អន្តរជាតិ
ប្រធានាធិបតី​ថ្មី​ឥណ្ឌា​មកពី​វណ្ណៈ​ទាប​ជាងគេ ស្បថ​ចូលកាន់​តំណែង​ផ្លូវការ​
25, Jul 2017 , 10:19 pm        
រូបភាព
លោក Ram Nath Kovind ប្រធានាធិបតីថ្មីរបស់ឥណ្ឌា (រូបភាព Xinhua)
លោក Ram Nath Kovind ប្រធានាធិបតីថ្មីរបស់ឥណ្ឌា (រូបភាព Xinhua)
​លោក Ram Nath Kovind ដែលមាន​ប្រភព​មកពី​វណ្ណៈ​ដា​លី​ត (Dalit) ដែលជា​វណ្ណៈ​ទាប​ជាងគេ​ក្នុងសង្គម​ឥណ្ឌា បាន​ស្បថ​ចូលកាន់​តំណែង​ប្រធានាធិបតី​ផ្លូវការ​ហើយ​នៅ​ថ្ងៃទី​២៥ ខែកក្កដា បន្ទាប់ពី​ទទួល​ជ័យជម្នះ​ក្នុងការ​បោះឆ្នោត​កាលពី​សប្ដាហ៍​មុន​។ លោក Ram Nath Kovind ជា​បេក្ខជន​គាំទ្រ​ដោយ​បក្ស​កាន់អំណាច​របស់​នាយក​រដ្ឋមន្ត្រី នា​រិ​ន្ទ្រា ម៉ូ​ដូ (Narendra Modi) ។ ជ័យជម្នះ​របស់លោក ក៏​ជា​ការលើក​មុខមាត់​វណ្ណៈ​ដា​លី​ត​ផងដែរ​។​



​លោក Ram Nath Kovind បាន​ក្លាយជា​ប្រធានាធិបតី​ទី​១៤ របស់​មហាអំណាច​ប្រជាធិបតេយ្យ​ធំជាងគេ​បំផុត​លើ​ពិភពលោក ឥណ្ឌា ដោយ​លោក​បាន​ស្បថ​ចូលកាន់​តំណែង​ផ្លូវការ​នៅឯ​វិមាន​រដ្ឋសភា​ក្នុង​រដ្ឋធានី​ញូវដែលី​។ លោក Ram Nath Kovind មានកំណើត​មកពី​វណ្ណៈ​ដា​លី​ត ដែលជា​វណ្ណៈ​ទាប​ជាងគេ​នៅ​ឥណ្ឌា និង​ជាម​នុស្ស​ទី​ពីរ​មកពី​វណ្ណៈ​នេះដែ​លអាច​ក្លាយជា​ប្រធានាធិបតី​នៃ​ប្រទេស​មាន​ប្រជាជន​ច្រើនជាងគេ​ទី​ពីរ​។​

​ក្នុង​ពិធី​ស្បថ​ចូលកាន់​តំណែង​នៅ​ថ្ងៃទី​២៥ លោក Kovind និយាយថា លោក​សូម​គោរព​ប្រជាជន​ឥណ្ឌា​ទាំងអស់ ហើយ​លោក​សន្យាថា​នឹង​ស្មោះត្រង់​ចំពោះ​ប្រទេសជាតិ​។ លោក​បន្តថា លោក​ទទួល​តំណែង​នេះ​ក្ដី​គោរព និង​អនុវត្ត​ភារកិច្ច​ដោយ​ការទទួលខុសត្រូវ​។ នេះ​បើតាម​ការផ្សាយ​របស់​សារព័ត៌មាន​ឥណ្ឌា Time of India ។​

​ការ​ឈានដល់​តំណែង​ប្រធានាធិបតី​របស់លោក Kovind ពិតជា​បាន​លើកស្ទួយ​មុខមាត់​វណ្ណៈ​ដា​លី​ត ដែលជា​រឿយៗ​រង​ការប្រមាថ​មាក់ងាយ​ដោយសារតែ​ប្រព័ន្ធ​បែងចែក​វណ្ណៈ​បន្សល់ទុក​ពី​អតីតកាល​។ លោក Kovind បានទទួល​សំឡេង​ភាគច្រើន​ក្នុងការ​បោះឆ្នោត​អសកល ដែល​ចូលរួម​សមាជិក​សភាជាតិ និង​សមាជិកសភា​នៅតាម​រដ្ឋ​នីមួយៗ​របស់​ឥណ្ឌា​។ ដោយសារ​មានការ​គាំទ្រ​ពី​បក្ស​កាន់អំណាច​របស់​នាយក​រដ្ឋមន្ត្រី នា​រិ​ន្ទ្រា ម៉ូ​ឌី លោក Kovind ឈ្នះ​ការបោះឆ្នោត​យ៉ាង​ស្រួល​។​

​យ៉ាងណាក្ដី គណបក្សប្រឆាំង​បាន​ចោទ​លោក ម៉ូ​ឌី ថា​ប្រើប្រាស់​ការបោះឆ្នោត​ប្រធានាធិបតី​ដើម្បី​ពង្រឹង​ឥទ្ធិពល​បក្ស​កាន់អំណាច និង​គំនិត​របស់លោក ម៉ូ​ឌី ដែល​ចង់​ប្រែក្លាយ​ឥណ្ឌា​ទៅជា​ប្រទេស​កាន់សាសនា​ហិណ្ឌូ​ទីមួយ​។ ជ័យជម្នះ​របស់លោក Kovind ត្រូវគេ​មើលឃើញថា​នឹង​ជួយ​លោក ម៉ូ​ឌី ក្នុង​ទទួលបាន​ការគាំទ្រ​កាន់​ច្រើន​ថែមទៀត​ជាពិសេស​ប្រជាជន​វណ្ណៈ​ដា​លី​ត​សម្រាប់​ការបោះឆ្នោត​ទូទៅ​ឆ្នាំ​២០១៩ ។​

​សូមបញ្ជាក់ថា វណ្ណៈ​ដា​លី​ត មាន​សមាជិក​ប្រហែល​២០០​លាន​នាក់​ក្នុងចំណោម​ប្រជាជន​ឥណ្ឌា​ទាំង​ជាង​១,២៥​ពាន់​លាន​នាក់​។ នៅមុននេះ វណ្ណៈ​ដា​លី​ត​ត្រូវគេ​ចាត់ទុកជា​វណ្ណៈ​ដែល​ស្ថិតក្រោម​គេ​បង្អស់​នៃ​ប្រព័ន្ធ​វណ្ណៈ​ឥណ្ឌា ឬ​វណ្ណៈ​ដែល​មិនអាច​ប៉ះពាល់​បាន​។ ពួកគេ​តែង​រង​ការរើសអើង និង​មិនសូវ​ទទួលបាន​អត្ថប្រយោជន៍​សេដ្ឋកិច្ច​ដូច​វណ្ណៈ​ផ្សេង​ឡើយ​។ ដូចនេះ​ការឡើង​កាន់តំណែង​ស៊ីវិល​ខ្ពស់​ជាងគេ​នៅ​ឥណ្ឌា​របស់លោក Kovind  ពិតជា​ជួយ​លើកតម្កើង​វណ្ណៈ​នេះ​មិន​ខាន​៕


Tag:
 ឥណ្ឌា​
  Ram Nath Kovind
© រក្សាសិទ្ធិដោយ thmeythmey.com