ជាតិ
គ្រឿងញៀន កំពុង​បង្ក​ភាពភ័យខ្លាច​ដល់​សហគម​ន៍​ជនជាតិដើម​ភាគតិច
11, Oct 2017 , 4:20 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖ ជនជាតិដើម​ភាគតិច​មកពី​ភាគ​ខាងជើង និង​ភូមិភាគ​ឦសាន​នៃ​ប្រទេស បារម្ភ​ជាខ្លាំង​ចំពោះ​គ្រឿងញៀន ដែល​បាន​ចរាចរណ៍​មកដល់​តំបន់​ពួកគេ​។ បញ្ហា​នេះ បាននិងកំពុង​ឆាឆៅ​អ្នកភូមិ ឲ្យ​រស់នៅ​ប្រកបដោយ​ភាពភ័យខ្លាច​។ យុវជន​តំបន់​ព្រៃភ្នំ ដែល​ធ្លាប់មាន​ភាពស្មោះត្រង់ និង​រស់​នៅតាម​សម្មា​ជី​វោ​បែប​ធម្មជាតិ ត្រូវបាន​ងាក​មក​ប្រើ​គ្រឿងញៀន​តាម​អ្នក​ចំណូល​ថ្មី ដែល​បាន​បង្ក​ឲ្យ​មាន​ករណី​ចោរកម្ម អំពើ​ប្លន់ និង​ករណី​ចាប់រំលោភ​សេពសន្ថវៈ​កើត​ឡើងជា​បន្តបន្ទាប់​។

 

   
​ក្នុង​សម្លៀកបំពាក់​ជា​ជនជាតិដើម​ភាគតិច​ព្នង លោក ម៉​ង វិចិត្រ ជនជាតិ​ព្នង​មក​នៅ​ខេត្តរតនគិរី បាន​ប្រាប់​សារព័ត៌មាន​ថ្មីៗ​ថា យុវជន​មួយចំនួន​នៅ​ខេត្តរតនគិរី បាននាំគ្នា​សេព​គ្រឿងញៀន ហើយ​បាន​ប្រព្រឹត្ត​អំពើ​លួច និង​ប្លន់ ដែល​ធ្វើ​ឲ្យ​អ្នកភូមិ​ភ័យខ្លាច និង​គ្មាន​សុខ​សន្តិសុខ​ផ្ទាល់ខ្លួន​។ លោក​បញ្ជាក់​ក្រោយពី​ចូលរួម​សិក្ខាសាលា​មួយ​ស្តីពី​៖ «​ការផ្សព្វផ្សាយ​វិធាន​ប្រពៃណី គោលនយោបាយ និង​ច្បាប់​ជាតិ និង​អន្តរជាតិ​ពាក់ព័ន្ធ​សិទ្ធិ​ជនជាតិដើម​ភាគតិច​»​នៅ​អាគារ​រដ្ឋសភា នៅ​ថ្ងៃទី​១១ ខែតុលា យ៉ាង​ដូច្នេះ​ថា​៖ «​នៅក្នុង​ភូមិ​ខ្ញុំ មាន​ខ្ទង់​៥​ទៅ​៦​នាក់ ដែល​ញៀន​ថ្នាំ ហើយ​ពួកគាត់​បាន​លួច ឬ​គាល់​ផ្ទះ​អ្នកភូមិ ដល់ពេល​គេ​ចាប់​ដាក់គុក ក៏​ឪពុកម្តាយ​ទៅ​លួស​(​ធានា​) មកវិញ ហើយ​ពួកគេ​មិន​ងាយ​កែប្រែ​ឡើយ​»​។

​ដូចគ្នា អ្នកស្រី ឡា​ត់ សុខ​ឯម ជនជាតិដើម​ភាគតិច​គ្រឹងនៅ​ខេត្តរតនគិរី និង​ជា​គណៈ​គ្រប់គ្រង​របស់​អង្គការ​ជនជាតិដើម​ភាគតិច​កម្ពុជា បានផ្តល់​បទ​សម្ភាស​ជូន​សារព័ត៌មាន​ថ្មីៗ ថា គ្រឿងញៀន បាន​ហូរ​ចូល​មកដល់​សហគមន៍​ជនជាតិដើម​ភាគតិច ដែលជា​ការពិបាក​ទប់​ស្កាត់​ខ្លាំងណាស់ ព្រោះ​បញ្ហា​នេះ មានតែ​សមត្ថកិច្ច​ប៉ុណ្ណោះ ដែល​អាច​ដោះស្រាយបាន​។ អ្នកស្រី​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា​៖ «​ខ្ញុំ​និយាយ​នេះ មិន​រើសអើង​បងប្អូន​ខ្មែរ​នោះទេ កាល​មុន​បងប្អូន​ខ្មែរ​ចូលមក​រស់នៅ សហគមន៍​ពួក​ខ្ញុំ​រស់នៅ​បាន​សុខ​សប្បាយ តែ​ក្រោយ​ពួកគាត់​ចូលមក គឺមាន​គ្រឿងញៀន មាន​ចោរ ឆក់ ប្លន់ ហើយ​សមត្ថកិច្ច​នៅ​ឆ្ងាយ ទម្រាំ​ជួយ​បាន វា​រត់​អស់​បាត់​»​។  



​មិនមែន​តែ​ជនជាតិដើម​ភាគតិច​នៅ​ភាគ​ឦសាន​នោះទេ ដែលមាន​គ្រឿងញៀន​អុកឡុក​នោះ នៅ​ភាគ​ខាងជើង​ប្រទេស​វិញ ពលរដ្ឋ​នៅ​ទីនោះ បាន​ឲ្យ​ដឹងថា គ្រឿងញៀន ក៏បាន​ចរាចរណ៍​ដល់​សហគម​ន៍​ជនជាតិដើម​ផងដែរ​។  លោក លូត សាំង ជនជាតិដើម​ភាគតិច​គួ​យ​សហគមន៍​ប្រមេរ​ខេត្តព្រះវិហារ ក៏បាន​អះអាងថា សហគមន៍​របស់លោក ក៏មាន​យុវជន​មួយចំនួន កំពុង​សេព​គ្រឿងញៀន និង​ប្រព្រឹត្ត​អំពើ​លួច ឆក់ ប្លន់ និង​ចាប់រំលោភ​សេពសន្ថវៈ​ផងដែរ​។
                  
​លោក​និយាយ​យ៉ាងនេះ​ថា​៖«​បើ​អ្នក​ចំណូលស្រុក ភាគច្រើន​ពួកគេ​ជក់​គ្រឿងញៀន ដើម្បី​មាន​កម្លាំង​កាប់​ឈើ និង​កុំ​ឲ្យ​ងងុល​គេង តែបើ​យុវជន​ជនជាតិដើម​គួ​យ មាន​តិចតួច​ទេ ដែល​ពួកគេ​ប្រើប្រាស់​តាម​គ្នា​។ កាលពី​មិនទាន់មាន​ប្រជាជន​ខ្មែរ​មក​រស់នៅ នៅ​ប្រជា​សហគមន៍​ទុក​កង់​ម៉ូតូ​ចោល​១​ឬ​២​យប់ ក៏​មិន​អី​ដែរ​។ តែ​៥​ឬ​៦​ឆ្នាំ​មកនេះ ទោះបី​ចាក់សោ តែ​នៅតែមាន​គេ​លួច មាន​គេ​ប្លន់ រហូត​មាន​ករណី​រំលោភ​សម្លាប់​ទៀតផង​»​។    

​ឆ្លើយតប​នឹង​សំណួរ​ក្រុម​អ្នកសារព័ត៌មាន​ទាក់ទង​នឹង​បញ្ហា​គ្រឿងញៀន លោក ប៉ុល លឹម រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ បាន​ថ្លែងថា រដ្ឋាភិបាល បានដាក់​ចេញ​នូវ​គោលនយោបាយ​ភូមិ​ឃុំ​មាន​សុ​ត្ថិ​ភាព សម្រាប់​ឲ្យ​អាជា្ញធរ​អនុវត្តន៍ ដើម្បី​រក្សា​សន្តិសុខ​ជូន​ពលរដ្ឋ​នៅ​មូលដ្ឋាន​ទូទាំងប្រទេស​។ លោក បញ្ជាក់​ដូច្នេះ​ថា​៖ «​អាជ្ញាធរ​ត្រូវខិតខំ​ផ្សព្វផ្សាយ​គោលនយោបាយ​ភូមិ​ឃុំ​មាន​សុវត្ថិភាព មាន​៩   ចំណុច ដែលជា​អនុសាសន៍​របស់​សម្តេច​តេ​ជោ​។​លោក​បាន​ដាក់ចេញ​យូរហើយ ហើយ​ក្រសួងមហាផ្ទៃ ទទួលយក​អនុសាសន៍​នេះ មក​ដាក់ចេញ​ជា​គោលនយោបាយ​ភូមិ​ឃុំ​មាន​សុវត្ថិភាព ដូចជា ចរាចរណ៍ ប្រើប្រាស់ និង​ចែកចាយ​គ្រឿងញៀន លាក់​អាវុធ ក្មេង​ទំនើង​ជាអាទិ៍ ហើយ​ដើម្បី​បន្ថយ​បាន អ្នក​ទាំងអស់គ្នា ត្រូវខិតខំ​អនុវត្តន៍​គោលនយោបាយ​នេះ ព្រមទាំង​ទំនាក់​ទង​គ្នា ដើម្បី​ដោះស្រាយ​»​។​

​ក្រៅពី​បញ្ហា​គ្រឿងញៀន ការកាប់បំផ្លាញ​ព្រៃឈើ ការរំលោភ​យក​ដីធ្លី​ពី​សំណាក់​ឈ្នួ​ញ និង​ការ​រុករាន​ដីព្រៃ​ពី​អ្នក​ចំណូលស្រុក ក៏​កំពុង​រំខាន​សុខដុមរមនា​របស់​ជ​ន​ជាតិ​ដើម​ភាព​តិច​ផងដែរ​។ នេះ​បើតាម លោក ម៉​ង វិចិត្រ​៕                       


Tag:
 ជនជាតិដើម​ភាគតិច​
 ​ គ្រឿងញៀន
© រក្សាសិទ្ធិដោយ thmeythmey.com