អន្តរជាតិ
សភា​អ៊ូ​ហ្ក​ង់​ដា​ត្រៀម​កែ​មាត្រា​ដែល​កំណត់​អាយុ​ប្រធានាធិបតី​ត្រឹម​៧៥​ឆ្នាំ​
19, Dec 2017 , 9:19 pm        
រូបភាព
ដោយ: ថ្មីៗ
​សភា​អ៊ូ​ហ្ក​ង់​ដា​នៅ​ថ្ងៃ​ចន្ទ​ទី ១៨ ខែធ្នូ​បានសម្រេច​បើក​កិច្ចប្រជុំ​ពិភាក្សា​ដេញដោល​គ្នា​លើ​សេចក្តីព្រាងច្បាប់​ដ៏​ចម្រូងចម្រាស​មួយ​ដែលមាន​គោលដៅ​លុបចោល​មាត្រា​ដែល​កំណត់​អាយុ​ប្រធានាធិបតី​ត្រឹម ៧៥​ឆ្នាំ​នោះ​។  ច្បាប់​នេះ​គោលដៅ​ត្រួស​ត្រាយផ្លូវ​ឲ្យ​ប្រធានាធិបតី​បច្ចុប្បន្ន​ដែលមាន​វ័យ ៧៣ អាច​ឈរឈ្មោះ​បាន​ទៀត​នៅ​ឆ្នាំ ២០២១​ខាងមុខ​។



​អ៊ូ​ហ្ក​ង់​ដា​ប្រហែលជា​នឹងមាន​ប្រធានាធិបតី​អាយុ​លើសពី​៧៥​ឆ្នាំ នៅពេល​ខាងមុខ ខណៈដែល​សភា​បើក​អង្គប្រជុំ​ដើម្បី​ជជែក​ដេញដោល​គ្នា​ពាក់ព័ន្ធ​សេចក្តីព្រាងច្បាប់​វិសោធនកម្ម​លុបចោល​មាត្រា​ក្នុង​រដ្ឋធម្មនុញ្ញ​ដែល​កំណត់​អាយុ​ប្រធានាធិបតី​ត្រឹម ៧៥​ឆ្នាំ​នោះ​។

​បើតាម​ទីភ្នាក់ងារ​ព័ត៌មាន AFP ប្រធាន​គណៈកម្មាធិការ​នីតិកម្ម​និង​កិច្ចការ​សភា Jacob Oboth Oboth បានរៀបចំ​របាយការណ៍​ក្រោយពេល​រៀបចំ​ការស្រាវជ្រាវ​ពាក់ព័ន្ធ​ការស្នើសុំ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​បច្ចុប្បន្ន​។ ពាក់ព័ន្ធ​បញ្ហា​នេះ គណបក្សប្រឆាំង​អ៊ូ​ហ្ក​ង់​ដា​បាន​ចោទប្រកាន់ថា ការត្រៀម​កែ​រដ្ឋធម្មនុញ្ញ​នេះ​ជាការ​ជួយ​ត្រួសត្រាយ​ផ្លូវ​សម្រាប់​ប្រធានាធិបតី Yoweri Museveni ឲ្យ​បាន​កាន់តំណែង​បន្តទៀត​ប៉ុណ្ណោះ​។​

​សមាជិកសភា​នឹង​ជជែក​ដេញដោល និង​បញ្ចប់​ការបោះឆ្នោត​អនុវត្ត​ច្បាប់​នេះ​ឲ្យ​បាន​មុនពេល​ថ្ងៃ​ឈប់សម្រាក​មកដល់​ចុង​សប្តាហ៍​នេះ​។
«​គេ​រំពឹងថា យើង​ជជែក​ពិភាក្សា​នៅ​ថ្ងៃ​ចន្ទ និង​ថ្ងៃ​អង្គារ​។ យើង​ត្រូវ​យោគយល់​គ្នា​ក្នុងពេល​ជជែក​ដេញដោល ហើយ​ចុងក្រោយ​សមាជិក​ទាំងអស់​នឹង​បោះឆ្នោត​សម្រេច​ថា​ត្រូវ​គាំទ្រ ឬ​ការប្រឆាំង​នោះ​»​។ នេះ​ជាស​ម្តី​របស់លោក Jacob Oboth Oboth​។

​បើសិនជា​ច្បាប់​នេះ​ត្រូវ​បានអនុម័ត​ជា​ផ្លូវការ​មែន​នោះ ច្បាប់​នេះ​នឹង​អនុញ្ញាត​ឲ្យ​លោក Museveni ដែល​បច្ចុប្បន្ន​មាន​អាយុ ៧៣​ឆ្នាំ​អាច​ឈរឈ្មោះ​បាន​ទៀត​នៅ​ឆ្នាំ ២០២១​នៅពេលដែល​លោក​មាន​វ័យ​លើស ៧៥​ឆ្នាំ​នោះ​។​

​គេ​សង្កេតឃើញ​មានការ​ពង្រាយ​កងទ័ព និង​កម្លាំង​ប៉ូលិស​ជាច្រើន​សន្ធឹកសន្ធាប់​នៅ​ជុំវិញ​រដ្ឋធានី Kampala និង​នៅ​ក្រុង​ធំៗ​ជាច្រើន​ទៀត​ដើម្បី​ការពារ​ក្រែង​មាន​អំពើហិង្សា​កើតឡើង​នៅ​មុនពេល​ការជជែក​ដេញដោល​ក្នុង​សភា​នេះ​ចាប់ផ្តើម​ឡើង​ដែរ​។​រដ្ឋាភិបាល​បាន​ហាមប្រាម​គណបក្សប្រឆាំង និង​ប្រជាជន​ធ្វើបាតុកម្ម​ដែលមាន​គោលដៅ​ទប់ស្កាត់​ឬ​រំខាន​ដល់​ការជជែក​ដេញដោល និង​អនុម័ត​ច្បាប់​នេះ​ផងដែរ​។​

​សូមបញ្ជាក់ថា កាលពី​ខែកញ្ញា វា​ក៏​មានការ​វាយតប់​គ្នា​កើតឡើង​ដែរ​នៅក្នុង​សភា​រវាង​សមាជិក​បក្ស​កាន់អំណាច និង​គណបក្សប្រឆាំង​នៅពេលដែល​ញ្ញត្តិ​គាំទ្រ​ឲ្យ​មាន​ការដក​អាយុ​កំណត់​សម្រាប់​ប្រធានាធិបតី​ត្រូវបាន​គេ​ដាក់​ក្នុង​របៀបវារៈ​នៃ​កិច្ចប្រជុំសភា​៕


Tag:
 អ៊ូ​ហ្ក​ង់​ដា​
  រដ្ឋធម្មនុញ្ញ​
  Yoweri Museveni
© រក្សាសិទ្ធិដោយ thmeythmey.com