ជាតិ
រលំផ្ទះ៦០ខ្នងនិងរបើកដំបូលជាង៣០០ខ្នងនៅស្រុកពួកកាលម្សិលមិញ
×
សៀមរាប៖ ក្រោយពីមានភ្លៀងមួយមេធំ លាយឡំនិងខ្យល់កន្ត្រាក់ខ្លាំងកាលពីម្សិលមិញមក ធ្វើឲ្យផ្ទះចំនួន ៦០ខ្នងបានដួលរលំ និងជាង៣០០ខ្នងទៀត របើកដំបូល នៅស្រុកពួក។ ខ្យល់កន្ត្រាក់កាលពីម្សិលមិញ បានប៉ះពាល់ឃុំទាំង៧របស់ស្រុកពួក ខេត្តសៀមរាប។
អភិបាលស្រុកពួក លោក ម៉ៅ វិសុទ្ធ បានប្រាប់សារព័ត៌មានថ្មីៗនៅព្រឹកថ្ងៃទី១៤ ឧសភានេះថា ផ្ទះតូចធំចំនួន ៦០ខ្នង បានរលំដួលដល់ដី និង ៣៣២ខ្នងទៀតមានតូចធំ បានរបើកដំបូល បន្ទាប់ពីត្រូវខ្យល់ខ្លាំងកាលពីរសៀលថ្ងៃទី១៣ ម្សិលមិញ។ លោក ម៉ៅ វិសុទ្ធ បន្ថែមថា ហេតុការណ៍នេះបង្កឲ្យមនុស្ស ៧នាក់រងរបួស ក្នុងនោះរបួសធ្ងន់ ២នាក់។
ក្នុងបទសម្ភាសយ៉ាងប្រញាប់ប្រញាល់ ដោយជាប់រវល់ក្នុងការចុះត្រួតពិនិត្យកន្លែងកើតហេតុ លោក ម៉ោង វិសុទ្ធ បញ្ជាក់ កងកម្លាំងសមត្ថកិច្ចបានទៅដល់គោលដៅទាំង ៧ឃុំ របស់ស្រុកពួកហើយ ក្នុងនោះមានទាំងទាហាន ប៉ូលិស ប៉េអឹម ដើម្បីជួយសង្គ្រោះប្រជាពលរដ្ឋរងគ្រោះ។ លោកបន្ថែមថា មានផ្ទះខ្លះត្រូវរុះរើ និងខ្លះទៀត ត្រៀមជួសជុលផងដែរ។
លោក ម៉ៅ វិសុទ្ធ បានឲ្យដឹងបន្ថែមថា នៅរសៀលនៅថ្ងៃទី១៤ ឧសភានេះ អភិបាលខេត្តសៀមរាបនឹងចុះសួរសុខទុក្ខពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់នៅស្រុកពួក ព្រមទាំងនាំអំណោយរបស់កាកបាទក្រហម ទៅចែកផងដែរ។
គួររម្លឹកថា ក្រៅពីស្រុកពួក ម្សិលមិញក្នុងរមណីយដ្ឋានអង្គរ ក៏មានភ្លៀងលាយខ្យល់កន្ត្រាក់ខ្លាំងផងដែរ។ ក្នុងនោះបណ្តាលឲ្យដើមឈើតូចធំជាច្រើនដើម បានបាក់ និងដួលរលំ។ មានដើមឈើមួយចំនួន បានបាក់គងកំពែងប្រាសាទបុរាណ តែមិនបង្កឲ្យផលប៉ះពាល់ដល់ប្រាសាទ ឫមនុស្សនោះទេ។ ចំណែកនៅបារាយណ៍ទឹកថ្លា ស្ថិតនៅសង្កាត់ទឹកវិលនោះ មានករណីរន្ទះបាញ់ ដែលបណ្តាលឲ្យមនុស្ស៣នាក់រងរបួស៕
© រក្សាសិទ្ធិដោយ thmeythmey.com