អន្តរជាតិ
ប្រធានព្រឹទ្ធសភាហ្វីលីពីន៖ សម្ដីអាក្រក់របស់លោក Duterte គ្រាន់តែជា «Style» ប្រធានព្រឹទ្ធសភាហ្វីលីពីន លោក Pimentel និងលោក Rodrigo Duterte
× ថ្នាក់ដឹកនាំព្រឹទ្ធសភាហ្វីលីពីន បានចេញមុខការពារលោកប្រធានាធិបតី Rodrigo Duterte ដែលតែងតែប្រើប្រាស់ពាក្យសម្ដីគ្រោតគ្រាតមិនសមរម្យដាក់មេដឹកនាំប្រទេសផ្សេង ជាពិសេសប្រធានាធិបតីអាមេរិក បារ៉ាក់ អូបាម៉ា តែម្ដង។ ថ្នាក់ដឹកនាំព្រឹទ្ធសភាហ្វីលីពីន ចាត់ទុកពាក្យសម្ដីទាំងនោះ ជា «Style» របស់លោក Duterte ប៉ុណ្ណោះ ហើយវាក៏នឹងមិនប៉ះពាល់ទំនាក់ទំនងការទូតអ្វីដែរ។
ជាច្រើនលើកច្រើនសារមកនោះ ប្រធានាធិបតីហ្វីលីពីន តែងប្រើសម្ដីមិនពិរោះ ដាក់ប្រធានាធិបតីអាមេរិក បារ៉ាក់ អូបាម៉ា ដែលធ្វើឲ្យទំនាក់ទំនងហ្វីលីពីន-អាមេរិក ធ្លាក់ចុះគួរកត់សម្គាល់។ យ៉ាងណាមិញ ប្រធានព្រឹទ្ធសភាហ្វីលីពីនលោក Aquilino Pimentel III និងប្រធានមតិភាគច្រើនលោក Vicente Sotto III បានចាត់ទុកពាក្យសម្ដីទ្រគោះបោះបោក គ្រាន់តែជាការប្រើវោហារសាស្ត្រប៉ុណ្ណោះ។
ថ្លែងទៅកាន់អ្នកសារព័ត៌មាននៅថ្ងៃទី៥ ខែតុលា លោក Pimentel ដែលមកពីបក្សតែមួយជាមួយលោក Duterte និយាយថា វាជា Style របស់ប្រធានាធិបតី ហើយលោក Duterte ឈ្នះការបោះឆ្នោតប្រធានាធិបតី ក៏ដោយសារពាក្យសម្ដីនេះដែរ។ លោកបន្តថា៖ « ឲ្យគាត់ (លោក Duterte) ធ្វើអ្វីតាមចិត្តទៅ ព្រោះគាត់នឹងកាន់តែមានប្រសិទ្ធភាពការងារ។»
បើតាមសារព័ត៌មាន Rappler ប្រធានព្រឹទ្ធសភារូបនេះ ក៏ទទូចឲ្យប្រជាជនទាំងអស់ អនុញ្ញាតឲ្យលោក Duterte ធ្វើអ្វីដែលជាចរិតរបស់លោកទៅ។ ហើយលោកអះអាងដែរថា ពេលខាងមុខ លោក Duterte នឹងផ្លាស់ប្ដូរការប្រើសម្ដីបែបនេះមិនខាន។ នេះក៏ព្រោះតែ លោក Duterte នឹងរៀនពីបទពិសោធន៍ និងកំហុសពីមុន ហើយលោកនឹងពិចារណាលើមតិសាធារណជន ដើម្បីកែប្រែពាក្យសម្ដីមិនសមរម្យទាំងនោះ។
ដោយឡែកប្រធានមតិភាគច្រើនក្នុងព្រឹទ្ធសភា លោក Sotto វិញ ចាត់ទុកសម្ដីចម្រូងចម្រាសរបស់ប្រធានាធិបតី Duterte ជាការបង្ហាញអារម្មណ៍ប៉ុណ្ណោះ ដែលវាមិនមែនជារឿងធ្ងន់ធ្ងរឡើយ។ លោកបញ្ជាក់ថា៖ «នេះគ្រាន់តែជាការបញ្ចេញអារម្មណ៍មួយប៉ុណ្ណោះ។ ហេតុអ្វីបានជាត្រូវខ្វល់ពីវាម្ល៉េះ? លោកអាចប្រាប់អ្នកណាឲ្យចុះនរក ហើយលោកក៏អាចប្រាប់ឲ្យអ្នកណាម្នាក់ ឡើងឋានសួគ៌បានដែរ»។
បន្ថែមពីលើនេះ ទាំងលោក Pimentel និងលោក Sotto ក៏បានបង្ហាញជំហរដូចគ្នាថា ទំនាក់ទំនងការទូតរបស់ហ្វីលីពីន ពិសេសជាមួយអាមេរិក នឹងមិនធ្លាក់ចុះឡើយ។ លោក Pimentel អះអាងថា ការលើកឡើងរបស់លោក Duterte ទំនងមានន័យថា លោកចង់បានបានគោលនយោបាយការបរទេសឯករាជ្យប៉ុណ្ណោះ ដោយមិនចង់ពឹងផ្អែកខ្លាំងតែលើអាមេរិកនោះឡើយ។
ចំណែកលោក Sotto ក៏បន្ថែមថា លោកមិនបារម្ភឡើយ ហើយលោកប្រធានាធិបតី ក៏កំពុងគិតពីបញ្ហានេះដែរហើយ។ ដោយសំដៅលើកិច្ចព្រមព្រៀងរវាងហ្វីលីពីន និងអាមេរិក លោកបន្តថា អ្វីៗនៅមិនទាន់អនុវត្ត ឬចូលជាអចិន្ត្រៃយ៍នៅឡើយទេ ហើយច្បាប់ក៏មិនទាន់ចូលជាធរមានដែរ៕
Tag:
ហ្វីលីពីន
Rodrigo Duterte
Vicente Sotto III
Aquilino Pimentel III
© រក្សាសិទ្ធិដោយ thmeythmey.com