អន្តរជាតិ
ប្រតិបត្តិ​ការរុករក​យន្តហោះ​អេ​ហ្ស៊ី​ប​កំពុងតែ​ធ្វើ និង​សង្ស័យថា​ជា​ស្នាដៃ​ភេរ​វករ​
20, May 2016 , 8:19 pm        
រូបភាព
​ប្រតិបត្តិ​ការស្វែងរក​យន្តហោះ​អេ​ហ្ស៊ី​ប Airbus A320 កំពុងតែ​ធ្វើ​យ៉ាង​ញាប់ដៃ​ញាប់ជើង បន្ទាប់ពី​យន្តហោះ​បាត់​ទំនាក់ទំនង​ជាមួយ​រ៉ា​ដា ខណៈ​កំពុង​ហោះហើរ​លើ​សមុទ្រ​ម៉េ​ឌី​ទែ​រ៉ា​នេ​ក្នុង​ដែនអាកាស​របស់​អេ​ហ្ស៊ី​ប​។ កងកម្លាំង​មកពី​អេ​ហ្ស៊ី​ប​និង​ក្រិ​ក បាន​ទៅដល់​កន្លែង​ដែល​យន្តហោះ​បាត់​ខ្លួន ស្រប​ពេលដែល​មូលហេតុ​នៃ​ការបាត់​នៅ​មិនទាន់​រកឃើញ ប៉ុន្តែ​ប្រធានាធិបតី​បារាំង​និយាយថា យន្តហោះ​នោះបាន​ធ្លាក់​។



សូមស្ដាប់ព័ត៌មានលម្អិត៖



​កងទ័ព​កម្លាំង​អាកាស​និង​នាវា​ជើង​ទឹក​មកពី​អេ​ហ្ស៊ី​ប​និង​ក្រិ​ក កំពុងតែ​បើក​ប្រតិបត្តិការ​ដ៏​ធំ ដើម្បី​រុករក​យន្តហោះ​របស់​អាកាសចរ​ណ៍​អេ​ហ្ស៊ី​ប ដែល​បាត់​ចេញពី​រ៉ា​ដា នៅ​ថ្ងៃទី​១៩ ខែឧសភា​។ យន្តហោះ​ដែល​បាត់​ចេញពី​រ៉ា​ដា​នេះ ហោះ​ពី​ទីក្រុង​ប៉ារីស​ក្នុងទិសដៅ​ទៅ​ព្រលានយន្តហោះ​ទីក្រុង​គែរ ដោយមាន​អ្នកដំណើរ​៥៦​នាក់ និង​បុគ្គលិក​បម្រើការ​លើ​យន្តហោះ​១០​នាក់​ផ្សេងទៀត​។ 

​គេ​នៅ​មិនទាន់​ដឹង​ពី​មូល​ហេតុដែល​នាំ​ឲ្យ​មាន​ហេតុការណ៍​នេះ​នៅឡើយ​ទេ បើទោះជា​មាន​ព័ត៌មាន​ថា ជា​អំពើ​ភេរវកម្ម​ក៏ដោយ​។ រដ្ឋមន្ត្រី​អាកាសចរណ៍​អេ​ហ្ស៊ី​ប​និយាយថា ខណៈដែល​វា​ដូចជា​លឿន​ពេក​ក្នុងការ​កំណត់​មូលហេតុ​នៅ​ពីក្រោយ​ការបាត់​នេះ សេណា​រី​យ៉ូ​ភេរវកម្ម គឺ​ទំនងជា​មូលហេតុ​ជាជាង​បញ្ហា​ម៉ាស៊ីន​។ ចំណែក​រដ្ឋមន្ត្រី​ការពារជាតិ​ក្រិ​កលោក Panos Kammenos ប្រាប់​អ្នករាយការណ៍​ព័ត៌មាន​ថា យន្តហោះ​បាន​ហោះ​ឆែវ​ពីរដង​ក្នុង​ដែនអាកាស​របស់​អេ​ហ្ស៊ី​ប មុនពេល​ទម្លាក់ខ្លួន​មក​រយៈកម្ពស់​ជិត​៧​ពាន់​ម៉ែត ហើយក៏​បាត់​ខ្លួន​ពី​រ៉ា​ដា​តែម្ដង​។​

​ជាមួយនឹង​ប្រតិបត្តិ​ការរុករក​ដែល​កំពុង​ធ្វើ ប្រធានាធិបតី​អេ​ហ្ស៊ី​បលោក Abdel Fattah al-Sisi បានដាក់​បញ្ជា​ឲ្យ​កងកម្លាំង​ទាំងអស់​ត្រូវ​ស្វែងរក​យន្តហោះ​ដែល​បាត់​។ ស្របគ្នា​នេះ បើតាម​ទូរទស្សន៍​Channel NewsAsia កងកម្លាំង​មកពី​អាមេរិក​និង​អង់គ្លេស​ក៏​ចូលរួម​ក្នុងការ​ស្វែងរក​នេះដែរ​។ អាមេរិក​បាន​បញ្ជូន​យន្តហោះ​ស៊ើបការណ៍​របស់ខ្លួន​មក​តំបន់​សមុទ្រ​ម៉េ​ឌី​ទែ​រ៉ា​នេ ដើម្បី​ជួយ​ប្រតិបត្តិ​ការរុករក​នេះ​។​

​ប៉ុន្មាន​ម៉ោង​ក្រោយ​ការបាត់​ខ្លួន​យន្តហោះ​អេ​ហ្ស៊ី​ប​ជើងហោះហើរ​លេខ MS804 គេ​បាន​រកឃើញ​បំណែក​មួយ​អណ្ដែត​លើ​ផ្ទៃ​ទឹក​នៃ​សមុទ្រ​ម៉េ​ឌី​ទែ​រ៉ា​នេ​។ អាជ្ញាធរ​អេ​ហ្ស៊ី​ប​និយាយថា ខ្លួន​បាន​រកឃើញ​បំណែ​កមួយ​នៅក្បែរ​កោះ​របស់​ក្រិ​ក​។ ប៉ុន្តែ​ក្រោយមក ប្រមុខ​ទីភ្នាក់ងារ​សុវត្ថិភាព​អាកាសចរណ៍​ក្រិ​ក​ប្រកាសថា បំណែក​វត្ថុ​ដែល​រកឃើញ​មិនមែនជា​របស់​យន្តហោះ​អេ​ហ្ស៊ី​ប​ដែល​បាន​បាត់​នោះទេ​។​

១. រុស្សី​ថា ភេរវកម្ម​អាច​នៅ​ពីក្រោយ​ការបាត់​ខ្លួន
​លោក Alexander Borntnikov មន្ត្រីជាន់ខ្ពស់​របស់​រុស្ស៊ី​ដែល​ទទួលបន្ទុក​កិច្ចការ​សន្តិសុខ​សហព័ន្ធ​បានលើកឡើង​ថា ចលនា​ភេរវកម្ម​អាចជា​មូលហេតុ​នៅ​ពីក្រោយ​ការធ្លាក់​នៃ​យន្តហោះ​របស់​ក្រុមហ៊ុន អេ​ហ្ស៊ី​ប MS804 នា​ថ្ងៃទី​១៩ ខែឧសភា​។ យន្តហោះ​មាន​ផ្ទុក​មនុស្ស ៦៦​នាក់ ហើយ​វា​បាន​ធ្លាក់​ពេល​ហោះហើរ​ពី​បារាំង​ទៅកាន់​ប្រទេស​អេ​ហ្ស៊ី​ប​។​
 
​បើតាម​សារព័ត៌មាន​រដ្ឋ​រុស្ស៊ី TASS លោក Alexander Borntnikov បាន​បញ្ជាក់ថា​៖« ឧបទ្ទវហេតុ​ធ្លាក់​យន្តហោះ​ក្រុមហ៊ុន​អាកាសចរណ៍​អេ​ហ្ស៊ី​ប​នេះ​ទំនងជា​បណ្តាលមកពី​ការវាយប្រហារ​របស់​ក្រុម​ភេរវជន​»​។ លោក​ក៏បាន​អំពាវនាវ​ឲ្យ​បណ្តា​ប្រទេស​ពាក់ព័ន្ធ​រួមទាំង​ដៃគូ​នៅ​អឺរ៉ុប​ចូលរួម​ទាំងអស់គ្នា​ដើម្បី​ស៊ើបអង្កេត និង​កំណត់​អត្តសញ្ញាណ​ជន​ដែល​ពាក់ព័ន្ធ​ករណី​វាយប្រហារ​ភេរវកម្ម​នេះ​។​

២. គ្រួសារ​ជនរងគ្រោះ​អន្ទះសារ​ចាំ​ដំណឹង​ពី​អាជ្ញាធរ​
​មិនបាន​ប៉ុន្មាន​ក្រោយ​ទទួលដំណឹង​បាត់​យន្តហោះ ក្រុមគ្រួសារ​សាច់ញាតិ​នៃ​អ្នកដំណើរ​និង​បុគ្គលិក​លើ​យន្តហោះ បាន​ទៅដល់​ព្រលានយន្តហោះ​ក្រុង​គែរ ដើម្បី​ទទួល​ព័ត៌មាន​ពី​សមាជិកគ្រួសារ​ពួកគេ​។ មនុស្ស​ទាំងអស់​៦៦​នាក់ ក្នុងនោះ​មាន​អ្នកដំណើរ​៥៦​នាក់ កំពុងតែ​ស្ថិត​លើ​យន្តហោះ នៅពេលដែល​យន្តហោះ​បាត់​ការទាក់ទង​ជាមួយ​រ៉ា​ដា​។​

​ក្នុងចំណោម​អ្នកដំណើរ​ទាំងអស់​មាន​ប្រជាជន បារាំង ១០​នាក់ អេ​ហ្ស៊ី​ប ៣០​នាក់ និង​ក្រៅពីនោះ​មាន​អង់គ្លេស បែលហ្ស៊ិក គុយ​វ៉េ​ត អា​រ៉ា​ប៊ី​សា​អូឌីត ឆាត ស៊ូដង់ ព័រទុយហ្កាល់ កាណាដា អ៊ីរ៉ាក់ ជាដើម​។ អ្វីដែល​សោកស្ដាយ​នោះ ក៏មាន​ទារក​ពីរ​នាក់​នៅលើ​យន្តហោះ​ផងដែរ​។  


Tag:
 អឺរ៉ុប​
 ​ បារាំង​
 ​ អេ​ហ្ស៊ី​ប
© រក្សាសិទ្ធិដោយ thmeythmey.com