អន្តរជាតិ
ឌូ​ទើ​តេ ចង់​ទះកំផ្លៀង​មន្ត្រី UN ដែល​ចង់​ស៊ើបអង្កេត​សង្គ្រាម​គ្រឿងញៀន​
10, Nov 2017 , 3:56 pm        
រូបភាព
លោក រ៉ូឌ្រីហ្គោ ឌូទើតេ ចង់ទះកំផ្លៀងមន្រ្តីអង្គការសហប្រជាជាតិ Agnes Callamard)
លោក រ៉ូឌ្រីហ្គោ ឌូទើតេ ចង់ទះកំផ្លៀងមន្រ្តីអង្គការសហប្រជាជាតិ Agnes Callamard)
​ប្រធានាធិបតី​ហ្វីលីពីន រ៉ូ​ឌ្រី​ហ្គោ ឌូ​ទើ​តេ បានបង្ហាញ​ការខឹង​សម្បារ​យ៉ាងខ្លាំង​ចំពោះ​អ្នករាយការណ៍​ពិសេស​អង្គការសហប្រជាជាតិ Agnes Callamard  ដែល​ចង់​ស៊ើបអង្កេត​ករណី​យុទ្ធនាការ​បោសសម្អាត​គ្រឿងញៀន​។ ជាមួយនឹង​ការប្រើប្រាស់​ពាក្យសម្ដី​អសុរ​ស​ជាច្រើន លោក ឌូ​ទើ​តេ ក៏​គំរាម​ទះកំផ្លៀង​លោកស្រី Callamard ទៅទៀត ដោយសារ​លោកស្រី​មិន​ជឿថា ថ្នាំញៀន​ប៉ះពាល់​ដល់​សុខភាព​មនុស្ស​ឡើយ​។​



​ជាថ្មី​ម្ដងទៀត ប្រធានាធិបតី​មាត់ឆៅ រ៉ូ​ឌ្រី​ហ្គោ ឌូ​ទើ​តេ បាន​ប្រើប្រាស់​សម្ដី​វាយប្រហារ​លោកស្រី Agnes Callamard អ្នករាយការណ៍​ពិសេស​អង្គការសហប្រជាជាតិ​ពី​បញ្ហា​សិទ្ធិមនុស្ស​នៅ​ហ្វីលីពីន​។ លោក ឌូ​ទើ​តេ ធ្លាប់​រិះគន់​លោកស្រី Callamard កប់ៗ​មាត់​នាពេល​កន្លងមក ព្រោះ​ចង់​ស៊ើបអង្កេត​ការសម្លាប់​មនុស្ស​ក្រៅ​ប្រព័ន្ធតុលាការ​ក្នុង​សង្គ្រាម​គ្រឿងញៀន ប៉ុន្តែ​លើក​នេះ ប្រធានាធិបតី​ហ្វីលីពីន​ទំនងជា​ខឹង​ខ្លាំង​ស្ត្រី​អ្នករាយការណ៍​រូបនេះ​ខ្លាំង​ដល់​ថ្នាក់​គំរាម​ទះកំផ្លៀង​ទៀតផង បើសិន​ជួបគ្នា​ទល់មុខ​។

​ចំពោះមុខ​ប្រជាជន​ហ្វីលីពីន​ដែល​ធ្វើការ​នៅ​វៀតណាម​នៅ​ថ្ងៃទី​៩ ខែវិច្ឆិកា លោក ឌូ​ទើ​តេ និយាយ​ខ្លាំង​ថា លោក​នឹង​ទះកំផ្លៀង​លោកស្រី Callamard ព្រោះ​លោកស្រី​មាក់ងាយ​រូបលោក និង​មិន​ជឿ​ការស្រាវជ្រាវ​របស់​ស្ថាប័ន​លោកស្រី​ជុំវិញ​ឥទ្ធិពល​នៃ​ថ្នាំញៀន​។ នេះ​បើតាម​ការផ្សាយ​របស់​សារព័ត៌មាន Rappler ។​

​ការផ្ទុះ​កំហឹង​របស់​ប្រធានាធិបតី​ហ្វីលីពីន​កើតឡើង បន្ទាប់ពី​លោកស្រី Callamard នាំ​អ្នកជំនាញ​អាមេរិក​ម្នាក់​ឈ្មោះ Carl Hart ដែល​អះអាងថា គ្រឿងញៀន​ប្រភេទ Shabu មិន​បង្ក​គ្រោះថ្នាក់ ចូល​ទឹកដី​ហ្វីលីពីន​។ មន្ត្រី​អង្គការសហប្រជាជាតិ​រូបនេះ​បាន​ចែករំលែក​សម្ដី​នេះ​លើ​បណ្ដាញ​សង្គម Twitter របស់លោក​ស្រី ដែល​ធ្វើ​ឲ្យ​លោក ឌូ​ទើ​តេ យល់ថា លោកស្រី​យល់ស្រប​ទៅនឹង​សម្ដី​អ្នកជំនាញ​រូបនេះ​។​

​ប្រធានាធិបតី​ហ្វី​លី​ពី​បាន​រំឭក​ពី​ការសិក្សា​មួយ​ស្ដីពី​គ្រោះថ្នាក់​នៃ​គ្រឿងញៀន​កាលពី​ឆ្នាំ​២០១៤ ដែល​បង្ហាញ​ច្បាស់​ថា Shabu មាន​គ្រោះថ្នាក់​ដល់​អ្នកប្រើប្រាស់​។ ដោយសារ​បញ្ហា​នេះ លោក ឌូ​ទើ​តេ ក៏​ដាក់​ការសង្ស័យថា ការស៊ើបអង្កេត​របស់​លោកស្រី Callamard លើ​សំណុំរឿង​សម្លាប់​មនុស្ស​នៅ​ហ្វីលីពីន នឹង​មិនអាច​ទុកចិត្ត​បានទេ ដ្បិត​លោកស្រី​ផ្ទាល់​មិន​ជឿ​របាយការណ៍​ដែល​បង្កើត​ដោយ​អង្គការសហប្រជាជាតិ​ផង​នោះ​។​

​មកទល់ពេលនេះ យុទ្ធនាការ​បោសសម្អាត​គ្រឿងញៀន​នេះ​មិនទាន់​ចប់​នៅឡើយ​ទេ ទោះជា​ប្រតិបត្តិការ​របស់​ប៉ូលិស​បាន​ថមថយ​ខ្លះ​ក្ដី​។ មនុស្ស​រាប់ពាន់នាក់​បាន​ស្លាប់​ក្នុង​យុទ្ធនាការ​នេះ ហើយ​នេះ​ជា​មូល​ហេតុដែល​ធ្វើ​ឲ្យ​រដ្ឋាភិបាល​លោក ឌូ​ទើ​តេ រង​ការរិះគន់​យ៉ាង​ចាស់​មាត់​ពី​សំណាក់​អ្នកនយោបាយ​ក្នុង​ស្រុង និង​នៅលើ​ឆាក​អន្តរជាតិ ហើយ​លោកស្រី Callamard ក៏​ចង់​ស៊ើបអង្កេត​ថែមទៀត​នោះ​៕


Tag:
 ហ្វីលីពីន​
  UN
  រ៉ូ​ឌ្រី​ហ្គោ ឌូ​ទើ​តេ
© រក្សាសិទ្ធិដោយ thmeythmey.com