អន្តរជាតិ
ថៃ ជា​សមាជិក​អាស៊ាន​តែមួយគត់​ដែល​គ្មាន​ម្ចាស់​អាណានិគម​?
03, Oct 2016 , 8:39 am        
រូបភាព
​នៅ​សតវត្សរ៍​នៃ​ការ​វាតទី​របស់​មហាអំណាច​អឺរ៉ុប ប្រទេស​ជាច្រើន​នៅ​អាស៊ី ជាពិសេស​រដ្ឋ​នៅ​តំបន់​អាស៊ីអាគ្នេយ៍ ត្រូវបាន​គ្រប់គ្រង និង​ដាក់​ឲ្យ​ស្ថិតក្រោម​នឹម​អាណានិគម​របស់​មហាអំណាច​អឺរ៉ុប​។ យ៉ាងណាមិញ ក្នុងចំណោម​ប្រទេស​សមាជិក​អាស៊ាន​ទាំង​១០ នោះ មានតែ​រាជាណាចក្រ​ថៃ​មួយ​ប៉ុណ្ណោះ​នោះទេ ដែល​អាច​ចៀស​ផុតពី​នឹម​អាណានិគម​មហាអំណាច​អឺរ៉ុប​បាន​។​


​បារាំង អង់គ្លេស អេ​ស្ប៉ា​ញ ហូ​ឡង់ និង​អាមេរិក សុទ្ធសឹងតែ​ជា​មហាអំណាច​ទ្វីបអឺរ៉ុប​ដែល​ធ្លាប់​ត្រួតត្រា​ប្រទេស​នៅ​តំបន់​អាស៊ីអាគ្នេយ៍ លើកលែងតែ​ប្រទេស​ថៃ​មួយ​។ មហាអំណាច​អឺរ៉ុប​ទាំងនោះ បាន​គាបសង្កត់​យក​ធនធាន​ដែលមាន​ប្រទេស​អាណានិគម​ខ្លួន ដើម្បី​បំប៉ន​សេដ្ឋកិច្ច និង​នយោបាយ​វាតទី​និយម​របស់ខ្លួន​។ ស្របគ្នា​នោះ ពួកគេ​ក៏​ព្យាយាម​បញ្ចូល​វប្បធម៌​របស់ខ្លួន ទៅក្នុង​ប្រទេស​ក្រោម​ការគ្រប់គ្រង​របស់ខ្លួន​ដែរ​។​

​បារាំង គឺជា​អតីត​ម្ចាស់​អាណានិគម​លើ​ប្រទេស​បី​នៅ​ឥណ្ឌូចិន ដែល​រួមមាន​កម្ពុជា ឡាវ និង​វៀតណាម​។ នៅក្រោម​ការគ្រប់គ្រងរ​បស់​បារាំង ប្រជាជន​ប្រទេស​ទាំងបី រង​ទុក្ខ​ខ្លាំង​ដោយសារ​ការគាបសង្កត់​របស់​អាជ្ញាធរ​បារាំង ដែល​ឈានដល់​ការ​ងើប​បះបោរ​ទាមទារ​ឯករាជ្យ​។ ក្រោយ​ការគ្រប់គ្រង​អស់​ពេល​ជិត​មួយ​សតវត្សរ៍ បារាំង​ប្រគល់​ឯករាជ្យ​ឲ្យ​កម្ពុជា​នៅ​ឆ្នាំ​១៩៥៣ និង​ឲ្យ​ឡាវ និង​វៀតណាម ក្នុង​ឆ្នាំ​១៩៥៤ តាម​សន្និសីទ​ក្រុង​ហ្សឺ​ណែវ​។​

​មី​យ៉ាន់​ម៉ា ម៉ាឡេស៊ី (​បូក​បញ្ចូល​សិង្ហ​បុរី​) និង​ព្រុយ​ណេ គឺជា​ដែនដី​ក្រោម​ការគ្រប់គ្រង​របស់​ច​ក្រ​ភព​អង់គ្លេស​។ មិន​ខុសគ្នា​ពី​ស្ថានភាព​នៅ​ឥណ្ឌូចិន ប្រជាជន​ដែល​រស់នៅ​ក្រោម​ការគ្រប់គ្រង​របស់​អង់គ្លេស ប្រឈមមុខ​បញ្ហា​ជាច្រើន ដ្បិត​ម្ចាស់​អាណានិគម​រឹតត្បិត​យ៉ាងខ្លាំង​។ បន្ទាប់ពី​គ្រប់គ្រង​យ៉ាងយូរ អង់គ្លេស​ផ្ដល់​ឯករាជ្យ​ឲ្យ​មី​យ៉ាន់​ម៉ា​ក្នុង​ឆ្នាំ​១៩៤៨ ព្រុយ​ណេ​នៅ​ឆ្នាំ​១៩៨៤ និង​ម៉ាឡេស៊ី​នៅ​ឆ្នាំ​១៩៥៧ ហើយ​សិង្ហ​បុរី​ផ្ដាច់ខ្លួន​ពី​ម៉ាឡេស៊ី​ក្នុង​ឆ្នាំ​១៩៦៥​។​

​ងាក​មក​ប្រទេស​ហ្វីលីពីន ធ្លាប់​ស្ថិតក្រោម​អាណានិគម​ពីរ​ប្រទេស គឺ​អេ​ស្ប៉ា​ញ និង​បន្ទាប់មក​អាមេរិក​។ ក្រោយ​ការចាកចេញ​របស់​អេ​ស្ប៉ា​ញ​នៅ​សតវត្សរ៍​តី​១៩ អាមេរិក​ក៏​បន្ត​គ្រប់គ្រង​ហ្វីលីពីន​រហូតដល់​ឆ្នាំ​១៩៤៦​។ បន្ទាប់ពីនោះ អាមេរិក និង​ហ្វីលីពីន ក៏​ក្លាយជា​សម្ព័ន្ធមិត្ត​យ៉ាង​ស្អិតល្មួត ដោយ​អាមេរិក​ថែមទាំង​មាន​កងទ័ព​នៅ​ហ្វីលីពីន​ទៀតផង​។​

​ហូ​ឡង់ បាន​ចូលមក​ត្រួតត្រា​ឥណ្ឌូណេស៊ី តាំងពី​ឆ្នាំ​១៦០០​មកម្ល៉េះ​។ ក្នុង​រយៈពេល​នៃ​ការគ្រប់គ្រង​នេះ ស្ថានភាព​ឥណ្ឌូណេស៊ី ក៏​មិន​ខុសពី​ប្រទេស​ដទៃទៀត​ដែរ គឺ​រង​ការគាបសង្កត់​គ្រប់បែបយ៉ាង ទាំង​សេរីភាព​សាសនា និង​នយោបាយ​ក្នុងស្រុក​ជាដើម​។ នៅក្រោយ​សង្គ្រាមលោកលើកទី​ពីរ វីរបុរស​ជាតិ ស៊ូ​កា​ណូ ក៏​ទាមទារ​ឯករាជ្យ រហូតដល់​ជោគជ័យ​នៅ​ឆ្នាំ​១៩៤៥៕ 


Tag:
 ថៃ​
 ​ អាស៊ាន
© រក្សាសិទ្ធិដោយ thmeythmey.com