អន្តរជាតិ
នយោបាយអន្តរជាតិ
អតីតប្រធានាធិបតីឥណ្ឌូណេស៊ី រិះគន់ការអនុវត្តទោសប្រហារជីវិត
×
អតីតប្រធានាធិបតីឥណ្ឌូណេស៊ី លោក Bacharuddin Habibie បានចេញមករិះគន់ការប្រើប្រាស់ទោសប្រហារជីវិត ដែលនៅតែបន្តអនុវត្តនៅក្នុង បើទោះជាមានការដាក់សម្ពាធ ពីសំណាក់សហគមន៍អន្តរជាតិក៏ដោយ។ លោក អះអាងថា មនុស្សទាំងអស់មានសិទ្ធិរស់រានមានជីវិតដូចៗគ្នាដែរ។
ស្របពេលពិភពលោក កំពុងរួមគ្នាលុបបំបាត់ការដាក់ទោសប្រហារជីវិត នៅឯឥណ្ឌូណេស៊ីឯណោះ អតីតប្រមុខរដ្ឋ លោក Bacharuddin Habibie បានបរិហារការអនុវត្តទោសធ្ងន់បែបនេះ ក្នុងប្រទេសឥស្លាមធំជាងគេលើពិភពលោក។ លោក Habibie ដែលជាប្រធានាធិបតីទីបី របស់ឥណ្ឌូណេស៊ី និយាយថា៖« គ្មាននរណាម្នាក់ មានសិទ្ធិយកជីវិតអ្នកដទៃទេ ព្រោះវាជាសិទ្ធិផ្ដាច់មុខ របស់ព្រះជាម្ចាស»។
អតីតប្រធានាធិបតីរូបនេះ លើកឡើងដូច្នេះ ខណៈលោកសម្ពោធសៀវភៅ « Politik Hukuman Mati di Indonesia (នយោបាយនៃទោសប្រហារជីវិតនៅឥណ្ឌូណេស៊ី)» ក្នុងរដ្ឋធានីហ្សាការតា កាលពីពេលថ្មីៗនេះ។ លោក ត្រូវបានស្រង់សំដី ដោយកាសែត Sydney Morning Herald ថា៖« ប្រសិនបើអ្នកសួរថា Habibie! តើលោកមានអ្វីចង់និយាយលើទោសប្រហារជីវិតទេ? ចម្លើយគឺ ខ្ញុំមិនយល់ស្របទេ»។
ការរិះគន់របស់លោក Habibie ជាការបន្ថែមទម្ងន់លើចលនាប្រឆាំងទោសប្រហារជីវិត ក្នុងឥណ្ឌូណេស៊ី។ ភាគច្រើន នៃអ្នកដែលមានទោសប្រហារជីវិត គឺមានទោសពីបទ ឧក្រិដ្ឋកម្មទាក់ទងគ្រឿងញៀន ខណៈដែលប្រទេស ត្រូវគេស្គាល់ថា ជាប្រទេសដែលមានគោលជំហរដាច់ខាតចំពោះអ្នកទោសពាក់ព័ន្ធគ្រឿងញៀន។
ជុំវិញបញ្ហានេះដែរ របាយការណ៍ស្ដីពីការអនុវត្តទោសប្រហារជីវិត ដែលចេញដោយអង្គការលើកលែងទោសអន្តរជាតិ បង្ហាញថា ឥណ្ឌូណេស៊ី ត្រូវបានរកឃើញថា មានការដាក់ទោសប្រហារជីវិត ច្រើនជាង៤៦ករណី និងបានអនុវត្តទោស ដោយការបាញ់ ចំនួន១៤ករណី ក្នុងឆ្នាំ២០១៥។ ការសម្លាប់អ្នកទោសច្រើនបែបនេះ ធ្វើឲ្យអន្តរជាតិ តវ៉ាយ៉ាងខ្លាំង។
យ៉ាងណាមិញ ឥណ្ឌូណេស៊ី មិនបានខ្វល់នឹងការតវ៉ានេះទេ។ ការិយាល័យរដ្ឋអាជ្ញាឥណ្ឌូណេស៊ី បានប្រកាសថា កាលបរិច្ឆេទ នៃការប្រហារជីវិតបន្ទាប់ នឹងធ្វើនៅក្រោយពិធីបុណ្យ Ramadan ដែលការប្រហារជីវិតនេះ នឹងចាប់ផ្ដើមពីខែមិថុនា ដល់ដើមខែកក្កដា។ ហើយក្នុងចំណោមអ្នកទោសច្រើនជាង១៣០នាក់ ដែលរងចាំការប្រហារជីវិត មានមួយចំនួនជាជនបរទេសផងដែរ។
សូមរម្លឹកដែរថា ទាក់ទិននឹងបញ្ហានេះ ក្នុងដំណើរទៅកាន់អឺរ៉ុប កាលពីខែមេសា ប្រធានាធិបតីឥណ្ឌូណេស៊ី លោក ចូកូ វីដូដូ (Joko Widodo) បានការពារជំហរប្រទេសលោក ដែលបន្តប្រើទោសប្រហារជីវិត។ នេះក៏ដោយសារ ទោសនេះត្រូវបានប្រើសម្រាប់ធ្វើឲ្យអ្នកប្រើប្រាស់គ្រឿងញៀន ញញើត ខណៈរដ្ឋាភិបាលឥណ្ឌូណេស៊ី ចាត់ទុកការត់ពន្ធគ្រឿងញៀន ជាបញ្ហាអាសន្ន។ បើតាម លោក ចូកូ មនុស្សពី៣០នាក់ ទៅ៥០នាក់ បានស្លាប់ជារៀងរាល់ថ្ងៃ ដោយសារថ្នាំញៀន៕
Tag:
ឥណ្ឌូណេស៊ី
ទោសប្រហារជីវិត
© រក្សាសិទ្ធិដោយ thmeythmey.com