អន្តរជាតិ
ប៉ូលិស​ឥណ្ឌូណេស៊ី​បំបែក​គម្រោង​ក្រុម​ភេរវជន​ដែល​ប៉ង​វាយប្រហារ​វិមាន​ប្រធានាធិបតី​ចុងខែ​សីហា​
16, Aug 2017 , 8:39 pm        
រូបភាព
រូបភាព៖ GMA News
រូបភាព៖ GMA News
ដោយ:
​ជនសង្ស័យ​ប្រាំ​នាក់​ត្រូវបាន​ប៉ូលិស​ឥណ្ឌូណេស៊ី​ចាប់ខ្លួន​នៅ​អង្គារ​ទី​១៥​ខែសីហា​នៅ​រដ្ឋធានី​ហ្សា​ការ​តា​។  ប៉ូលិស​ក៏បាន​ដកហូតយក​សារធាតុ​គីមី​ដែល​ពួកគេ​ទាំងនេះ​ចង់យក​ទៅប្រើ​ប្រាស់​ដើម្បី​ផលិត​គ្រាប់បែក​វាយប្រហារ​លើ​វិមាន​ប្រធានាធិបតី​នា​ចុងខែ​សីហា​ដែរ​។​



​ប៉ូលិស​ឥណ្ឌូណេស៊ី​ចាប់ខ្លួន​ជនសង្ស័យ​ដែលជា​ក្រុម​សកម្មប្រយុទ្ធ​ប្រាំ​នាក់ និង​ដកហូតយក​សារធាតុ​គីមី​មួយចំនួន​ផង ដែល​គេ​អាច​យកទៅ​ផលិត​គ្រាប់បែក​ដើម្បី​វាយប្រហារ​វិមាន​ប្រធានាធិបតី​នៅ​ចុងខែ​សីហា​នេះ​។ ក្នុងចំណោម​ពួកគេ មាន​ជន​ពីរ​នាក់​ត្រូវបាន​គេ​ចាប់បញ្ជូន​ពី​ហុងកុង​មក​ឥណ្ឌូណេស៊ី​វិញ​ដោយ​ពាក់ព័ន្ធ​ការផ្សព្វផ្សាយ​មនោគមន៍​វិជ្ជា​ជ្រុលនិយម​។​

​ទីភ្នាក់ងារ​ព័ត៌មាន Reuters ស្រង់​សម្ដី​ប៉ូលិស​ឥណ្ឌូណេស៊ី​ថា ជនសង្ស័យ​ជា​ក្រុម​សកម្មប្រយុទ្ធ​ទាំងនេះ​រៀន​ធ្វើ​គ្រាប់បែក​តាមរយៈ​គេហទំព័រ​របស់​ជនជាតិ​ឥណ្ឌូណេស៊ី​ម្នាក់​ចូលរួម​ប្រយុទ្ធ​ជាមួយ​ក្រុម​ភេរវជន​នៅ​ស៊ី​រី​កន្លងមក​។​

​ចំណែក ប៉ូលិស​ប្រឆាំង​អំពើ​ភេរវកម្ម​ឥណ្ឌូណេស៊ី​ប្រទះឃើញ​សារធាតុ​គីមី​នៅក្នុង​ផ្ទះ​ក្រុម​ជនសង្ស័យ​នៅ​ក្រុង បាន​ឌុ​ង អំឡុងពេល​បង្ក្រាប​នោះបាន​និយាយថា ក្រុមប៉ូលិស​មានប្រតិកម្ម​ស្បែក​និង​ស្នាម​ក្រហម​នៅលើ​ស្បែក​ដោ​សារ​ឥទ្ធិពល​សារធាតុ​គីមី ពេល​ពួកគេ​ដើរចូល​ផ្ទះ​។​

​ពាក់ព័ន្ធ​ការ​បំបែក​គម្រោង​ភេរវកម្ម​នេះ អ្នកនាំពាក្យ​ប៉ូលិស​ឥណ្ឌូណេស៊ី​លោក Yusri Yunus បាន​និយាយថា​៖« នេះ​ជា​លើកដំបូង​ហើយ​ដែល​ពួកគេ​ត្រៀម​ផលិត​គ្រាប់បែក​ដោយ​ប្រើ​សារធាតុ​គីមី​នៅ​ភាគ​ខាងកើត​រដ្ឋធានី​ហ្សា​ការ​តា​។ តែ​វា​មាន​ហាង​ជាច្រើន​ដែល​បដិសេធ​លក់​សារធាតុ​គីមី​ទៅ​ឲ្យ​ក្រុម​ជនសង្ស័យ​ទាំងនោះ​»​។​

​ដោយឡែក ប៉ូលិស​ឥណ្ឌូណេស៊ី​ក៏​បារម្ភ​ដែរ​ថា ក្រុម​សកម្មប្រយុទ្ធ​ទាំងនោះ​អាចមាន​ជំនាញ និង​សមត្ថភាព​កាន់តែ​ខ្ពស់​ក្នុងការ​វាយប្រហារ​តាម​ទីសាធារណៈ បន្ទាប់ពី​ហេតុ​ការ​ណ៏​ផ្ទុះ​គ្រាប់បែក​នៅ​ស្ថានីយ៍​រថយន្តក្រុង​មួយកន្លែង​ស្ថិតនៅ​ភាគ​ខាងកើត​រដ្ឋធានី​ហ្សា​ការ​តា​ដែល​បង្ក​ឲ្យ​ប៉ូលិស​បី នាក់​ស្លាប់​នោះ​។​

​សូម​ជម្រាប​ដែរ​ថា ឥណ្ឌូណេស៊ី​ដែលជា​ប្រទេស​ដែល​សំបូរ​ទៅដោយ​ប្រជាជន​មូស្លីម​ច្រើនជាងគេ​នៅលើ​ពិភពលោក នោះ​តែង​ប្រឈមមុខ​ការវាយប្រហារ​ដោយ​អំពើ​ភេរវកម្ម​ទ្រង់ទ្រាយ​តូច​ជា​បន្តបន្ទាប់​។ ប៉ុន្តែ ការវាយប្រហារ​ភាគច្រើន​នោះ​គ្មាន​គម្រោង​ច្បាស់លាស់​ឡើយ ហើយ​វា​ក៏​មិនសូវ​ខ្លាំងក្លា​ដែរ ព្រោះ​ធម្មតា​ក្រុម​ភេរវជន​ប្រើ​អាវុធ​ដែល​ធ្វើ​ដោយ​ខ្លួនឯង​ដែល​វា​អាច​បង្ក​ឲ្យ​មានការ​ខូ​ត​ខាត​និង​ចំនួន​មនុស្ស​ស្លាប់​តិចតួច​ប៉ុណ្ណោះ​៕


Tag:
 ភេរវកម្ម​
  ឥណ្ឌូណេស៊ី​
  Yusri Yunus
© រក្សាសិទ្ធិដោយ thmeythmey.com