​ដែ​ស្ហ​។ ត្រង់ចំណុច​នេះ ខាង​ទាហាន​អាមេរិក​ក៏​ចង់​ប្រាប់​ថ្នាក់ដឹកនាំ​អាមេរិក​ដែរ​ថា រុស្ស៊ី​និង​ចិន​មិនមែនជា​សត្រូវ​អាមេរិក​ទេ តែ​ជា​សម្ព័ន្ធមិត្ត​ក្នុង​យុទ្ធនាការ​កំចាត់​ភេរវកម្ម​។ ផ្ទុយទៅវិញ មេ​យោធា​ចារកិច្ច លោក Michael Flynn មាន​អារម្មណ៍​ថា រដ្ឋបាល​លោក​អូ​បា​ម៉ា​ហាក់​មិន​ចង់​លឺ​ការពិត​ទាំងនេះ​ទេ​។ 
 
​រដ្ឋបាល​លោក​អូ​បា​ម៉ា​ចង់អោយ​លោក​អាសាដ​ចុះ​ពី​អំណាច តែ​ក៏​មិន​ចង់អោយ​នយោបាយ​ស៊ី​រី​ធ្លាក់​ក្នុង​កណ្តាប់ដៃ​ក្រុម​ជ្រុលនិយម​ដែរ​។ ប៉ុន្តែ ទាហាន​អាមេរិក​ប្រាប់ថា​ថា ក្រុម​ជ្រុលនិយម ក្រុម​ជី​ហាត​សុទ្ធតែ​ដឹកនាំ​ក្រុមប្រឆាំង​ស៊ី​រី​។ តើ​អាចមាន​អ្នកណា​ដែល​សក្តិសម​ជាង​លោក​អាសាដ អាច​ឡើងមក​កាន់កាប់​ស៊ី​រី​បាន​ប្រសើរ​ជាង​លោក​អាសាដ​ទៅ​? តែបើ​អោយ​លោក​អាសាដ​នៅ​បន្តអំណាច គឺ​ផ្ទុយ​ពី​ជំហរ​រដ្ឋាភិបាល​បច្ចុប្បន្ន​។ គិត​ចុះ​គិត​ឡើង អាមេរិក​នៅតែ​មិនអាច​រក​ដំណោះស្រាយ​អោយ​ស៊ី​រី​បាន​។ 
 
​មិន​ពិបាក​ឆ្ងល់​ទេ​បើ​អាមេរិក​មិន​ចង់​បើកភ្នែក​មើល​ការពិត​ទាំងនេះ​។ ម្យ៉ាងទៀត ខាង​នយោបាយ​អន្តរជាតិ​វិញ អាមេរិក​មិនសូវ​ត្រូវ​គ្នា​នឹង​ចិន រឺ​រុស្ស៊ី ដែល​កំពុង​គាំទ្រ​លោក​អាសាដ​ទេ​។ ដូច្នេះ រដ្ឋបាល​លោក​អូ​បា​ម៉ា​ប្រហែល​ពិបាក​ទទួលយក​រុស្ស៊ី​និង​ចិន មក​ធ្វើជា​សម្ព័ន្ធមិត្ត តាម​ការយល់ឃើញ​រប​ស់ទា​ហាន​អាមេរិក​ណាស់​៕  

Tag:
 តួកគី
 រុស្ស៊ី
  ក្រុមភេរវជនរដ្ឋឥស្លាម
© រក្សាសិទ្ធិដោយ thmeythmey.com